ក្រុងក្រចេះ៖ ស្របពេលរដ្ឋបាលខេត្តក្រចេះ ប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នជំនន់ទឹកទន្លេមេគង្គ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក នេត្រ ភក្ត្រា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នេះ ប្រកាសបញ្ជូនថ្នាំពេទ្យទៅកាន់ទីតាំងរងគ្រោះ ដើម្បីចែកជូនពលរដ្ឋ…។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ លោក នេត្រ ភក្ត្រា បានបង្ហោះសេចក្តីណែនាំរបស់រដ្ឋបាលខេត្តក្រចេះ ស្តីពីការត្រៀមបង្ការ ឆ្លើយតប និងអន្តរាគមន៍បន្ទាន់ក្នុងពេលទឹកជំនន់ទន្លេមេគង្គក្នុងខេត្តកំពុងកើនឡើង ដោយលោកភ្ជាប់ជាមួយសារអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ថែរក្សាសុខសុវត្ថិភាព។ លោករដ្ឋមន្ត្រីគូសរំលេចថា៖«[..]នៅថ្ងៃនេះ ខ្ញុំបានបញ្ជូនឱសថមួយចំនួនជូនទៅរដ្ឋបាលខេត្ត ដើម្បីប្រើប្រាស់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់[..]»។ តាមក្រសួងធនធានទឹក ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤តុលា កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ នឹងបន្តឡើងដល់កម្ពស់ ២១,៩៧ម៉ែត្រ ជិតដល់កម្រិតប្រកាសប្រុងប្រយ័ត្ន២២ម៉ែត្រ និងកម្រិតប្រកាសអាសន្ននៅក្នុងខេត្តកម្ពស់២៣ម៉ែត្រ។

ចំពោះមុខបញ្ហានេះ រដ្ឋបាលខេត្តបានណែនាំដល់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋទូទាំងខេត្ត ដែលងាយរងគ្រោះ និងកំពុងប្រឈមដោយទឹកជំនន់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។ ក្នុងន័យនេះ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រួតពិនិត្យធនធានថវិកា សម្ភារ ទូក អូប័រ កាណូត រថយន្ត និងកម្លាំងអន្តរាគមន៍បន្ទាន់ ដើម្បីត្រៀមលក្ខណៈឆ្លើយតប និងសង្គ្រោះ។ ចំពោះរដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរតំបន់ ត្រូវសម្អាតទីទួលសាធារណៈ ទីទួលសុវត្ថិភាពដែលមានស្រាប់ សម្រាប់ត្រៀមជម្លៀសប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ រីឯមន្ទីរសុខាភិបាលខេត្ត ត្រូវត្រៀមរៀបចំរថយន្តសង្គ្រោះ សម្ភារបរិក្ខា ថ្នាំពេទ្យ និងចុះផ្សព្វផ្សាយ អប់រំ និងណែនាំផ្នែកសុខភាពដល់ប្រជាពលរដ្ឋអំពីការធ្វើអនាម័យទឹក ចំណីអាហារ និងបរិស្ថាននៅទីទទួលសុវត្ថិភាព។

មួយវិញទៀត មន្ត្រីជំនាញត្រូវតាមដានព្រឹត្តបត្រព័ត៌មានអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គដែលព្យាករដោយក្រសួង និងស្ថាប័នពាក់ព័ន្ធ យកមកផ្សព្វផ្សាយបន្តដល់ពលរដ្ឋ ដែលងាយរងហានិភ័យ ។ល។ ដោយឡែក មន្ទីរកសិកម្ម ត្រូវសហការស្រង់ទិន្នន័យផលប៉ះពាល់ដំណាំកសិកម្ម និងសត្វពាហនៈ ដែលបានជម្លៀសទៅទីទួលសុវត្ថិភាព ព្រមទាំងការចុះចាក់វ៉ាក់សាំង។ ទន្ទឹមនោះ ប្រជាពលរដ្ឋ ត្រូវតាមដានស្ថានភាពទឹកជំនន់ទន្លេមេគង្គឱ្យបានជាប់ជាប្រចាំ ព្រមទាំងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានអំពីទីតាំងដែលត្រូវជម្លៀសក្រុមគ្រួសារ សត្វចិញ្ចឹមទៅទីទួលសុវត្ថិភាព ក្នុងករណីទឹកជំនន់មានការគំរាមកំហែងដល់សុវត្ថិភាព។ ចំពោះការធ្វើដំណើរតាមផ្លូវទឹក រដ្ឋបាលខេត្តអំពាវនាវដល់ពលរដ្ឋ ឱ្យពាក់អាវពោងសុវត្ថិភាព ឬដាក់ជាប់ជាមួយកានទឹក និងពីដុងទឹកធំៗ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ ជាពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់លើជនចាស់ជរា កុមារតូចៗដែលងាយរងគ្រោះដោយទឹកជំនន់៕






