
រដ្ឋធានីញូវដេលី៖ អគ្គិភ័យបានឆាបឆេះសណ្ឋាគារមួយក្នុងទីក្រុង កូលកាតា (Kolkata) រដ្ឋ វ៉េស បេនហ្កាល់ (West Bengal ) ប្រទេសឥណ្ឌា នៅយប់ម៉ោងជិត២ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ បណ្តាលឱ្យមនុស្សយ៉ាងតិច៩នាក់ស្លាប់ និង៦នាក់ផ្សេងទៀតរងរបួស។

មិននៅឆ្ងាយនោះទេ! សណ្ឋាគារដែលត្រូវព្រះអគ្គិលេបត្របាក់នេះ ស្ថិតនៅជិតនាយកដ្ឋានពន្លត់អគ្គិភ័យតែម្តង។ បើតាមរបាយការណ៍ដែលផ្សាយដោយសារព័ត៌មានអន្តរជាតិនានា រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ត្រូវបានដាក់ពង្រាយ ដើម្បីបាញ់ទឹកពន្លត់អគ្គិភ័យ រហូតរលត់ និងអាចគ្រប់គ្រងស្ថានការណ៍បាន តែសណ្ឋាគារនេះ ឆេះស្ទើរតែខ្ទេចខ្ទីអស់ទៅហើយ។ ជាមួយគ្នា ក្រុមប៉ូលិស និងក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើប្រតិបត្តិការជួយសង្គ្រោះភ្ញៀវ និងប្រជាជននៅជិតសណ្ឋាគារដែលឆេះនេះ។ អ្នករបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះភ្លាមៗ។

សារព័ត៌មាន ABC ស្រង់សម្តីមន្រ្តីប៉ូលិសម្នាក់ដែលចុះធ្វើប្រតិបត្តិការដល់ទីតាំងសណ្ឋាគារថា ក្រុមអ្នកពន្លត់អគ្គិភ័យ បានព្យាយាមចូលទៅរកមនុស្សដែលជាប់នៅជាន់ខាងលើ ខណៈផ្សែងយ៉ាងក្រាស់ឃ្មឹក បានហុយយ៉ាងទ្រលោមពាសពេញសណ្ឋាគារ។ អាជ្ញាធរមានសមត្ថកិច្ច អះអាងថា កិច្ចការសំខាន់ និងត្រូវធ្វើបន្ទាន់ គឺជួយសង្គ្រោះមនុស្សនៅជាប់នៅខាងក្នុងអគារ និងស៊ើបអង្កេតរកមូលហេតុនៃការឆេះនេះ។

មន្រ្តីប៉ូលិស សន្និដ្ឋាថា ចំនួនអ្នកស្លាប់ អាចនឹងមានច្រើនជាង៩នាក់។ ABC ផ្សាយថា អគ្គិភ័យដែលឆាបឆេះសន្ធោសន្ធៅបែបនេះ ជារឿយៗ គឺបណ្តាលមកពីបញ្ហាចរន្តអគ្គិសនី ឬការផ្ទុះហ្កាស ឬឧស្ម័ន ហើយសឹងតែក្លាយជារឿងធម្មតាទៅហើយនៅឥណ្ឌា។ ទើបតែ២-៣ថ្ងៃមុនប៉ុណ្ណោះ គឺកាលពីថ្ងៃទី១៧ ខែសីហាថ្មីៗនេះ អគ្គិភ័យបានឆាបឆេះសណ្ឋាគារមួយក្នុងទីក្រុង តារ៉ាភីត (Tarapith) រដ្ឋវ៉េស បេនហ្កាល់ នេះ បណ្តាលឱ្យមនុស្សយ៉ាងតិច៧នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។ ចំណែកកាលពីខែធ្នូ ឆ្នាំ២០២៥ មានមនុស្សយ៉ាងតិច២៥នាក់បានស្លាប់ ក្នុងហេតុការណ៍ឆេះក្លិបរាត្រីដ៏ពេញនិយមមួយនៅរដ្ឋ ហ្កូ (Goa) ភាគខាងលិចប្រទេសឥណ្ឌា៕





