
បទបរិយាយ៖ ការស្វែងរកយុទ្ធោបករណ៍ពង្រឹងសមត្ថភាពយោធា និងខឿនការពារជាតិ គឺជាអាទិភាពយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការកសាងកំពែងសន្តិសុខជាតិ និងកិច្ចការពារដែនសីមា។ ក្នុងបរិបទដែលពិភពលោកកំពុងជួបភាពរង្គោះរង្គើ និងបាត់បង់សណ្តាប់ធ្នាប់ ការធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មវិស័យការពារជាតិ ជារឿងចាំបាច់បំផុត សម្រាប់កម្ពុជាការពារខ្លួនពីក្រញ៉ាំចោរឈ្លានពានទឹកដីតជំនាន់។ BM-21 Grad ទំហំ១២២មិល្លីម៉ែត្រ ជាអាវុធយុទ្ធសាស្ត្ររបស់កម្ពុជា ដែលបានប្រើទប់ស្កាត់ចោរខ្មាំងឈ្លានពានទឹកដី៣លើកធំៗ រួចមកហើយនាពេលកន្លងមក។ អាវុធមួយប្រភេទនេះ ជាតួឯកដ៏មានឥទ្ធិពលដែលកងកម្លាំងកាំភ្លើងធំកម្ពុជាមិនអាចខ្វះបាន ក្នុងសង្គ្រាមជាមួយយោធាថៃឈ្លានពាន។ ទោះជាយ៉ាងណា បច្ចេកវិទ្យាសង្គ្រាម មានការប្រែប្រួល សព្វាវុធមានការអភិវឌ្ឍកាន់តែទំនើប សាហាវ និងគ្រោះថ្នាក់ ដូច្នេះ កម្ពុជាមិនគួររំពឹងតែលើហនុមានរំលងភ្នំ BM-21 Grad តែមួយមុខបានឡើយ។ ថ្ងៃនេះ SBM News សូមលើកយកប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត៤ប្រភេទ ដែលអាចពួតដៃជាស្តេចហនុមានរំលងភ្នំ ផ្តុំគ្នាកម្ចាត់សត្រូវទិសខាងលិច...។

បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវ និងវិភាគលើប្រព័ន្ធបាញ់រ៉ុក្កែត SBM News សូមចម្រាញ់យកប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត៤ប្រភេទ ដែលសក្តិសមបំផុតសម្រាប់កម្ពុជា ក្នុងការពិចារណាបញ្ជាទិញ នោះគឺ ទី១.ព្យុះព្រិលទឹកកក Tornado-G របស់រុស្ស៊ី៖ Tornado-G គឺជាប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតទំហំ១២២មិល្លីម៉ែត្រ ដែលប្រសូត្រចេញពីការធ្វើទំនើបកម្មនៃហនុមានរំលងភ្នំ BM-21 Grad ដ៏ល្បីល្បាញរបស់រុស្ស៊ី ដែលកម្ពុជាកំពុងប្រើប្រាស់សព្វថ្ងៃ។ វាត្រូវបានប្រលែងចូលទៅក្នុងសមរភូមិសង្គ្រាមជាក់ស្តែង តាំងពីឆ្នាំ២០១១មក។ ប្រព័ន្ធនេះ មានប្រសិទ្ធភាពខ្ពស់ជាងជំនាន់មុន (BM-21 Grad) រហូតដល់៣ដង។ ខ្លាំងជាងក៏ព្រោះតែ BM-21 Grad ត្រូវការកម្លាំងទ័ព៦នាក់ ប៉ុន្តែប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត Tornado-G ត្រូវការត្រឹមតែមនុស្ស៣នាក់ប៉ុណ្ណោះ គឺគ្រប់គ្រាន់ហើយ។

វាត្រូវបានបំពាក់នូវប្រព័ន្ធតម្រង់ទិស NAP SNS និងប្រព័ន្ធបញ្ជាការបាញ់ ASUNO ដែលអនុញ្ញាតឱ្យវាព្រួសគ្រាប់រ៉ុក្កែតជំនាន់ថ្មី ទៅកម្ទេចគោលដៅសត្រូវនៅចម្ងាយរហូតដល់៤០គីឡូម៉ែត្រ។ សម្រាប់ត្រកូល Tornado មានម៉ូដែលច្រើនសម្រាប់ជ្រើសរើសដូចជា៖ 9P138 Grad-1, BM-21V Grad-V, 9A51 Prima, 9K132 Grad-P, BM-21PD Damba, និង A-215 Grad-M។ សូមជម្រាបថា ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត Tornado-G មួយគ្រឿង បូករួមទាំងរថយន្ត និងប្រព័ន្ធបញ្ជា ASUNO មានតម្លៃប្រហែល២,៥ ទៅ៣,៥លានដុល្លារអាម៉េរិក។ ជាមួយសមត្ថភាពខ្ពស់ និងតម្លៃសមរម្យបែបនេះ វាជាជម្រើសដ៏សក្តិសមបំផុតសម្រាប់កងទ័ពកម្ពុជាប្រើប្រាស់ ក្នុងការជំនួស ឬបន្ថែមពីលើស្តេចហនុមានរំលងភ្នំ BM-21 Grad ដែលមានស្រាប់។

ជម្រើសដ៏សក្តិសមទី២ គឺ បិសាចជញ្ជក់ឈាម RM70 Vampir របស់សារណរដ្ឋឆែក៖ វាត្រូវបានបំពាក់នៅលើរថយន្តយោធា Tatra កង់៨ មានទម្ងន់២៥៨៩០គីឡូក្រាម និងមានបំពង់បាញ់ចំនួន៤០បំពង់។ វាអាចខ្ជាក់គ្រាប់ម្តងបានចម្ងាយរហូតដល់២០,៣គីឡូម៉ែត្រ គ្រាប់របស់វាហោះយ៉ាងលឿនស្លេវទៅកម្ទេចលើទីតាំងកាំភ្លើងធំ ក្បួនរថក្រោះ និងយានយន្តពាសដែករបស់ខ្មាំងសត្រូវ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ត្រូវបានបំពាក់នូវប្រព័ន្ធកុំព្យូទ័រ, GPS និងប្រព័ន្ធបញ្ជាការ និងគ្រប់គ្រង ដើម្បីជាជំនួយជួយឱ្យការបាញ់ចំគោលដៅបានយ៉ាងសុក្រឹតបំផុត។ RM70 Vampir មួយគ្រឿង មានតម្លៃប្រហែល៣ ទៅ៤លានដុល្លារអាម៉េរិក ដោយអាស្រ័យលើកញ្ចប់បច្ចេកវិទ្យារ៉ាដា និងប្រព័ន្ធគ្រប់គ្រងការបាញ់ ដែលបំពាក់អមជាមួយ។

ជម្រើសទី៣ គឺ ឃាតកលាក់មុខ Astros III របស់ប្រទេសប្រេស៊ីល៖ ស្រដៀងនឹង RM70 Vampir ដែរ Astros 3 ផ្ញើខ្លួនផ្ញើប្រាណនៅលើរថយន្ត Tatra T815 កង់៨ ដើរដោយម៉ាស៊ីនម៉ាស៊ូត កម្លាំង៦៤០សេះ កាប៊ីនពាសដែក និងជើងទម្រ ៤ដើម្បីទប់លំនឹង។ វាអាចបាញ់រ៉ុក្កែតបាន៥ប្រភេទដូចជា៖ SS-30, SS-40, SS-60, SS-80 និងSS-150 ដែលបាញ់បានឆ្ងាយរហូតដល់១៥០គីឡូម៉ែត្រ។ លើសពីនេះ វាអាចផ្ទុកកូនមីស៊ីល FOG-MPM ចំនួន៤០គ្រាប់ និងមីស៊ីលយុទ្ធសាស្ត្រ AV/MT Matador ចំនួន៤គ្រាប់។ ក្រៅពីនេះ វាក៏មានបំពាក់កាំភ្លើងយន្ត១២,៧មិល្លីម៉ែត្រ សម្រាប់ការពារខ្លួន និងប្រព័ន្ធរ៉ាដាតាមដាន Field Guard's RE ផងដែរ។ ឃាតកលាក់មុខ Astros 3 មួយគ្រឿង មានតម្លៃប្រហែលចន្លោះពី៦,៥ ទៅ៨,៥លានដុល្លារអាម៉េរិក ពោលគឺអាស្រ័យលើប្រភេទបំពង់បាញ់ និងកញ្ចប់គ្រាប់មីស៊ីលយុទ្ធសាស្ត្រ Matador។

ជម្រើសដ៏សក្តិសមបំផុតមួយប្រភេទទៀតសម្រាប់កម្ពុជា ក្នុងការទប់ទល់ឥទ្ធិពលទ័ពថ្មើរជើងចោរឈ្លានពាន នោះគឺ បិសាចចម្លែក M142 HIMARS របស់សហរដ្ឋអាម៉េរិក៖ បិសាចចម្លែកនេះ ត្រូវបានប្រសូត្រចេញពីក្រុមហ៊ុន Lockheed Martin។ M142 HIMARS គឺជាប្រព័ន្ធកាំភ្លើងរ៉ុក្កែតធុនធំចល័ត ទម្ងន់៥តោន អាចធ្វើដំណើរចល័តបានក្នុងល្បឿន៨០គីឡូម៉ែត្រក្នុង១ម៉ោង។ វាអាចផ្ទុកមីស៊ីល GMLRS ចំនួន៦គ្រាប់ ដែលអាចព្រួសចេញពីបំពង់ទៅកម្ទេចគោលដៅក្នុងរយៈចម្ងាយ៧០ទៅ៨០គីឡូម៉ែត្រ ឬក៏ផ្ទុកមីស៊ីលយុទ្ធសាស្ត្រ ATACMS តែ១គ្រាប់ ប៉ុន្តែអាចហោះទៅកម្ទេចគោលដៅក្នុងចម្ងាយរហូតដល់៣០០គីឡូម៉ែត្រឯណោះ។ ប៉ុន្តែយ៉ាងណា ការបញ្ជាទិញអាចនឹងជួបការវិបាក ព្រោះសហរដ្ឋអាម៉េរិកជាបងធំរបស់ក្រុមចោរ ដូច្នេះ ទោះចង់ឬមិនចង់ សហរដ្ឋអាម៉េរិក មិនអាចលក់អាវុធទំនើបនេះឱ្យមកកម្ពុជាឡើយ។

សូមជម្រាបថា M142 HIMARS មានសមត្ថភាពបំផ្លាញស្មើនឹងការទម្លាក់គ្រាប់បែកចេញពីយន្តហោះចម្បាំងជាច្រើនគ្រឿង។ សមត្ថភាពដ៏ខ្លាំងក្លានេះហើយ ល្មមអនុញ្ញាតឱ្យកងទ័ពកម្ពុជា អាចវាយប្រហារលើលេណដ្ឋាន ឃ្លាំងគ្រាប់ ឬមូលដ្ឋានទ័ពអាកាសសត្រូវពីចម្ងាយដោយសុវត្ថិភាព ក្នុងករណីយោធាថៃបើកការឈ្លានពានកម្ពុជាជុំទី៣។ M142 HIMARS មួយគ្រឿង មានតម្លៃប្រហែល៥លានដុល្លារអាម៉េរិក ប៉ុន្តែប្រសិនបើគិតបញ្ចូលទាំងកញ្ចប់គ្រាប់មីស៊ីល GMLRS ឬ ATACMS, គ្រឿងបន្លាស់ និងការបណ្ដុះបណ្ដាល វាអាចមានតម្លៃចាប់ពី៧ទៅ១០លានដុល្លារអាម៉េរិក។ ដ្បិតថាវាថ្លៃបន្តិចមែន ប៉ុន្តែបិសាចចម្លែក M142 HIMARS គឺជាជម្រើសដ៏សក្តិសមបំផុតមួយសម្រាប់កម្ពុជា ប្រើជំនួស BM-21 Grad ឬគាំទ្របន្ថែមក្នុងការពង្រឹងកំពែងការពារជាតិ ឱ្យកាន់តែរឹងមាំ៕



