
រាជធានីភ្នំពេញ៖ កម្ពុជា និងម៉ាឡេស៊ី នៅថ្ងៃទី១៩សីហានេះ បានរួមគ្នាបើកវេទិកាពាណិជ្ជកម្ម និងជំនួបផ្គូផ្គងធុរកិច្ច ភ្ជាប់ជាមួយបេសកកម្មជំរុញការនាំចេញមកកាន់កម្ពុជា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម…។

វេទិកាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី និងជំនួបផ្គូផ្គងធុរកិច្ច ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីលោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ទទួលបន្ទុកបេសកកម្មពិសេស, លោក សាហារុឌីន ប៊ីន អុន (Shaharuddin Bin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះកម្ពុជា, ប្រធានសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី, តំណាងសហគមន៍ធុរកិច្ច និងក្រុមហ៊ុននៃប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាសក្នុងការពង្រីកការធ្វើពាណិជ្ជកម្ម និងភាពជាដៃគូធុរកិច្ចរវាងកម្ពុជា និងម៉ាឡេស៊ី។ លោកស្រី ចម និម្មល មានប្រសាសន៍ថា វេទិកាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី មានសារសំខាន់រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

រដ្ឋមន្រ្តីពាណិជ្ជកម្ម គូសបញ្ជាក់ពីសន្ទុះវិជ្ជមាននៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី ដោយក្នុងរយៈពេល៧ខែឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនដល់ប្រមាណ៩៤៧លានដុល្លារអាម៉េរិក កើនឡើង៥៨,២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ កាលពីឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី សម្រេចបានប្រមាណ១,០៨ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត២៥ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន៨៦៥លានដុល្លារអាម៉េរិក។ បើតាមលោកស្រី ចម និម្មល កំណើនពាណិជ្ជកម្មដ៏រឹងមាំនេះ បានឆ្លុះបញ្ចាំងពីភាពបំពេញបន្ថែមឱ្យគ្នារវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

លោកស្រី បានលើកទឹកចិត្តឱ្យធុរជនម៉ាឡេស៊ីស្វែងរកឱកាសថ្មីៗនៅកម្ពុជា ក្នុងវិស័យដូចជា៖ ទំនិញប្រើប្រាស់ទូទៅ, កសិផលកែច្នៃ, សុខាភិបាល, ថាមពលបៃតង, សេវាឌីជីថល, ភស្តុភារកម្ម, និងវិស័យហាឡាល ជាដើម ព្រមទាំងជំរុញការពង្រឹងកិច្ចសហការរវាងវិស័យឯកជន តាមរយៈការរៀបចំជាប្រចាំនូវវេទិកាផ្គូផ្គងធុរកិច្ច ការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្ដល់ព័ត៌មានទីផ្សារ និងការសម្របសម្រួលការវិនិយោគ ជាដើម។ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានប្រកាសត្រៀមខ្លួនបន្តកិច្ចសហការជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធ ដើម្បីប្រែក្លាយទំនាក់ទំនងទ្វេភាគីដ៏រឹងមាំទៅជាឱកាសពាណិជ្ជកម្មជាក់ស្តែង និងផលប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មប្រកបដោយចីរភាព។ លោកស្រីអំពាវនាវដល់វិស័យឯកជននៃប្រទេសទាំងពីរ រួមគ្នាប្រែក្លាយ «ការចូលដល់ទីផ្សារ ទៅជាវត្តមាននៅក្នុងទីផ្សារ» និង «ទំនាក់ទំនងធុរកិច្ច ទៅជាភាពជាដៃគូពាណិជ្ជកម្ម» ដើម្បីរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ច និងវិបុលភាពរួមរបស់ប្រទេសទាំងពីរ៕





