
រាជធានីបាងកក៖ ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារខេត្តណាន ភាគខាងជើងរបស់ប្រទេសថៃ បង្កឱ្យកើតមានគ្រោះទឹកជំនន់យ៉ាងគំហុក ជន់លិច បំផ្លិចបំផ្លាញទំនប់បង្ហៀរទឹកសម្រាប់ស្រោចស្រពផលដំណាំ និងហូរច្រោះផ្ដាច់ស្ពាន នៅតាមផ្លូវដ៏សំខាន់មួយខ្សែ ជំរុញឱ្យអាជ្ញាធរអំពាវនាវដល់ពលរដ្ឋដែលរស់ក្នុងតំបន់មានហានិភ័យខ្ពស់ ត្រៀមខ្លួនជម្លៀសចេញ។ នេះបើតាមសារព័ត៌មានខាវសដ ចេញផ្សាយនៅថ្ងៃពុធទី១៩ ខែសីហា...។

ការិយាល័យទំនាក់ទំនងសាធារណៈរបស់ខេត្តណាន បានឱ្យដឹងថា នៅស្រុកសន្តិសុខ (สันติสุข) ផ្នែកម្ខាងនៃទំនប់បង្ហៀរទឹកស្រែលាវ (นาลาว) មានទឹកហូរយ៉ាងខ្លាំង បុកបាក់ បណ្ដាលឱ្យខូចខាតផ្លូវថ្នល់នៅក្បែរនោះ និងស្ពានមួយខ្សែ។ ភ្លៀងធ្លាក់ខ្លាំង បានធ្វើឱ្យចរន្តទឹកហូរ ហូរចេញពីប្រព័ន្ធផ្លូវទឹករបស់វា ហើយបានហូរទៅជន់លិចផ្ទះសម្បែង ដីកសិកម្ម និងផ្លូវថ្នល់មួយចំនួន ដែលជាហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក។ ភូមិជំរំដំរី (บ้านปางช้าง) ស្ថិតក្នុងឃុំពោង (พงศ์) គឺជាតំបន់មួយ ក្នុងចំណោមតំបន់រងផលប៉ះពាល់។ ក្រុមន្រ្ដីនៅក្នុងតំបន់ បញ្ជាក់ថា នៅវេលាម៉ោង៦ព្រឹកថ្ងៃពុធទី១៩សីហានេះ ភ្លៀងដ៏ខ្លាំងមួយកំពុងបង្អុរទឹកយ៉ាងជោគជាំ ពេញទាំងភូមិស្រុក។ ការជន់លិចនេះ បានធ្វើឱ្យផ្លូវ ពីប៉្យាយេន (พญาเย็น) ទៅគៀវមួយ ជាផ្លូវចូលទៅក្នុងទីប្រជុំជនរបស់ខេត្តណាន មិនអាចដំណើរការឆ្លងកាត់បាន។

អាជ្ញាធរបានប្រើប្រាស់ទូកម៉ាស៊ីនរបស់រដ្ឋបាលឃុំប៉ាឡែវហ្លួង(ป่าแล้วหลวง) ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជាប់នៅក្បែរតំបន់ទឹកលិច ស្ថិតនៅភូមិសិរីបុណ្យរឿង (บ้านศรีบุญเรือง) នៃឃុំពោង ប៉ុន្តែប្រតិបត្តិការនេះ បានជួបប្រទះនឹងការលំបាក ដោយសារតែចរន្តទឹកហូរខ្លាំង។ ក្រៅពីនេះ ក៏មានប្រជាពលរដ្ឋជាប់នៅលើស្ពានឆ្លងកាត់ស្ទឹងម៉ួប (มัวป) ស្ថិតក្នុងភូមិណាមសុង (บ้านน้ำสอง) នៃឃុំឌូហ្វូង(ตู้ฟง) ផងដែរ។ ក្រោយមក អាជ្ញាធរស្រុក ក៏បានរាយការណ៍ថា ប្រជាពលរដ្ឋទាំងអស់ដែលជាប់នៅលើស្ពាន ត្រូវបានជួយសង្គ្រោះ ប្រកបដោយសុវត្ថិភាពអស់ហើយ។

ស្របគ្នានេះដែរ ក៏មានសេចក្តីរាយការណ៍អំពីទឹកជំនន់នៅក្នុងស្រុកបួរ (ปัว), ឈៀងក្លាង (เชียงกลาง) និងថាវ៉ាងផា (ท่าวังผา) ជាពិសេស នៅជុំវិញផ្លូវទឹកណាមភួ (น้ำพัว) និងណាមខួង(น้ำขวง)។ រីឯស្ពានមួយនៅលើផ្លូវហាយវេលេខ១២៥៦ ពីស្រុកបួរ ទៅស្រុកប៎ក្លឿ (บ่อเกลือ) ត្រូវគេរាយការណ៍ថា បានបាក់ស្រុត ធ្វើឱ្យយានយន្តគ្រប់ប្រភេទ មិនអាចធ្វើដំណើរឆ្លងកាត់បាន។ ទន្ទឹមគ្នា អាជ្ញាធរបានណែនាំដល់អ្នកដំណើរដែលឆ្ពោះទៅកាន់ទៅស្រុកប៎ក្លឿ ត្រូវងាកទៅប្រើប្រាស់ផ្លូវហាយវេលេខ១០៨១ ដោយឆ្លងកាត់ស្រុកសន្តិសុខវិញ។ អាជ្ញាធរខេត្តណាន បានបញ្ជាក់ថា ភ្លៀងធ្លាក់ក្នុងកម្រិតលើសពី២០០មិល្លីម៉ែត្រ នៅតំបន់មួយចំនួន ជាពិសេស នៅស្រុកបួរ, ស្រុកសន្តិសុខ និងស្រុកម៉ែជ្រីម (แม่จริม) ចាប់តាំងពីពាក់កណ្តាលអធ្រាត្ររហូតមក បណ្ដាលឱ្យមានទឹកជំនន់ជន់លិចភ្លាមៗ នៅតំបន់ភាគខាងជើង នៃខេត្តនេះ កម្រិតទឹកនៅក្នុងទន្លេយ៉ៅ (เหยา) និងទន្លេវ៉ា (วา) កំពុងកើនឡើង។

អាជ្ញាធរខេត្តណាន បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ដែលមានហានិភ័យខេត្តណាន ជាពិសេស តំបន់ធ្លាប់រងគ្រោះដោយទឹកជំនន់ កាលពីឆ្នាំ២០០៦ និងឆ្នាំ២០២៤ ត្រូវផ្លាស់ប្ដូរទីតាំងសម្ភារ និងយានយន្តទៅកាន់ទីទួលសុវត្ថិភាព ហើយត្រៀមខ្លួនជម្លៀសក្រុមមនុស្សដែលងាយរងគ្រោះបន្ទាន់។ ដោយឡែក សម្រាប់អ្នកសម្រេចចិត្តស្នាក់នៅផ្ទះ ត្រូវបានអាជ្ញាធរណែនាំឱ្យត្រៀមស្បៀងអាហារ ទឹកទទួលទាន និងថ្នាំពេទ្យសម្រាប់រយៈពេលយ៉ាងហោចណាស់ចំនួន៣ថ្ងៃ ព្រមទាំងត្រូវមានឧបករណ៍បំភ្លឺ ឧបករណ៍ចម្អិនអាហារ និងឧបករណ៍ទំនាក់ទំនង។ បន្ថែមពីលើនេះ អាជ្ញាធរក៏បានព្រមានថា ការផ្គត់ផ្គង់អគ្គិសនី អាចនឹងត្រូវផ្អាកនៅក្នុងតំបន់មួយចំនួន។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ក៏បានជំរុញឱ្យអាជ្ញាធរជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ រួមទាំងមនុស្សចាស់ និងអ្នកជំងឺដែលសម្រាកព្យាបាលនៅលើគ្រែ ទៅកាន់ទីតាំងដែលមានសុវត្ថិភាព បើមានការចាំបាច់៕


