ក្រោយផ្អាកជិត១ទសវត្សរ៍! កម្ពុជា-អាម៉េរិក ត្រៀមបើកសមយុទ្ធ«ឆ្មាំអង្គរ»ឡើងវិញ
ហៀប ស៊ីថេត
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្ពុជា និងសហរដ្ឋអាម៉េរិក នឹងចាប់ផ្តើមសមយុទ្ធយោធារួមគ្នាឡើងវិញនៅឆ្នាំ២០២៧ បន្ទាប់ពីបានផ្អាកអស់រយៈពេលជិត១០ឆ្នាំ។ នេះបើតាមការប្រកាសក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​ និងលោក អ៊ែលប្រ៊ីដ អ៊ែនឌ្រូ ខូលប៊ី (Elbridge A. Colby) អនុរដ្ឋមន្រ្តីក្រសួងសង្គ្រាមអាម៉េរិក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា ហើយត្រូវបានចុះផ្សាយដោយកាសែត CNA។

ទំព័រហ្វេសប៊ុកសម្តេចធិបតី សរសេរថា ការចាប់ផ្តើមសមយុទ្ធឆ្មាំអង្គរ (Angkor Sentinel) ឡើងវិញ នឹងក្លាយជាស្ពានសម្រាប់កសាងមិត្តភាពជិតស្និទ្ធរវាងកងទ័ពនៃប្រទេសទាំង២។ សម្តេចក៏បានស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមានក្នុងទំនាក់ទំនងកម្ពុជា-អាម៉េរិក រួមទាំងក្នុងវិស័យការពារជាតិ។ សូមជម្រាបថា សហរដ្ឋអាម៉េរិក និងកម្ពុជា ធ្លាប់បានធ្វើសមយុទ្ធយោធារួមគ្នាអស់រយៈពេល៧ឆ្នាំ មុនពេលភាគីទាំង២ សម្រេចផ្អាកតាំងពីឆ្នាំ២០១៧មក។ 

  សមយុទ្ធឆ្មាំអង្គរ Angkor Sentinel នាពេលកន្លងមក 
  សមយុទ្ធឆ្មាំអង្គរ Angkor Sentinel នាពេលកន្លងមក 

ក្រឡេកមកមើលការធ្វើសមយុទ្ធរវាងកម្ពុជា-ចិនវិញ! ប្រទេសទាំង២ បានធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមិនធ្លាប់មានកាលពីឆ្នាំ២០២៥ ដោយមានការប្រើប្រាស់សម្ភារៈយោធាទំនើបៗ រួមមានកាំភ្លើងធំ នាវាចម្បាំង និងសត្វឆ្កែរ៉ូបូត ជាដើម។ នៅអាស៊ីអាគ្នេយ៍ កម្ពុជាគឺជាសម្ព័ន្ធមិត្តដែកថែបដ៏ជិតស្និទ្ធមួយរបស់រដ្ឋធានីប៉េកាំង ហើយបានទទួលការវិនិយោគរាប់ពាន់លានដុល្លារពីប្រទេសចិន។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋធានីវ៉ាស៊ីនតោនបានបង្ហាញក្ដីបារម្ភអំពីការជួសជុល និងអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម ដែលស្ថិតនៅឆ្នេរសមុទ្ទភាគខាងត្បូងកម្ពុជា។ ទោះជាយ៉ាងណា មេដឹកនាំកម្ពុជាបានច្រានចោលថា មូលដ្ឋានរាមមិនត្រូវបានរៀបចំឡើងសម្រាប់ប្រើប្រាស់ដោយមហាអំណាចបរទេសណាមួយនោះទេ។ ជាក់ស្តែង កាលពីខែមករា ឆ្នាំ២០២៦ នាវាចម្បាំងអាម៉េរិកមួយគ្រឿងក៏បានចូលចតនៅមូលដ្ឋាននេះផងដែរ៕

  សមយុទ្ធ«នាគមាស (Golden Dragon)»  
  សមយុទ្ធ«នាគមាស (Golden Dragon)»  
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត