
ព្រំដែន៖ ជារបស់កម្ពុជា ថៃធ្វើដូចជារបស់ខ្លួនឯង! យោធាថៃ បានដាក់ផែនការយ៉ាងច្បាស់លាស កំណត់ត្រឹមដើមឆ្នាំ២០២៧ខាងមុខ យ៉ាងខ្លីនេះ នឹងបង្កើតហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់បណ្តាញអគ្គិសនីឱ្យរួចរាល់ទាំងស្រុងនៅតំបន់ប្រាសាទតាក្របី និងតំបន់ភ្នំ៣៥០ ដែលស្ថិតដែនអធិបតេយ្យកម្ពុជា។ យោធាថៃ បានប្រកាសផែនការនេះ ហើយត្រូវបានចុះផ្សាយដោយកាសែតខាវសត។

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ លោក ប្រាផាស សនចៃឌី (ประภาส สอนใจดี) យោធាជាន់ខ្ពស់ពាក់ផ្កាយ៤ និងជាជំនួយការរបស់អគ្គមេបញ្ជាការថៃ រួមជាមួយមន្រ្តីពាក់ព័ន្ធផ្សេងទៀត បានចុះទៅពិនិត្យមើលស្ថានការណ៍នៅប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងភ្នំ៣៥០។ លោក ប្រាផាស និយាយថា គោលនយោបាយរបស់រាជរដ្ឋាភិបាលថៃ គឺពង្រីកបណ្តាញអគ្គិសនីទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៥០ ដើម្បីឱ្យតំបន់ជួរមុខតាមព្រំដែន មានភ្លើងបំភ្លឺ និងសម្រាប់ប្រើប្រាស់។

មន្រ្តីយោធារូបនេះ បន្តថា ការតភ្ជាប់អគ្គិសនី និងការរៀបចំប្រព័ន្ធគាំទ្រសំខាន់ៗផ្សេងទៀត នៅតំបន់តាមព្រំដែន គឺជាជួយពង្រឹងដល់កិច្ចសហប្រតិបត្តិការយោធា និងគុណភាពជីវិតយោធា ដែលឈរជើងនៅតាមព្រំដែន។ គួរដឹងថា ទង្វើឈ្លានពានថៃមិនមែនតែប៉ុណ្ណឹងឡើយ។ យោធាថៃ បានចូលកាន់កាប់តំបន់ជាច្រើនរបស់កម្ពុជា នៅតាមព្រំដែន ហើយបានស្រាស់បន្លាលួស ដាក់ទូកុងតឺនឺ ដោតទង់ជាតិខ្លួន ធ្វើផ្លូវ និងជីកលេណដ្ឋាន ជាដើម នៅតាមតំបន់ទាំងនោះ។ កម្ពុជា ប្រកាសតវ៉ាជាញឹកញាប់ និងសឹងតែរាប់ភ្លេចតែហើយ យោធាថៃ គ្មានការខ្មាសអៀនសូម្បីបន្តិច ដោយបន្តធ្វើសកម្មភាពជាដដែល និងកាន់តែខ្លាំងឡើងៗ មិនព្រមឈប់នោះទេ៕



