ថៃ ព្រមានពីភ្លៀងធ្លាក់ខ្លាំង បង្កឱ្យជន់លិចភ្លាមៗស្ទើរពេញផ្ទៃ​ប្រទេស​
S
Sinuon Nop
2 ម៉ោងមុន

រាជធានីបាងកក៖ នាយកដ្ឋានឧតុនិយមថៃ (TMD) នៅថ្ងៃព្រហស្បតិ៍ទី២០ ខែសីហានេះ បានចេញសេចក្តីជូនដំណឹងអំពីការព្យាករ ថា ​ភ្លៀងអាចនឹងធ្លាក់ខ្លាំង​បំផុត នៅក្នុងតំបន់មួយចំនួននៃភាគខាងជើង ភាគឦសាន តំបន់វាលទំនាបភាគកណ្តាល និងភាគខាងកើត នៅក្នុងរយៈពេល២៤ម៉ោងខាងមុខ ហើយវាអាចបង្កឱ្យ​មានហានិភ័យ នៃគ្រោះ​ទឹកជំនន់ជន់លិចភ្លាមៗ ដោយសារទឹកហូរធ្លាក់ពីតំបន់ខ្ពង់រាប ដែលវានឹងហូរហៀរចេញពីចរន្តផ្លូវទឹកនានា...។

នាយកដ្ឋានឧតុនិយមថៃ ​បានបញ្ជាក់ថា មានប្រព័ន្ធសម្ពាធទាបនៃខ្យល់មូសុង (monsoon trough) អូសបន្លាយកាត់តំបន់ភាគខាងជើង និងភាគឦសានផ្នែកខាងលើ ឆ្ពោះទៅរកតំបន់សម្ពាធទាប​ខ្លាំងមួយ នៅជិតកោះហៃណាន ប្រទេសចិន។ ស្របគ្នានេះ ខ្យល់មូសុងនិរតីដែលមានកម្លាំងមធ្យមទៅខ្លាំង ក៏កំពុងបក់បោកគ្របដណ្ដប់លើសមុទ្ទអាន់ដាម៉ាន់ ប្រទេសថៃ និងឈូងសមុទ្ទថៃ​​ផងដែរ។

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រងផលប៉ះពាល់ ជាពិសេស អ្នករស់នៅតំបន់ជើងភ្នំ តំបន់ក្បែរផ្លូវទឹក និងតំបន់ទំនាប គួរបង្កើនការប្រុងប្រយ័ត្ន ចំពោះភ្លៀងធ្លាក់ខ្លាំង ហើយវា​អាចបង្កជាទឹកជំនន់ជន់លិចភ្លាមៗ ខណៈទឹកហូរធ្លាក់​មកពីតំបន់ខ្ពង់រាប និងទឹកទន្លេហៀរចេញមកលើភូមិឋាន។​​​ អាជ្ញាធរព្រមានថា ខេត្តថៃយ៉ាងតិច៤០ អាចប្រឈមមុខនឹងគ្រោះធម្មជាតិដូចជាខ្យល់ព្យុះ ផ្គររន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់អមជាមួយភ្លៀងធ្លាក់ខ្លាំង នៅតំបន់ភាគខាងជើង​ ភាគឦសាន ​​​ភាគកណ្ដាល​ ភាគខាងកើត​​ ភាគខាងត្បូង និងតំបន់ឆ្នេរសមុទ្ទភាគខាងកើត៕​​

​​​​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត