
រាជធានីបាងកក៖ សាលារៀនជាច្រើននៅប្រទេសថៃ ត្រូវបានរៀបចំការហ្វឹកហ្វឺនដល់សិស្សសាលា ដើម្បីឆ្លើយតបនឹងហេតុការណ៍បាញ់ប្រហារនៅថ្ងៃពុធទី១៩ ខែសីហា ខណៈអាជ្ញាធរបានចាត់វិធានការបន្ទាន់ ក្នុងការពង្រឹងសន្តិសុខ២សប្តាហ៍ បន្ទាប់ពីខ្មាន់កាំភ្លើងក្មេងប្រុសវ័យ១៤ឆ្នាំម្នាក់ បើកការបាញ់ប្រហារនៅឯសាលារៀនមួយ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់៨នាក់ បាត់បង់ជីវិត...។

សាលារៀននៅក្នុងរាជធានីបាងកក សិស្សានុសិស្សបានចូលរួមក្នុងការហ្វឹកហ្វឺន«រត់ លាក់ខ្លួន និងវាយតដៃ» ខណៈការហ្វឹកហ្វឺននេះ មានមន្ត្រីនគរបាលម្នាក់ស្លៀកពាក់ឈុតខ្មៅធ្វើជាជនបង្ក ព្រមទាំងកាន់កាំភ្លើងបាញ់គ្រាប់ក្លែងក្លាយ។ សិស្សសាលា បានរត់គេចពីខ្មាន់កាំភ្លើង និងពួនក្រោមតុ ព្រមទាំងនៅក្រោយទ្វារដែលបានចាក់សោ ខណៈអ្នកខ្លះទៀតបានប្រើប្រាស់តុទូ ដើម្បីបាំងច្រកចូល។ ក្នុងស្ថានភាពមួយទៀត សិស្សានុសិស្ស បានស្ទុះទៅចាប់ និងសង្កត់ជនបង្កជាប់នឹងដី បន្ទាប់ពីបានចូលក្នុងថ្នាក់រៀន។

សូមជម្រាបថា ការហ្វឹកហ្វឺននេះ ធ្វើឡើងបន្ទាប់ពីមានបទបញ្ជាកាលពីថ្ងៃទី១០ ខែសីហា ដោយរដ្ឋមន្ត្រីក្រសួងអប់រំ លោក ប្រសឺត ចន្ថៈរួងថង (ประเสริฐ จันทรรวงทอง) ដែលតម្រូវឱ្យសាលារៀនទាំងអស់ រៀបចំផែនការសន្តិសុខ និងហាត់សមនីតិវិធីឆ្លើយតបអាសន្ន។ ជាមួយគ្នា លោក វិសិដ្ឋស័ក្តិ វិភ័ទ្ធនមង្គល (วิสิฐศักดิ์ วิพัฒนมงคล) ប្រធានអង្គភាពកម្ទេចគ្រឿងផ្ទុះ (EOD) នៃកងកម្លាំងល្បាត និងប្រតិបត្តិការពិសេសរបស់នគរបាលថៃ បានប្រាប់ថា៖«គ្រប់សាលារៀនទាំងអស់ កំពុងឆ្លើយតប ព្រោះនេះជាការគំរាមកំហែងបែបថ្មី ដែលអាចកើតឡើងនៅគ្រប់ទីកន្លែង»។ លោកបន្តថា៖ «គ្រប់សាលារៀនកំពុងប្រុងប្រយ័ត្ន ផ្លាស់ប្ដូរផែនការ និងរៀបចំខ្លួន ដើម្បីឱ្យសិស្សអាចឆ្លើយតបទៅនឹងហេតុការណ៍ និងការគំរាមកំហែងគ្រប់ទម្រង់»៕




