
រដ្ឋធានីវ៉ាស៊ីនតោន៖ កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក កំពុងប្រឈមមុខនឹងការត្រួតពិនិត្យឡើងវិញ បន្ទាប់ពីនាវាចម្បាំងមួយគ្រឿង បានបាត់បង់ថាមពលអគ្គិសនីទាំងស្រុង ខណៈកំពុងបំពេញបេសកកម្មនៅសមុទ្ទចិនខាងត្បូង បណ្តាលឱ្យនាវិកជាប់គាំងនៅទីនោះ ដោយគ្មានទឹក និងអាហារសម្រាប់ទទួលទាន អត់ប្រព័ន្ធម៉ាស៊ីនត្រជាក់ ឬបង្គន់ប្រើប្រាស់រយៈពេល៤ថ្ងៃ។ នេះបើតាមសារព័ត៌មាន Daily Mail ចុះផ្សាយ កាលពីថ្ងៃអង្គារទី១៨សីហាម្សិលមិញ...។

ការខូចខាតម៉ាស៊ីនភ្លើង នៅលើនាវា USS Benfold (យូអេសអេស បែនហ្វូលដ៍) កាលពីថ្ងៃទី២៤ ខែកក្កដា បានធ្វើឱ្យនាវាពិឃាដមួយគ្រឿងនេះ បាត់បង់ថាមពលអគ្គិសនី។ ស្របពេលជាមួយគ្នា កងនាវារបស់កងទ័ពជើងទឹកផ្សេងៗទៀត ត្រូវបានស្នើឱ្យទៅជួយផ្គត់ផ្គង់ស្បៀងអាហារដល់នាវិក ខណៈនាវាពិឃាដ Benfold ត្រូវអូសទៅកាន់កំពង់ផែមួយ ស្ថិតក្នុងប្រទេសហ្វីលីពីន ហើយនៅទីនោះ នាវិកទាំងនោះ ត្រូវបានរៀបចំឱ្យស្នាក់នៅលើដីគោក។ ថាមពលពេញលេញមិនត្រូវបានស្ដារឡើងវិញ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ហើយមិនមានសេចក្ដីរាយការណ៍អំពីអ្នករងរបួសនោះឡើយ។ ប៉ុន្ដែកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក មិនបានបង្ហាញអំពីឧបទ្ទវហេតុនេះ អស់រយៈពេលជិតមួយខែមកហើយ។ នេះបើតាមកាសែត The Washington Post បានរាយការណ៍។

ការដាច់ចរន្តអគ្គិសនីបែបនេះ កើតឡើងចំពេលរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រឈមមុខនឹងការរិះគន់ ជុំវិញការដាក់ពង្រាយកងនាវាផ្ទុកយន្តហោះបន្ថែម នៅតំបន់មជ្ឈិមបូព៌ា រួមទាំងនាវាផ្ទុកយន្តហោះ USS Abraham Lincoln (យូអេសអេស អាប្រាហាំ លីនខន់) ជាកន្លែងដែលមានរបាយការណ៍អំពីនាវិកអស់សង្ឃឹម បានលោតទម្លាក់ខ្លួនពីលើនាវាផ្ទុកយន្ដហោះ រហូតធ្វើឱ្យគ្រួសាររបស់កងទ័ព មានការខឹងសម្បាយ៉ាងខ្លាំង។ ក្រុមគ្រួសារកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក បានពិពណ៌នាអំពីការធ្លាក់ចុះសីលធម៌ និងគំនិតធ្វើអត្តឃាតនៅលើនាវា ដោយភរិយារបស់នាវិកម្នាក់ បានប្រាប់សារព័ត៌មាន Navy Times ថា ប្ដីរបស់នាង បានការបាក់ទឹកចិត្តជាខ្លាំង ហើយបានព្យាយាមលោតចុះពីលើនាវា។

នាវាពិឃាដ USS Benfold បានក្លាយជាផ្នែកមួយ នៃកងនាវាផ្ទុកយន្ដហោះវាយប្រហារ USS George Washington (យូអេសអេស ចច វ៉ាស៊ីនតោន)។ បច្ចុប្បន្ន កងនាវាផ្ទុកយន្ដហោះវាយប្រហារមួយក្រុមនេះ កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជំនួសកងនាវាផ្ទុកយន្ដហោះវាយប្រហារ USS Abraham Lincoln ។ ប៉ុន្ដែនៅពេលត្រូវប្រឈមមុខអំពីក្តីបារម្ភរបស់ក្រុមគ្រួសារយោធា ពាក់ព័ន្ធនឹងស្ថានភាពនៅលើកងនាវាផ្ទុកយន្ដហោះ USS Abraham Lincoln កាលពីសប្ដាហ៍មុន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបដិសេធយ៉ាងដាច់អហង្ការ ថា គ្មានអ្វីត្រូវព្រួយបារម្ភនោះទេ។ នាវាផ្ទុកយន្ដហោះនោះ កំពុងធ្វើដំណើរយ៉ាងល្អ ហើយនៅពេលឆាប់ៗ នឹងមានកងនាវាស្រដៀងគ្នានេះ នឹងចូលមកជំនួស។ ឥឡូវ កងនាវាផ្ទុកយន្ដហោះ USS George Washington កំពុងធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជំនួសកងនាវាផ្ទុកយន្ដហោះវាយប្រហារ USS Abraham Lincoln៕


