ក្រុងក្រចេះ៖ ក្រុង-ស្រុកចំនួន៦នៃខេត្តក្រចេះ កំពុងត្រូវបានទឹកជំនន់វាយប្រហារ ធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវ និងដំណាំទ្រទ្រង់សេដ្ឋកិច្ចមួយចំនួនទៀត ប្រមាណជាង៤ពាន់៦រយហិកតា។ នេះបើតាមការបញ្ជាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...។

តាមរបាយការណ៍ ដែលបង្ហាញនៅក្នុងកិច្ចប្រជុំពិនិត្យលើស្ថានភាពដីស្រែរងផលប៉ះពាល់ដោយសារទឹកជំនន់ និងបញ្ហាថ្លៃស្រូវ នៅក្នុងស្រុកមួយចំនួន ដឹកនាំដោយកញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម កាលពីថ្ងៃទី៩សីហា ឆ្នាំ២០២៥ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៨សីហា ទឹកជំនន់បានបង្កផលប៉ះពាល់ដល់ក្រុង-ស្រុកចំនួន៦ រួមមាន៖ ក្រុងក្រចេះ, ស្រុកចិត្របុរី, ស្រុកព្រែកប្រសព្វ, ស្រុកសម្បូរ, ស្រុកអូរគ្រៀងសែនជ័យ និងស្រុកឆ្លូង។ ក្នុងនោះ បានបណ្ដាលឱ្យប៉ះពាល់ដល់ដំណាំស្រូវសរុបចំនួន៣៣៤០ហិកតា ខូចខាតសរុបចំនួន២៣៥០ហិកតា។ ដោយឡែក ដំណាំទ្រងទ្រង់សេដ្ឋកិច្ច រួមមាន៖ ពោត, ដំឡូងមី, ល្ង, បន្លែគ្រប់ប្រភេទ, សណ្ដែកដី, និងស្វាយចន្ទី រងផលប៉ះពាល់សរុបចំនួន១៣១២ហិកតា និងខូចខាតសរុបចំនួន ១០០១ហិកតា។

នៅចំពោះមុខផលប៉ះពាល់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានណែនាំដល់មន្ទីរកសិកម្មខេត្តក្រចេះ និងមន្ត្រីកសិកម្មឃុំ ត្រូវសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ដោយបន្តចុះពិនិត្យផ្ទៃដីដែលមានលទ្ធភាពស្តារឡើងវិញ ហើយត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ពីសំណើសុំគ្រាប់ពូជជូនដល់ប្រជាកសិករ នៅតំបន់ដែលបានរងផលប៉ះពាល់។ ឆ្លៀតឱកាសនោះ មន្រ្តីក្រសួងកសិកម្មរូបនេះ បានលើកទឹកចិត្តដល់មន្រ្តីកសិកម្មឃុំ សូមជួយដល់ប្រជាកសិករឱ្យអស់ពីកម្លាំងកាយចិត្ត ខណៈការធ្វើកសិកម្មតាមកិច្ចសន្យា និងការរៀបចំចងក្រងសហគមន៍កសិកម្មទំនើប ក៏ជាការងារសំខាន់ ដែលមន្ត្រីកសិកម្មឃុំត្រូវរួមចំណែកពន្យល់ដល់ប្រជាកសិករផងដែរ៕

