គិតត្រឹមចុងខែវិច្ឆិកា ប្រជាកសិករខេត្តក្រចេះ ប្រមូលផលដំណាំគ្រប់ប្រភេទបានជិត៧០ភាគរយ
S
Sreyleak Yith
2 ខែមុន

ក្រុងក្រចេះ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ប្រជាកសិករនៅខេត្តក្រចេះ សម្រេចបានក្នុងការប្រមូលផលដំណាំគ្រប់ប្រភេទ និងស្រូវរដូវវស្សា សម្រេចបានប្រមាណជា ៦៦,៩៥ភាគរយ…។  

ប្រភពពីមន្ទីរកសិកម្មខេត្ត បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កសិករនៅខេត្តក្រចេះបានធ្វើការប្រមូលផលស្រូវរដូវវស្សា សម្រេចបានចំនួន៤១៣០៧ហិកតា នៃផ្ទៃដីដាំដុះ៦១៧០១ហិកតា បើធៀបនឹងឆ្នាំមុនកើនឡើងចំនួន៩០៤ហិកតា។  ការដាំដុះដំណាំស្រូវរដូវប្រាំង សម្រេចបានចំនួន១១៥៣២ហិកតា ស្មើនឹង៧០,១៩ភាគរយ នៃផែនការ ១៦៤៣០ហិកតា បើធៀបនឹងឆ្នាំមុនមានចំនួនតិចជាង១៩០២ហិកតា។  ដោយឡែក ការដាំដុះដំណាំឧស្សាហកម្មរយៈពេលខ្លីនារដូវប្រាំង គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមមាន៖ ពោតក្រហម ពោតស ដំឡូងជ្វា និងអំពៅ សម្រេចបានចំនួន ៧៩៩០ហិកតា ស្មើនឹង៣៣,២៩ ភាគរយនៃផែនការ ២៣៩៩៩ហិកតា ធៀបនឹងឆ្នាំមុនមានចំនួនតិចជាង ១៣៨១ហិកតា។

រីឯ ការប្រមូលផលដំណាំឧស្សាហកម្មរយៈពេលខ្លីរដូវវស្សា មានដូចជា៖ ពោតស ល្ង សណ្តែកដី សណ្តែកបាយ សណ្តែកសៀង ដំឡូងជ្វា ដំឡូងគរ និងអំពៅ បានចំនួន២៧៩១១ហិកតា ស្មើនឹង៣៤,៨៧ភាគរយ នៃផ្ទៃដីដាំដុះ ៨០០៣៦ហិកតា បើធៀបឆ្នាំថយចុះ ១៨៩៧ហិកតា។ លើសពីនេះ ចំពោះ ដំណាំសាកវប្បកម្មរដូវប្រាំង រួមមាន៖ បន្លែគ្រប់ប្រភេទ និងបុិកគក់ សម្រេចបានចំនួន៣១០ហិកតា ស្មើនឹង ៦៣,១៤ភាគរយ នៃផែនការ៤៩១ហិកតា តិចជាងឆ្នាំមុនចំនួន១៣៨ហិកតា៕ រាយការណ៍ដោយ ៖ លោក SN

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត