
រដ្ឋធានីហ្សាការតា៖ ស្ងប់បានបន្តិច ក៏កើតឡើងវិញ! នៅព្រឹកនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ គ្រោះរញ្ជួយដី បានកើតឡើងសាជាថ្មីក្នុងកម្រិតមធ្យម៥,៩រ៉ិចទ័រ នៅកោះហ្វ្ល័ររ៉េស (Flores) ប្រទេសឥណ្ឌូណេស៊ីដដែល។ មិនទាន់មានរបាយការណ៍នោះទេថា គ្រោះរញ្ជួយដីកម្រិត៥,៩រ៉ិចទ័រនេះ បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួស ឬក៏អត់។

កាលពីថ្ងៃទី១៥ ខែសីហា គ្រោះរញ្ជួនដីកម្រិតធ្ងន់៧,៧រ៉ិចទ័រ បានវាយប្រហារកោះហ្វ្ល័ររ៉េសយ៉ាងខ្លាំងក្លា ហើយគ្រោះរញ្ជួយដីនេះ កើតឡើង៣-៤ដងទៀតក្នុងកម្រិតក្រោម៧,៧រ៉ិចទ័រ នៅថ្ងៃបន្តបន្ទាប់គ្នា គឺនៅថ្ងៃទី១៦ និងថ្ងៃទី១៧។ នៅចន្លោះថ្ងៃទី១៨ និងថ្ងៃទី១៩ ពុំមានគ្រោះរញ្ជួយដីឡើយ ដោយមានតែកម្លាំងរំញ័រ ឬកម្លាំងរង្គើតិចតួចប៉ុណ្ណោះ។ រហូតដល់ថ្ងៃទី២០នេះ គ្រោះរញ្ជួយដីក៏បានកើតឡើងសាជាថ្មីក្នុងកម្រិតមធ្យម៥,៩រ៉ិចទ័រ។

គិតចាប់ថ្ងៃទី១៥ ខែសីហាមក គ្រោះរញ្ជួយដីនៅកោះហ្វ្ល័ររ៉េសនេះ បានឆក់យកជីវិតមនុស្សអស់ជាង៧០នាក់ហើយ និងអ្នករបួសជាង៩០នាក់ទៀត រួមទាំងអគារមួយចំនួនធំត្រូវបាក់រលំខូចខ្ទេចខ្ទី។ មានប្រជាជនប្រមាណ៦ម៉ឺននាក់ ត្រូវបានជម្លៀសទៅស្នាក់តាមកន្លែងសុវត្ថិភាពនានាជាបណ្តោះអាសន្ន ខណៈរដ្ឋាភិបាល បានដឹកស្បៀងជាច្រើនយកទៅជួយប្រជាជនរងគ្រោះទាំងនោះ៕






