ចក្រភពព្រីតថេន នាំនាវាល្បាតចូលចតនៅសមុទ្ទរាម៨ថ្ងៃ ត្រៀមហ្វឹកហ្វឺនរួមជាមួយកងទ័ពជើងទឹកកម្ពុជា
អុន សម្ផស្ស
មួយម៉ោងមុន

ក្រុងព្រះសីហនុ៖ នាវាល្បាតសមុទ្ទដែលមានសមត្ថភាពយោធា ប៉ុន្តែមិនមែនជានាវាពិឃាត ឬនាវាចម្បាំងធុនធ្ងន់ HMS Tamar (P233) របស់កងទ័ពជើងទឹកព្រីតថេន ឬគេធ្លាប់ហៅថា ចក្រភពអង់គ្លេស បានចូលចតនៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ទរាម នៅថ្ងៃទី២០សីហា សម្រាប់ដំណើរទស្សនកិច្ចនៅកម្ពុជា រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។ តើ​ទស្សនកិច្ចរបស់កងទ័ពជើងទឹកព្រីតថេន មកកាន់កម្ពុជាលើកទី៣នេះនឹងបង្ហាញសមត្ថភាពអ្វីខ្លះ..?

កម្ពុជា-ព្រីតថេន (នាវា HMS Tamar(P233)
កម្ពុជា-ព្រីតថេន (នាវា HMS Tamar(P233)

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការស្ថានទូតព្រីនថេនប្រចាំកម្ពុជា ប្រកាសថា ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា នាវា HMS Tamar នឹងធ្វើសកម្មភាពហ្វឹកហ្វឺនរួមជាមួយកងទ័ពជើងទឹកកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងការផ្លាស់ប្ដូរជំនាញរវាងកម្ពុជា និងចក្រភពព្រីតថេន ព្រមទាំងគាំទ្រកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្ទនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ មេបញ្ជាការរងមូលដ្ឋានកងទ័ពជើងទឹកសមុទ្ទរាម លោកឧត្តមនាវីត្រី អ៊ិន សុខេមរា ព្រមទាំងនាយនាវីជាច្រើនរូប អញ្ជើញទទួលស្វាគមន៍ នាវា HMS Tamar ដែលដឹកនាំដោយលោកវរនាវីទោ ថម លីនដ៏សី អអិន (Tom Lindsey RN) មេបញ្ជាការនាវា។

កម្ពុជា-ព្រីតថេន
កម្ពុជា-ព្រីតថេន

សម្រាប់កងទ័ពជើងទឹកចក្រភពព្រីតថេន មកទស្សនកិច្ចនៅកម្ពុជាលើកនេះ គឺជាលើកទី៣ហើយ ចាប់តាំងពីឆ្នាំ២០២៣មក ខណៈដំណើរមកដល់នៃនាវា HMS Tamar (P233) ទម្ងន់ផ្ទុកប្រមាណ២០០០តោន ល្បឿនប្រមាន៤៤គីឡូម៉ែត្រក្នុង១ម៉ោង។ បន្ទប់ពីការចូលចតរបស់នាវា HMS Spey កាលពីឆ្នាំ២០២៣ និងឆ្នាំ២០២៤។ ទស្សនកិច្ចរបស់កងទ័ពជើងទឹកចក្រភពព្រីតថេន មកកាន់កម្ពុជាលើកទី៣ កាន់តែបង្ហាញពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ និងសន្តិសុខដែនសមុទ្ទនៅក្នុងតំបន់។  

នាវា HMS Tamar(P233)
នាវា HMS Tamar(P233)

ជាការកត់សម្គាល់ ក្រៅពីការមកដល់របស់កងទ័ពជើងទឹកចក្រភពព្រីតថេន នាពេលនេះ អនុរដ្ឋលេខាធិការក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក លោក ចន នូ (John Noh) និងជំនួយការរងរដ្ឋលេខាធិការក្រសួងសង្គ្រាម លោក រ៉ាហ្វាអែល ឡេអូណាដូ (Rafael Leonardo) ក្នុងដំណើរទស្សនកិច្ចនៅមូលដ្ឋានជើងទឹករាមថ្មីៗនេះ ក៏បានប្រកាសដោយរំពឹងថា នឹងមានដំណើរទស្សនកិច្ចនាវាចម្បាំងសហរដ្ឋអាម៉េរិក មកកាន់ប្រទេសកម្ពុជា ដើម្បីបង្កើនទំនុកចិត្ត ក៏ដូចជាលើកកម្ពស់សន្តិសុខក្នុងតំបន់៕

អាម៉េរិក-កម្ពុជា
អាម៉េរិក-កម្ពុជា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត