ពលរដ្ឋរដ្ឋថៃរួមគ្នាបំផ្ទុះមតិរិះគន់ពេញបណ្តាញសង្គម លើប្រព័ន្ធយុត្តិធម៌ ក្រោយបិតាឧក្រិដ្ឋជនគ្រឿងញៀនដែលត្រូវជាប់គុកមួយជីវិត បែរជាត្រូវដោះលែងវិញ
Mao Sopha
2 ម៉ោងមុន

រដ្ឋធានីបាងកក៖ ពលរដ្ឋថៃ នាំគ្នាបណ្តែតមតិរបស់ខ្លួនពាសពេញបណ្តាញសង្គម ជុំវិញការដោះលែងលោក ឡៅតា សែនលី (Laota Saenlee) អធិរាជគ្រឿងញៀន វ័យ៨៥ឆ្នាំ។ សារព័ត៌មានបាងកកប៉ុស្តិ៍ ចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ដោយបង្ហាញពីការមិនចេញចិត្ត និងការរិះគន់របស់ពលរដ្ឋថៃ ទៅលើការដោះលែងមេខ្លោងគ្រឿងញៀនដ៏ធំសម្បើមរូបនេះ។

លោក ឡៅតា
លោក ឡៅតា

បើតាមអត្ថបទកាសែតបាងកកប៉ុស្តិ៍ ពលរដ្ឋថៃ បាននាំគ្នាចោទសួរពីប្រព័ន្ធយុត្តិធម៌ តើនៅមានភាពត្រឹមត្រូវទៀតដែរទេ? មជ្ឈដ្ឋានមួយចំនួន ថែមទាំងចោទសួរថា តើប្រព័ន្ធយុត្តិធម៌ថៃ មានភាពងាយស្រួលពេកឬ ទើបបានមេខ្លោងគ្រឿងញៀន ត្រូវបានបន្ធូរបន្ថយទោស និងដោះលែងស្រួលៗបែបនេះ? បន្ថែមពីនេះ គេមើលឃើញថា ការដោះលែងមេឧក្រិដ្ឋជនគ្រឿងញៀន នាំឱ្យបាត់ទំនុកចិត្តលើ​ប្រព័ន្ធ​យុត្តិធម៌។

ពលរដ្ឋថៃនាំគ្នាធ្វើបាតុកម្មក្នុងរាជធានីបាងកកកន្លងមក។ 
ពលរដ្ឋថៃនាំគ្នាធ្វើបាតុកម្មក្នុងរាជធានីបាងកកកន្លងមក។ 

មិនមែនតែសារព័ត៌មានថៃទេ សារព័ត៌មានអន្តរជាតិ ក៏បានចុះផ្សាយពីករណីដោះលែងលោក ឡៅតា ដែរ។ បើតាមសារព័ត៌មានចិន South China Morning Post ក្រសួងយុត្តិធម៌ថៃ បានបញ្ជាទៅស្ថាប័នកែប្រែអប់រំអ្នកជាប់ឃុំ (Department of Corrections) ត្រូវពិនិត្យពិច័យឱ្យសុក្រឹតសិន មុនធ្វើសំណើសុំបន្ធូរបន្ថយ ឬសុំលើកលែងទោសដល់អ្នកទោសណាម្នាក់។

ក្រសួងយុត្តិធម៌ថៃ
ក្រសួងយុត្តិធម៌ថៃ

គេដឹងច្បាស់ណាស់ថា បញ្ជារបស់ក្រសួងយុត្តិធម៌ កើតឡើងបន្ទាប់ពីផ្ទុះការរិះគន់របស់ពលរដ្ឋទៅលើការដោះលែងមេឧក្រិដ្ឋជនគ្រឿងញៀន។ កុំថាឡើយពលរដ្ឋទូទៅ សូម្បីតែអតីតមេប៉ូលិសប្រឆាំងគ្រឿងញៀន លោក រីវ៉ាត់ ក្លិនកេសរ ក៏មិនអាចទ្រាំនៅស្ងៀមបានដែរ ដោយលោកចេញមុខរិះគន់ចំៗចំពោះការដោះលែងនេះ។ សារព័ត៌មានអន្តរជាតិ South China Morning Post បានស្រង់សម្តីអតីតមេប៉ូលិសប្រឆាំងគ្រឿងញៀនថៃ ទៅសរសេរថា លោក ឡៅតា មិនគួរត្រូវបានចាត់ទុកជាអ្នកទោសល្អ ដែលត្រូវដោះលែងនោះទេ

លោក រីវ៉ាត់ ក្លិនកេសរ
លោក រីវ៉ាត់ ក្លិនកេសរ

លោក ឡៅតា ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៦ ហើយទើបតែអនុវត្តទោសក្នុងពន្ធនាគារបានជិត១០ឆ្នាំប៉ុណ្ណោះ។ ពលរដ្ឋថៃភ្ញាក់ផ្អើលខ្លាំង និងស្លឺភ្នែកគ្រប់គ្នា ពេលទទួលដំណឹងថា លោកត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ កាលពីថ្ងៃ១៤ ខែសីហា ឆ្នាំ២០២៦ថ្មីៗនេះ បន្ទាប់ពីមានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ស្តីពីការបន្ធូរបន្ថយទោសយ៉ាងច្រើនលើសលប់ដល់លោក។ យោងតាមព្រះរាជក្រឹត្យ លោក ត្រូវបានបន្ធូរបន្ថយទោសពីមួយជីវិត មកនៅត្រឹម៨ឆ្នាំ៣ខែ ហើយដោយសារលោកជាប់ពន្ធនាគារជិត១០ឆ្នាំរួចទៅហើយនោះ លោកក៏ដល់ពេលត្រូវដោះលែងវិញដែរ។ បើតាមព្រះរាជក្រឹត្យដដែល ការបន្ធូរបន្ថយទោសឱ្យលោក គឺផ្អែកលើហេតុផលថា លោក មានវ័យចាស់ជរា និងបានក្រែប្រែខ្លួនទៅជាមនុស្សល្អវិញ។   

មហាក្សត្រថៃ
មហាក្សត្រថៃ

មានសញ្ជាតិថៃ និងជាពលរដ្ឋថៃ តែពុំមែនមានដើមកំណើតជាជនជាតិថៃនោះទេ! តាមការពិត លោក ឡៅតា មានដើមកំណើតជាជនជាតិភាគតិច លីស៊ូ (Lisu) នៅភាគខាងជើងប្រទេសថៃ។ លោក ធ្លាប់ជាអតីតកងទ័ពនៃបក្ស គួមីនតាង (Kuomintang) របស់លោក ជៀង កៃជៀក ឬ (Chiang Kai-sheak) នៅស្រុកចិនឯណោះ កាលពីអំឡុងទសវត្សរ៍៥០។ 

សមត្ថកិច្ចចាប់លោក ឡៅតា (រង្វល់មូលក្រហម) និងបក្ខពួក កាលពីឆ្នាំ២០១៦។ 
សមត្ថកិច្ចចាប់លោក ឡៅតា (រង្វល់មូលក្រហម) និងបក្ខពួក កាលពីឆ្នាំ២០១៦។ 

ក្រៅពីជួញដូរគ្រឿងញ្រៀនតាមច្រកងងឹតជាច្រើន ឬតាមមធ្យោបាយទុច្ចរិតនានា លោក ឡៅតា ក៏ត្រូវបានប៉ូលិសរកឃើញថា ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​តំបន់​ត្រីកោណ​មាសដែរ។ តំបន់​ត្រីកោណ​មាស ជាតំបន់មួយនៅជាប់ព្រំដែនប្រទេសចំនួន៣ គឺថៃ ភូមា និងឡាវ។ តំបន់នេះ ល្បីល្បាញខ្លាំងណាស់ខាងផលិត និងជួញដូរគ្រឿងញៀនរាប់ទសវត្សរន៍មកហើយ ដោយមិនទាន់មានប្រទេស ឬភាគីណាអាចកម្ចាត់បានឡើយ។  

តំបន់ត្រីកោណមាស
តំបន់ត្រីកោណមាស

ត្រឡប់មកនិយាយពីប្រទេសថៃវិញ! មួយរយៈចុងក្រោយ ប្រទេសនេះ ហាក់ល្បីឈ្មោះដោយសារគ្រឿងញៀន និកញ្ឆានេះខ្លាំង ហើយការចាប់មេខ្លោងគ្រឿងញៀនក៏មានជាបន្តបន្ទាប់មិនចេះអស់។ មិនត្រឹមតែល្បីដោយសារករណីជួញដូរ និងផលិតក្នុងស្រុកខ្លួនឯងនោះទេ តែក៏មានករណីលួចនាំគ្រឿងញៀនចេញពីថៃទៅក្រៅប្រទេសដែរ ហើយត្រូវអាជ្ញាធរជាម្ចាស់ប្រទេសនោះ ចាប់បាន និងផ្សាយតាមបណ្តាញសារព័ត៌មានយ៉ាងព្រោងព្រាត៕

គ្រឿងញៀនត្រូវរឹបអូសបានកន្លងមក, សង្ស័យថាលួចនាំចេញពីតំបន់ត្រីកោណមាស។
គ្រឿងញៀនត្រូវរឹបអូសបានកន្លងមក, សង្ស័យថាលួចនាំចេញពីតំបន់ត្រីកោណមាស។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត