
រដ្ឋធានីសេអ៊ូល៖ ក្រោយលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ អះអាង អំពីផែនការចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គឺម ជុងអ៊ុន មិនបានមួយថ្ងៃស្រួលបួលផង ប្រមុខការពារជាតិកូរ៉េខាងត្បូង បានទម្លាយតួលេខក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្នុងឃ្លាំងស្ដុករបស់រដ្ឋធានីព្យុងយ៉ាង...។

ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង KBS World Radio បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២០ ខែសីហានេះថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក អាន ឃ្យូបាក់ (Ahn Gyu-back) បានឱ្យដឹងថា កូរ៉េខាងជើង ត្រូវបានគេប៉ាន់ប្រមាណថា អាចនឹងមានអាវុធនុយក្លេអ៊ែរ ចន្លោះពី៨០ទៅ១២០គ្រាប់ នៅក្នុងឃ្លាំងស្ដុករបស់ខ្លួន។ ប៉ុន្តែប្រមុខការពារជាតិរូបនេះ បានបដិសេធបញ្ជាក់អំពីតួលេខជាក់លាក់ ខណៈសមាជិកសភា បានសួរដេញដោលយ៉ាងលម្អិត កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ប្រមុខការពារជាតិកូរ៉េខាងត្បូង បានធ្វើអត្ថាធិប្បាយបែបនេះ នៅចំពោះមុខគណៈកម្មាធិការសភា ក្រោយពេលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ អះអាងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន មានអាវុធនុយក្លេអ៊ែរ «ដ៏មានអានុភាពខ្លាំងក្លា» ចំនួន៥៧គ្រាប់។

លោករដ្ឋមន្ត្រី អាន ឃ្យូ-បាក់ បញ្ជាក់ថា ការប៉ាន់ស្មានចំនួន ចន្លោះពី៨០ ទៅ១២០គ្រាប់ គឺបានមកពីអង្គការស្រាវជ្រាវឯកជននានា ហើយលោកបានបញ្ជាក់ឡើងវិញនូវគោលជំហររបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដោយមិនទទួលស្គាល់ជាផ្លូវការ ថា កូរ៉េខាងជើង ជាប្រទេសមានអាវុធនុយក្លេអ៊ែរនោះឡើយ។ ថ្វីបើមេដឹកនាំសហរដ្ឋអាម៉េរិក កម្រនឹងលើកឡើងពីតួលេខជាក់លាក់ ទាក់ទងនឹងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង យ៉ាងណាក្ដី ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើង អំពីបញ្ហានេះ កាលពីថ្ងៃពុធនៅឯសេតវិមាន ខណៈលោកកំពុងពិភាក្សាអំពីលោក គីម ជុងអ៊ុន និងផែនការជួបជាមួយមេដឹកនាំកូរ៉េខាងជើងរូបនេះ នៅក្នុងឆ្នាំ២០២៦។

ការលើកឡើងបែបនេះ ធ្វើឡើងស្របពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាដល់មន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណ កាត់បន្ថយរយៈពេលធ្វើសមយុទ្ធរួម ជាមួយកងទ័ពកូរ៉េខាងត្បូង ដោយលោកបានសរសេរនៅលើបណ្តាញសង្គម កាលពីថ្ងៃអាទិត្យ ថា សមយុទ្ធទាំងនោះ បានផ្ញើសារទៅកាន់រដ្ឋធានីព្យុងយ៉ាង ដែលជាសារ«មិនសមរម្យទាំងស្រុង និងមានលក្ខណៈអរិភាព ចំពោះប្រទេសមួយដែលមិនបង្កការគំរាមកំហែង និងតែងតែបង្ហាញការគោរព ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែង ជាប្រធានាធិបតី រហូតមក»៕



