ត្រឹមរយៈពេលជិតមួយខែ បាតុភូតធម្មជាតិធ្វើឱ្យក្រុង-ស្រុក៦ក្នុងខេត្តក្រចេះ រងផលប៉ះពាល់ និងខូចខាតជាច្រើន
S
Sreyleak Yith
3 ម៉ោងមុន

ក្រុងក្រចេះ៖ គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ គ្រោះធម្មជាតិបានបង្កឱ្យមានផលប៉ះពាល់ និងខូចខាតដល់២៨ឃុំ និង៩០ភូមិ នៅក្នុងក្រុងក្រចេះ ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ស្រុកសម្បូរ ស្រុកចិត្របុរី និងស្រុកអូរគ្រៀងសែនជ័យ។ នេះបើយោងតាមរបាយការណ៍ទទួលបានពីលោក ទីវ សុផែន មន្រ្តីសាលាខេត្តក្រចេះ..។

តាមរបាយការណ៍ បានឱ្យដឹងថា ក្រុង-ស្រុកចំនួន៦នោះ មានប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន២០៧២គ្រួសារ និងប៉ះពាល់ផ្ទះ៨៩៨ខ្នង សាលារៀន៨កន្លែង វិហារសាសនា៤កន្លែង, អាគាររដ្ឋបាលឃុំ២កន្លែង, និងតូបលក់ទំនិញមួយកន្លែង។ ចំណែកហេដ្ឋារចនាសម្ព័ន្ធ មានផលប៉ះពាល់ដល់ផ្លូវកៅស៊ូ៣៥០ម៉ែត្រ ខូចខាត១៥០ម៉ែត្រ និង​ប៉ះពាល់ផ្លូវបេតុង៧០ម៉ែត្រ ប៉ះពាល់ផ្លូវគ្រួសក្រហម និងផ្លូវដីប្រវែង៨៨៧៥៣ម៉ែត្រ ខូចខាត១៨៥ម៉ែត្រ។ ប៉ះពាល់លូកាត់ផ្លូវ៦៣កន្លែង ប៉ះពាល់អណ្តូងស្នប់៤កន្លែង អណ្តូងជីក៤កន្លែង បង្គន់អនាម័យ៣២កន្លែង និងប៉ះពាល់ស្ពានបេតុងមួយកន្លែង ព្រមទាំងស្ពានឈើ៨កន្លែង។ រីឯវិស័យកសិកម្មវិញ ប៉ះពាល់ស្រូវសន្ទូង និងពង្រោះ សរុប៩៣៩២ហិកតា ខូចខាតអស់៣១ហិកតា និងប៉ះពាល់ដល់សំណាប៥៣ហិកតា។លើសពីនេះប៉ះពាល់ដំណាំរួមផ្សំសរុបចំនួន៣៦៩ហិកតា ខូចខាត៧ហិកតា

ចំពោះការជួយអន្តរាគមន៍ និងវិធានការរបស់គណៈកម្មធិការគ្រប់គ្រងមហន្តរាយខេត្ត បានចេញសេចក្តីជូនដំណឹងពីការពង្រឹងប្រសិទ្ធភាពនៃការតាមដាន ត្រៀមបង្ការ ឆ្លើយតបគ្រោះទឹកជំនន់ទន្លេមេគង្គ ជំនន់ទឹកភ្លៀង និងហានិភ័យគ្រោះធម្មជាតិក្នុងភូមិសាស្ត្រខេត្តក្រចេះ ដោយគណៈកម្មធិការខេត្ត បាននិងបន្តតាមដានស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គ ដើម្បីឆ្លើយតបទាន់ពេលវេលា។ ជាក់ស្តែង នៅថ្ងៃទី២0សីហានេះ លោក ម៉ែន វណ្ណា អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមការងាររួមជាមួយមន្ទីរកសិកម្ម មន្ទីរធនធានទឹក រដ្ឋបាលស្រុកចិត្របុរី រដ្ឋបាលក្រុងក្រចេះ និងអាជ្ញាធរឃុំ-សង្កាត់ ចុះពិនិត្យស្ថានភាពផលប៉ះពាល់ជាក់ស្តែង ដោយសារគ្រោះមហន្តរាយទឹកជំនន់ទន្លេមេគង្គនេះ។

ការចុះពិនិត្យ ធ្វើឡើងនៅក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ និងឃុំថ្មគ្រែ ឃុំដារ ស្រុកចិត្របុរី ដើម្បីវាយតម្លៃស្ថានភាពជាក់ស្តែង និងផលប៉ះពាល់ដែលបណ្ដាលមកពីការកើនឡើង នៃកម្ពស់ទឹកទន្លេមេគង្គ ព្រមទាំងតាមដានស្ថានភាពការរស់នៅប្រជាពលរដ្ឋ និងតំបន់ដែលអាចប្រឈមនឹងការលិចលង់៕ រាយការណ៍ដោយ៖ សារី ណែត

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត