អ្នកបោះបង់កូនចោល ប្រឈមជាប់ពន្ធនាគារដល់៥ឆ្នាំ និងពិន័យ១០លានរៀល
អុន សម្ផស្ស
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមានថា ការបោះបង់ទារក ឬកុមារ មិនមែនជាបញ្ហាសង្គមតែប៉ុណ្ណោះទេ ប៉ុន្តែអាចជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវទទួលខុសត្រូវតាមច្បាប់។ ការព្រមាននេះធ្វើឡើង ខណៈក្រសួងកត់សម្គាល់ឃើញថា ថ្មីៗនេះ មានឪពុកម្តាយ ឬអ្នកអាណាព្យាបាលមួយចំនួនតូច បានបោះបង់ទារក និងកុមារនៅតាមមន្ទីរពេទ្យ ឬទីសាធារណៈ ហើយករណីមួយចំនួនត្រូវបានចែករំលែកតាមបណ្តាញសង្គម...។

រូបភាពអាជ្ញាធរកម្ពុជាជួយសង្គ្រោះទារកត្រូវគេបោះបង់ចោល។
រូបភាពអាជ្ញាធរកម្ពុជាជួយសង្គ្រោះទារកត្រូវគេបោះបង់ចោល។

តាមរយៈសេចក្តីណែនាំ ស្តីពីកិច្ចការពារ និងអន្តរាគមន៍ចំពោះទារក និងកុមារដែលត្រូវគេបោះបង់ចោលចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រសួងបានរំលឹកឱ្យអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ អនុវត្តតាមនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ «ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារ» និងប្រកាសអន្តរក្រសួងស្តីពីការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំ ស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ។ ជាមួយគ្នា ក្រសួងអំពាវនាវដល់ឪពុកម្តាយ អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ ឱ្យចូលរួមចិញ្ចឹមបីបាច់ ថែរក្សា និងការពារទារក និងកុមារ ដើម្បីឱ្យពួកគេធំលូតលាស់ក្នុងបរិយាកាសគ្រួសារ ដែលមានក្ដីស្រឡាញ់ និងភាពកក់ក្ដៅ។

ក្រសួងពន្យល់ថា ក្នុងករណីគ្រួសារមានការលំបាក ឬបញ្ហាក្នុងការចិញ្ចឹមបីបាច់ថែទាំកុមារ ក្រសួងលើកទឹកចិត្តឱ្យឪពុកម្តាយ ឬអ្នកអាណាព្យាបាល ទាក់ទងអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ដើម្បីទទួលបានការគាំទ្រ និងសេវាសង្គមសមស្របពីស្ថាប័នរដ្ឋ និងអង្គការដៃគូ ជំនួសឱ្យការមិនអើពើ ឬបោះបង់កុមារ។ ផ្ទុយមកវិញ បើបុគ្គលដែលមានអំណាចថែរក្សា ហើយបោះបង់អនីតិជនអាយុក្រោម១៥ឆ្នាំ ប្រសិនបើការបោះបង់នោះបណ្ដាលឱ្យអន្តរាយដល់សុខភាព ឬសន្តិសុខរបស់អនីតិជន អាចត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ដល់១០លានរៀល នេះបើយោងតាមមាត្រា៣២១ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនេះមាត្រា៣៣០ ក៏កំណត់ទោសចំពោះអ្នកដែលញុះញង់ដោយផ្ទាល់ដល់ឪពុកម្តាយ ឱ្យបោះបង់ទារកដែលកើតមកហើយ ឬដែលនឹងកើត ក្នុងគោលបំណងចង់បានកម្រៃ។ អ្នកប្រព្រឹត្តអាចត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ដល់៦ខែ និងពិន័យពី១០ម៉ឺនរៀល ដល់១លានរៀល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត