
ក្រុងក្រចេះ៖ ក្រោយបែកធ្លាយព័ត៌មានរឿងអាស្រូវគប់គិតគ្នាជាប្រព័ន្ធ ដើម្បីក្រសោបយកថវិកាមូលនិធិឃុំកន្ទួត ដែលបានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ៣ខ្សែ ពេលនេះ លោកអភិបាលខេត្តក្រចេះ បានកោះហៅអភិបាលស្រុកចិត្របុរី និងមន្ត្រីពាក់ព័ន្ធ ឱ្យចូលខ្លួនមកបំភ្លឺជាបន្ទាន់ ដោយទុករយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ...។

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ មានការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន៣ខ្សែ ប្រវែង០,២៨៤គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ និងកម្រាស់ ១៥០មីលីម៉ែត្រ ដែលជាថវិកាមូលនិធិឃុំកន្ទួត។ ជាមួយគ្នានោះ មានក្រុមហ៊ុនចំនួន៤ បានចូលរួមដាក់សំណើដេញថ្លៃ។ ជាលទ្ធផល ក្រុមហ៊ុន វ៉េង លាប ត្រូវបានប្រកាសជាអ្នកឈ្នះនៃការដេញថ្លៃលើគម្រោងស្ថាបនាផ្លូវបេតុងអាមេ ក្នុងតម្លៃទាបជាងតម្លៃប៉ាន់ស្មានត្រឹមតែ៥លានរៀលប៉ុណ្ណោះ។

យ៉ាងណា មន្ត្រីក្នុងជួររដ្ឋបាលឃុំបានទម្លាយឱ្យដឹហថា ក្រុមហ៊ុនដែលឈ្នះនេះ បានលួចទាក់ទង និងផ្តល់ប្រាក់ភាគលាភចំនួន២លានរៀល ទៅឱ្យក្រុមហ៊ុនដទៃទៀត ជាថ្នូរនឹងការមិនចូលមកប្រជែងដេញថ្លៃ ដើម្បីឱ្យខ្លួនងាយស្រួលទទួលបានគម្រោង ក្នុងតម្លៃជិតប៉ាន់ស្មានបំផុត។ ពាក់ព័ន្ធករណីខាងលើនេះ អង្គភាព SBM News បានព្យាយាមសុំការបំភ្លឺពីខាងក្រុមហ៊ុន វ៉េង លាប និងលោក កង ប៊ុនធី មេឃុំកន្ទួត និងជាប្រធានលទ្ធកម្មឃុំ ម្ដងរួចមកហើយដែរ មុនពេលចៅហ្វាយខេត្តកោះហៅ ប៉ុន្តែខាងក្រមហ៊ុនមិនអាចទាក់ទងបាន រីឯលោកមេឃុំបែរជាប្រាប់អ្នកសារព័ត៌មានយើងទៅដាក់ពាក្យតវ៉ា នៅសាលាឃុំ ឬសាលាខេត្តឱ្យបានមុនថ្ងៃកំណត់ ជំនួសឱ្យការឆ្លើយបំភ្លឺជូនមហាជន។

ប្រភពពីក្រុមអ្នកដេញថ្លៃពិតប្រាកដ បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នជំនាញ ចុះស៊ើបអង្កេតករណីនេះជាបន្ទាន់ ដើម្បីធានាតម្លាភាព សុក្រឹតភាព និងភាពយុត្តិធម៌ក្នុងការប្រើប្រាស់ថវិកាមូលនិធិឃុំ-សង្កាត់ ព្រមទាំងការពារគុណភាពសំណង់ផ្លូវថ្នល់ ឱ្យប្រើប្រាស់បានយូរអង្វែង ជៀសវាងការប្រព្រឹត្តអំពើពុករលួយ និងការកិបកេងថវិកាជាតិ។ ឆ្លើយតបនឹងភាពមិនប្រក្រតីនេះ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានចេញលិខិតកោះហៅ លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី ព្រមទាំងក្រុមប្រឹក្សាឃុំ មេឃុំ និងស្មៀនឃុំកន្ទួត ឱ្យចូលរួមប្រជុំដោះស្រាយ និងបំភ្លឺជុំវិញការដេញថ្លៃនេះ នៅថ្ងៃសុក្រទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២:៣០នាទីរសៀល នៅសាលប្រជុំសាលាខេត្តក្រចេះ។

ទោះជាយ៉ាងណាក៏ដោយ មហាជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ កំពុងរង់ចាំមើលយ៉ាងយកចិត្តទុកដាក់ចំពោះចំណាត់ការផ្លូវច្បាប់ និងវិធានការក្ដៅរបស់រដ្ឋបាលខេត្តក្រចេះ ដើម្បីលាតត្រដាងការពិត ជុំវិញការលេចធ្លាយដំណឹងនៃការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធនេះ ថានឹងទៅជាយ៉ាងណាទៅវិញ?...៕





