
រាជធានីភ្នំពេញ៖ សមត្ថកិច្ចបានបញ្ជូនខ្លួនយុវជនម្នាក់ទៅកាន់សាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីបានប្រព្រឹត្តអំពើហិង្សាវាយប្រហារលើបុរសម្នាក់ ដោយច្រឡំ ជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់...។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា៖ ករណីនេះ ជាបទល្មើសព្រហ្មទណ្ឌ (ខ្ញុំសូមអញ្ជើញជនរងគ្រោះម្ចាស់រថយន្តមកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានី)។ អ្នកក្លាហាននោះ សមត្ថកិច្ចជំនាញចរាចរណ៍ឃាត់បានហើយ នឹងប្រគល់ទៅផែនព្រហ្មទណ្ឌបន្តនីតិវិធី។ ជាមួយគ្នា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានសង្កត់ធ្ងន់ថា ខ្ញុំបាននិយាយហើយ គ្រួសារមានវិន័យ ប្រទេសមានច្បាប់ មិនត្រូវប្រើអារម្មណ៍យកមកដោះស្រាយនោះទេ (ដើម្បីរក្សាសុន្តិសុខសណ្ដាប់ធ្នាប់ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា)។

សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែសីហាម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងម៉ូតូ បុកគ្នាពេញទំហឹង បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ នៅចំណុចស្តុបសាលាចតុមុខ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ភ្លាមៗ ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ Honda PCX ពណ៌ស បានឮគេស្រែកថា ម្ចាស់រថយន្តម៉ាក Aion ពណ៌ស បើកបុករត់ ហើយក៏បានជិះម៉ូតូទៅស្ទាក់ឃាត់រថយន្ត រួចអូសអ្នកបើករថយន្តចេញមកក្រៅវាយលើផ្ទៃមុខ បណ្ដាលឱ្យម្ចាស់រថយន្ត រងរបួសបែកមាត់ឈាមតែម្ដង។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល បានចុះអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនយុវជនបង្ក និងនាំខ្លួនមកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងសម្បារ និងយល់ច្រឡំស្មានតែជនរងគ្រោះ ជាអ្នកបើករថយន្តបង្កបុកមនុស្សស្លាប់៕




