
រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ តាន់ស្រ៊ី អាហ្សាន មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ…។

នេះជាជំនួបលើកដំបូងរវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងនាយឧត្តមសេនីយ៍ តាន់ស្រ៊ី អាហ្សាន បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ។ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ី ក៏បានផ្លាស់ប្ដូរទស្សនៈ អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត និងបានឯកភាពបន្តរក្សាការសម្របស់ម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកម៉ាឡេស៊ី ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងចំណងមិត្តភាព ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ផ្អែកលើឯកសារលក្ខខណ្ឌប្រតិបត្តិ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងគោកទាំងពីរ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០២៥។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏មិនភ្លេចថ្លែងអំណរគុណជាថ្មីម្ដងទៀតដល់ម៉ាឡេស៊ី ចំពោះការរួមចំណែកដ៏សំខាន់ក្នុងការគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាពរាជធានីកូឡាឡាំពួ និងការបញ្ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកកាន់ប្រទេសកម្ពុជា។ លោកគូសបញ្ជាក់ថា ការចូលរួមរបស់ម៉ាឡេស៊ីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ បានរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការកសាងទំនុកចិត្តនៅបណ្តោយព្រំដែន៕



