ថៃសិក្សាគម្រោងបង្កើតរោងចក្រផលិតដ្រូនបច្ចេកវិទ្យាអាម៉េរិក ខណៈកិច្ចព្រមព្រៀងស្ថិតក្នុងនីតិវិធី
ហៀប ស៊ីថេត
មួយថ្ងៃមុន

រាជធានីបាងកក៖ ក្រសួងការពារជាតិថៃ បានចេញមុខបញ្ជាក់ថា មិនទាន់មានកិច្ចព្រមព្រៀង ឬការអនុម័តណាមួយ សម្រាប់ឱ្យសហរដ្ឋអាម៉េរិកបង្កើតរោងចក្រផលិតយន្តហោះគ្មានមនុស្សបើក ឬដ្រូន នៅក្នុងប្រទេសថៃនៅឡើយទេ។ នេះបើយោងតាមការចុះផ្សាយដោយកាសែតថៃ The Nation កាលពីថ្ងៃទី១៣សីហាម្សិលមិញ...។

ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា ថៃអាចអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិកបង្កើតមូលដ្ឋានផលិតដ្រូននៅក្នុងប្រទេសរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក សុរៈសាន់ គង់សិរិ (สุรสันต์ คงศิริ) បានបញ្ជាក់កាលពីថ្ងៃទី១៣សីហាថា គម្រោងនេះ នៅត្រឹមដំណាក់កាលសិក្សា និងវាយតម្លៃប៉ុណ្ណោះ។ លោកបន្ថែមថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអចិន្ត្រៃយ៍ក្រសួងការពារជាតិថៃ ទៅកាន់សហរដ្ឋសហរដ្ឋអាម៉េរិក បានផ្តល់ឱកាសឱ្យភាគីថៃឈ្វេងយល់ពីបច្ចេកវិទ្យានៃប្រព័ន្ធយន្តហោះគ្មានមនុស្សបើក(ដ្រូន) និងការវាយតម្លៃសមត្ថភាពរបស់ថៃ ក្នុងការអភិវឌ្ឍ រួមទាំងការគាំទ្រប្រព័ន្ធដ្រូន ដែលមានតម្លៃសមរម្យ។

យ៉ាងណា ក្រសួងការពារជាតិថៃ បានបញ្ជាក់ថា៖«មិនទាន់មានកិច្ចព្រមព្រៀងផ្លូវការ និងមិនទាន់មានការប្តេជ្ញាចិត្តតាមផ្លូវច្បាប់ ហើយក៏មិនទាន់មានការអនុម័តឱ្យសហរដ្ឋអាម៉េរិក បង្កើតរោងចក្រផលិតដ្រូននៅថៃដែរ។ លើសពីនេះ ថៃក៏មិនបានដាក់លក្ខខណ្ឌ ថាត្រូវផលិតប្រព័ន្ធដ្រូនប្រភេទណាមួយជាក់លាក់នោះដែរ»។ បច្ចុប្បន្ន ថៃកំពុងសិក្សាអំពីលទ្ធភាពដែលអាចវាយតម្លៃធៀបនឹងផលប្រយោជន៍ និងពិចារណាលើក្របខ័ណ្ឌផ្ទេរបច្ចេកវិទ្យា ដើម្បីធានាថា ប្រសិនបើគម្រោងត្រូវបានអនុវត្ត វានឹងផ្តល់ផលប្រយោជន៍ជាអតិបរមាដល់ប្រទេសថៃ។ ក្នុងចំណោមវិស័យដែលថៃកំពុងផ្តោតការយកចិត្តទុកដាក់ គឺបច្ចេកវិទ្យា និងដ្រូនផលិតក្នុងស្រុក ដែលអាចនឹងធ្វើឱ្យយោធាថៃ កាន់តែសមត្ថភាពយោធាទំនើប និងមានឧត្តមភាពសព្វាវុធបន្ថែម៕

រូបភាព៖ The Nation
រូបភាព៖ The Nation
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត