កម្ពុជា-ម៉ាឡេស៊ី បន្តពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កសិកម្ម និងការពារជាតិ
អុន សម្ផស្ស
05 សីហា 2026 11:00 AM

រាជធានីគូឡាឡាំពួ៖ កិច្ចប្រជុំគណៈកម្មការចម្រុះស្តីពី«កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី លើកទី៣» នៅរាជធានីគូឡាឡាំពួ ប្រមុខការទូតកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ហើយឈានដល់កម្រិតថ្មី ស្របពេលដែលប្រទេសទាំងពីរ កំពុងត្រៀមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៧..។ 

ក្រសួងការបរទេសកម្ពុជា ប្រកាសព័ត៌មាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគី (JCBC) លើកទី៣ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ជាតុ មហាម៉ាដ ហាហ្សាន កាលពីថ្ងៃទី៤សីហា ភាគីទាំងពីរ បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ និងបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងផ្លាស់ប្ដូរទស្សនៈ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្ដីកង្វល់រួម។ ក្នុងទំនាក់ទំនងទ្វេភាគីលើវិស័យសេដ្ឋកិច្ច កម្ពុជា-ម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្ម និងឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផលិតកម្ម ការកែច្នៃអាហារ ភស្តុភារកម្ម សេដ្ឋកិច្ចឌីជីថល ថាមពលកកើតឡើងវិញ និងថាមពលឆ្លងដែន ព្រមទាំងរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគ ពិព័រណ៍ពាណិជ្ជកម្ម និងកម្មវិធីផ្គូផ្គងធុរកិច្ច។ 

ចំពោះវិស័យកសិកម្ម ភាគីទាំងពីរ ឯកភាពពង្រីកការផ្លាស់ប្ដូរពាណិជ្ជកម្មលើកសិផលផ្សេងៗ បន្ថែមពីលើអង្ករ រួមមាន គ្រាប់ស្វាយចន្ទី វារីវប្បកម្ម និងជីកសិកម្ម ដើម្បីបំពេញបន្ថែមផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ រីឯក្នុងវិស័យការពារជាតិ និងសន្តិសុខ កម្ពុជា-ម៉ាឡេស៊ី ស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំក្រុមការងារកងទ័ពជើងគោកលើកទី១ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរគ្រឿងញៀន តាមរយៈការចែករំលែកព័ត៌មាន និងការកសាងសមត្ថភាព។ បន្ថែមលើនោះ ភាគីទាំងពីរ ក៏បានឯកភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទេសន្តរប្រវេសន៍ការងារ ការការពារពលករចំណាកស្រុក ទេសចរណ៍ និងអាកាសចរណ៍ ដោយជំរុញការបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ។ 

ក្រៅពីនេះ អង្គប្រជុំ ក៏បានពិភាក្សាលើវិស័យអាទិភាពថ្មីៗ រួមមាន៖ បញ្ញាសិប្បនិម្មិត (AI) ឌីជីថល ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគ្រោះមហន្តរាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព័ត៌មាន និងការផ្សព្វផ្សាយ សុខាភិបាល នគរូបនីយកម្ម មុខងារសាធារណៈ និងវប្បធម៌។ ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ រដ្ឋមន្ត្រីទាំងពីរ បានផ្លាស់ប្ដូរទស្សនៈលើសភាពការណ៍ក្នុងតំបន់ រួមទាំងជម្លោះព្រំដែនកម្ពុជា-ថៃ។ រដ្ឋមន្ត្រីការបរទេសកម្ពុជា បញ្ជាក់ជាថ្មី ថា កម្ពុជានឹងបន្តដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។ កិច្ចប្រជុំ បានបញ្ចប់ដោយការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ JCBC លើកទី៣ និងឯកភាពរៀបចំកិច្ចប្រជុំ JCBC លើកទី៤ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៨៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត