ថៃចុះបញ្ជី«ថ្នាំញៀ​ន» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ មែនឬ..?
ហៀប ស៊ីថេត
4 ម៉ោងមុន

រាជធានីបាងកក៖ បន្ទាប់ពីមានអត្ថបទចុះផ្សាយ«អបអរសាទរដល់ប្រទេសថៃ ចំពោះការចុះបញ្ជីថ្នាំញៀនយ៉ាម៉ា ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) បានជោគជ័យ» ស្រាប់តែអាជ្ញាធរថៃ ចេញមុខបញ្ជាក់ថា អត្ថបទដែលបានបង្ហោះនោះ គឺជាព័ត៌មានប្រឌិតបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) និងបានដាក់ស្លាកជាអត្ថបទបែបប្លែកៗ និងការសើចចំអកឌឺដង។ ទន្ទឹមនោះ អាជ្ញាធរថៃ ព្យាយាមចេញមកបញ្ជាក់ខ្លាចតែគេមិនដឹងថា យ៉ាម៉ា គឺជាសារធាតុញៀនខុសច្បាប់ ដែលមិនអាចចុះបញ្ជីជាបេតិកភណ្ឌពិភពលោក បានឡើយ។ នេះបើយោងតាមមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយរបស់ប្រទេសថៃ ចុះផ្សាយដោយកាសែតថៃខាវសដ...។(Sic)

សូមជម្រាបថា ការចេញមុខច្រានចោលពីសំណាក់អាជ្ញាធរថៃនេះ កើតឡើងក្រោយមានការចុះផ្សាយព្រោងព្រាត កាលពីពេលថ្មីៗថា៖«សូមអបអរសាទរ! ប្រទេសថៃបានចុះបញ្ជីថ្នាំម៉ាយ៉ា ឬមេតំហ្វេតាមីន ដែលជាថ្នាំញៀនបង្កើតឡើងដោយជនជាតិថៃ ជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងអង្គការ UNESCO បានដោយជោគជ័យ។ នេះត្រូវ​បាន​ចាត់​ទុក​ថា​ ជា​មរតក​ថ្នាំ​ញៀនដ៏​ធំបំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មនុស្ស​ជាតិ»។ ទិន្នន័យរបស់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បង្ហាញថា ប្រទេសថៃ បានបំបែកកំណត់ត្រារឹបអូសថ្នាំមេតំហ្វេតាមីន ឬយ៉ាម៉ា ក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ជាញឹកញាប់ នៅក្នុងតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ រួមមាន៖ ទាំងគ្រាប់ថ្នាំយ៉ាម៉ា និងថ្នាំមេតំហ្វេតាមីនប្រភេទម៉ាទឹកកក។ ប្រទេសថៃ ក៏ជាទីផ្សារផ្លូវឆ្លងកាត់ និងជាកន្លែងចែកចាយដ៏សំខាន់សម្រាប់ការជួញដូរថ្នាំមេតំហ្វេតាមីន ដែលភាគច្រើនមានប្រភពចេញពីមជ្ឈមណ្ឌលផលិតកម្មនៅជុំវិញតំបន់ត្រីកោណមាស ដោយមានផ្លូវជួញដូរតភ្ជាប់ពីប្រទេសថៃ ទៅកាន់តំបន់ផ្សេងទៀតក្នុងអាស៊ីអាគ្នេយ៍ និងទីផ្សារអន្តរជាតិ។

នៅក្នុងឆ្នាំ២០២៤ អាជ្ញាធរនៅទូទាំងតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ បានរឹបអូសថ្នាំមេតំហ្វេតាមីន បានក្នុងកម្រិតកំណត់ត្រារហូតដល់២៣៦តោន ពោលគឺប្រមាណ ៩៤ភាគរយនៃចំនួននេះ  រឹបអូសបាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសថៃ និងតំបន់មេគង្គក្រោមទាំងមូល ស្ថិតនៅចំកណ្តាលនៃវិបត្តិជួញដូរថ្នាំញៀន ដែលមិនធ្លាប់មានពីមុនមក។ របាយការណ៍របស់អង្គការសហប្រជាជាតិ ក៏ធ្លាប់បានចង្អុលបង្ហាញពីការប្រើប្រាស់ថ្នាំមេតំហ្វេតាមីន ក្នុងចំណោមសិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យថៃផងដែរ ដែលជាបញ្ហាគួរឱ្យព្រួយបារម្ភ។ សូមជម្រាបថា ប្រទេសថៃ គឺជាទីផ្សាររឹបអូសថ្នាំមេតំហ្វេតាមីនធំបំផុតមួយនៅអាស៊ី និងជាមជ្ឈមណ្ឌលជួញដូរមនុស្សដ៏សកម្មក្នុងតំបន់ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត