ស្ថាប័នជំនាញប្រាប់ឱ្យដាក់ពាក្យបណ្ដឹង បើប្រតិបត្តិករណាមិនអើពើដោះស្រាយបញ្ហាអ៊ីនធឺណេតជូនអ្នកប្រើប្រាស់
S
Soriya Sou
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា ហៅកាត់ ន.ទ.ក. បានប្រកាសប្រាប់សាធារណជនដែលជាអ្នកប្រើប្រាស់សេវាអ៊ីនធឺណេត សូមរាយការណ៍ ឬដាក់ពាក្យប្ដឹងមក ន.ទ.ក. បើសិនមានបញ្ហាពាក់ព័ន្ធនឹងគុណភាពសេវា ការរអាក់រអួល ។ល។ ហើយប្រតិបត្តិករ ដែលផ្ដល់សេវាមិនអើពើដោះស្រាយ…។

ការជូនដំណឹងរបស់ ន.ទ.ក. នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីអ្នកប្រើប្រាស់ពាក់ព័ន្ធនឹងបញ្ហាគុណភាពសេវា ការរអាក់រអួល ការកាត់ផ្តាច់សេវា និងការយឺតយ៉ាវក្នុងការដោះស្រាយបញ្ហាពីសំណាក់ប្រតិបត្តិករទូរគមនាគមន៍ ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់អ្នកប្រើប្រាស់ ខណៈកន្លងមក ន.ទ.ក. តែងតែជំរុញឱ្យប្រតិបត្តិករពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវា ព្រមទាំងពង្រឹងយន្តការទទួល និងដោះស្រាយបញ្ហាពាក្យបណ្តឹងរបស់អ្នកប្រើប្រាស់ឱ្យបានឆាប់រហ័ស។ ជាថ្មីម្ដងទៀត ន.ទ.ក. បានប្រកាសប្រាប់សាធារណជន ក្នុងករណីមានបញ្ហាពាក់ព័ន្ធនឹងគុណភាពសេវា ការរអាក់រអួល ឬការកាត់ផ្តាច់សេវា បញ្ហាឧបករណ៍ ឬបញ្ហាផ្សេងទៀតពាក់ព័ន្ធនឹងការប្រើប្រាស់សេវាអ៊ីនធឺណិត ជាជំហានដំបូង សូមទាក់ទងទៅប្រតិបត្តិករទូរគមនាគមន៍ ដែលខ្លួនកំពុងប្រើប្រាស់សេវាសិន។

ប៉ុន្តែបើទាក់ទងទៅហើយ ប្រតិបត្តិករទូរគមនាគមន៍មិនបានដោះស្រាយបញ្ហា ឬអ្នកប្រើប្រាស់មិនពេញចិត្តនឹងលទ្ធផលនៃការដោះស្រាយ អ្នកប្រើប្រាស់អាចរាយការណ៍ឬដាក់ពាក្យបណ្តឹងជាផ្លូវការមក ន.ទ.ក. តាមរយៈលេខទូរសព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីពិនិត្យ និងចាត់វិធានការស្របតាមសមត្ថកិច្ច និងនីតិវិធីជាធរមាន។ ន.ទ.ក. ប្ដេជ្ញាតាមដាន និងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ចំពោះប្រតិបត្តិករទូរគមនាគមន៍ណា ដែលមានចេតនាគេចវេះ ឬមិនសហការក្នុងការដោះស្រាយបញ្ហារបស់អ្នកប្រើប្រាស់ ដោយគ្មានការរើសអើង និងពុំមានការលើកលែងឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត