
រាជធានីបាងកក៖ រាជរដ្ឋាភិបាលថៃ បានអនុម័តកញ្ចប់ថវិកាចំនួន៤៣៣លានបាត ឬស្មើប្រហែល១៣លានដុល្លារអាម៉េរិក ដើម្បីពង្រឹងប្រព័ន្ធការពារនៅក្នុងខេត្តចំនួន៧ ជាប់ព្រំដែនកម្ពុជា ដោយរាប់បញ្ចូលទាំងការសាងសង់ជម្រកសុវត្ថិភាព លេណដ្ឋាន និងប៉មផ្សព្វផ្សាយព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពអាសន្នផ្នែកសន្តិសុខ។ នេះបើតាមខ្លឹមសារចុះផ្សាយដោយកាសែតថៃ Amrin TV នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។

លោកស្រី ឡលិដា ភ្រីសវិវឌ្ឍនា (ลลิดา เพริศวิวัฒนา) អ្នកនាំពាក្យរងនៃរាជរដ្ឋាភិបាលថៃ បានអះអាងថា គណៈរដ្ឋមន្ត្រីបានអនុម័តការបែងចែកថវិកាចាំបាច់ និងបន្ទាន់នៃថវិកាមជ្ឈិម សម្រាប់ឆ្នាំថវិកាជាតិ ឆ្នាំ២០២៦ ក្នុងចំនួនសរុប ៤៣៣លានបាត។ កញ្ចប់ថវិកានេះ នឹងត្រូវប្រគល់ជូននាយកដ្ឋានរដ្ឋបាលខេត្ត នៃក្រសួងមហាផ្ទៃ ដើម្បីអនុវត្តគម្រោងគាំទ្រការគ្រប់គ្រង និងការពារតំបន់ជួរក្រោយក្នុងខេត្តជាប់ព្រំដែនជាមួយប្រទេសកម្ពុជា។ គោលបំណង គឺដើម្បីលើកកម្ពស់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងមន្ត្រីក្នុងតំបន់ ព្រមទាំងកែលម្អប្រសិទ្ធភាពនៃប្រព័ន្ធទំនាក់ទំនង និងប្រព័ន្ធប្រកាសអាសន្នឱ្យបានឆាប់រហ័ស។

កញ្ចប់ថវិកានេះ គ្របដណ្ដប់លើសកម្មភាពបន្ទាន់ចំនួន៣ រួមមាន៖ ការសាងសង់ជម្រកសុវត្ថិភាព និងលេណដ្ឋានចំនួន១៦៦៩កន្លែង, ការសាងសង់ប៉មផ្សព្វផ្សាយព័ត៌មានចំនួន១៤៣ប៉ម, និងការដំឡើងកម្រិតប្រព័ន្ធទាក់ទងវិទ្យុឌីជីថលឯកទេស ដើម្បីគ្របដណ្ដប់លើខេត្តទាំង៧ តាមបណ្តោយព្រំដែនកម្ពុជា។ លោក ភ្រីសវិវឌ្ឍនា បានបញ្ជាក់បន្ថែមថា ចំណុចសំខាន់គឺការកើនឡើងនូវតំបន់សុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋនៅក្នុងព្រឹត្តិការណ៍មានជម្លោះ ដោយធានាថា ព័ត៌មាន និងការប្រកាសអាសន្នពីរាជរដ្ឋាភិបាល ទៅដល់ប្រជាជននៅតំបន់ព្រំដែន បានលឿន ត្រឹមត្រូវ និងទូលំទូលាយ ជាពិសេស ក្នុងអំឡុងពេលអាសន្នដែលការទំនាក់ទំនងប៉ះពាល់ដោយផ្ទាល់ដល់សុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិ។ ជុំវិញការអនុម័តនេះ អ្នកតាមដានព័ត៌មាន និងភូមិសាស្ត្រនយោបាយអន្តរជាតិមួយចំនួន លើកឡើងថា នេះជាផែនការទុច្ចរិតរបស់ថៃ ដើម្បីបំពេញមហិច្ឆតាឈ្លានពានកម្ពុជា នៅពេលណាមួយ...៕




