
ប្រទេសម៉ាឡេស៊ី៖ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ ព្រមទាំងចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី លើកទី៣ រយៈពេល២ថ្ងៃ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅរាជធានីគូឡាឡាំពួ កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦...។

ក្នុងជំនួប លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីដ៏សកម្មរបស់ម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ជាពិសេស ការចូលរួមសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពរាជធានីគូឡាឡាំពួ (Kuala Lumpur Peace Accord) និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT)។ ជាមួយគ្នា លោកឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវសេចក្តីនឹករលឹកយ៉ាងកក់ក្ដៅ និងការជូនពរដ៏វិសេសវិសាលពីប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសថ្ងៃខួបកំណើតនាពេលខាងមុខ។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម ចាត់ទុកជំនួបនេះ ថាបានផ្តល់ឱកាសឱ្យប្រទេសទាំង២ ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើវិស័យពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឧស្សាហកម្មអាហារ សន្តិសុខស្បៀង និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនផងដែរ។ លោកនាយករដ្ឋមន្ត្រី បន្ថែមថា ក្នុងនាមជារដ្ឋសមាជិកអាស៊ាន ប្រទេសម៉ាឡេស៊ី និងកម្ពុជា មានការទទួលខុសត្រូវរួមគ្នា ក្នុងការថែរក្សាសន្តិសុខ ពង្រឹងភាពជាធ្លុងមួយក្នុងតំបន់ និងសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ ដើម្បីអនាគតកាន់តែរុងរឿងសម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់។

ភាគីទាំងពីរ បានសម្ដែងការពេញចិត្តចំពោះភាពរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឱកាសដែលកម្ពុជា និងម៉ាឡេស៊ី នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៧ កម្ពុជាបានបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយម៉ាឡេស៊ី ដើម្បីលើកកម្ពស់ភាពជាដៃគូឱ្យកាន់តែរឹងមាំ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់តំបន់អាស៊ាន៕






