យោធាភូមា និងក្រុមបំបែករដ្ឋការ៉ែនបើកឆាកប្រយុទ្ធគ្នា ខណៈគ្រាប់កាំភ្លើងបន្តផ្លាតចូលផ្ទះពលរដ្ឋថៃដូចលាច
ហៀប ស៊ីថេត
7 ម៉ោងមុន

រាជធានីបាងកក៖ ស្ថានការណ៍តាមបណ្តោយព្រំដែនថៃ-ភូមា កាន់តែឡើងកម្តៅដូចបន្ទុះភ្នំភ្លើង ខណៈការប្រយុទ្ធគ្នារវាងយោធាភូមា និងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចការ៉ែន នៅតំបន់ម្យ៉ាវ៉ាឌី (Myawaddy) កាន់តែស្រួចស្រាវ ដោយយោធាភូមា បានប្រើប្រាស់យន្តហោះយោធា អាវុធធុនធ្ងន់ និងធុនតូច បើកប្រតិបត្តិការសឹកគាំទ្រប្រតិបត្តិការនៅជួរមុខ។ នេះបើតាមការចុះផ្សាយដោយកាសែតថៃ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

ការប្រយុទ្ធគ្នា បានចាប់ផ្តើមនៅទល់មុខស្រុកម៉ែសូត្រ (Mae Sot) និងស្រុកភពព្រះ (อำเภอพบพระ) បានបង្កឱ្យមានការភ័យស្លន់ស្លោជាខ្លាំងដល់ប្រជាជនថៃ ខណៈគ្រាប់កាំភ្លើងបានហោះឆ្លងព្រំដែនចូលក្នុងប្រទេសថៃជាថ្មីម្ដងទៀត។ ជាក់ស្តែង នៅភូមិហួយមហាវង្ស (ห้วยมหาวงศ์) គ្រាប់កាំភ្លើងបានធ្លាក់ និងបាញ់ត្រូវផ្ទះប្រជាពលរដ្ឋថៃជាច្រើនកន្លែង។ ហេតុការណ៍នេះបង្ហាញថា ការប្រយុទ្ធនៅភូមា កំពុងបង្កការគំរាមកំហែងដោយផ្ទាល់ដល់សុវត្ថិភាពប្រជាជនថៃ នៅតាមព្រំដែនជាមួយភូមា ប៉ុន្តែយោធាថៃ មិនហ៊ានបាញ់តបតវិញឡើយ ខ្លាចរអិលធ្លាក់ក្នុងសង្គ្រាមជាមួយភូមា។

ជាមួយគ្នា យន្តហោះយោធាភូមា ត្រូវបានប្រើដើម្បីទម្លាក់ ឬដឹកស្បៀងអាហារ និងសម្ភារផ្គត់ផ្គង់ទៅកាន់កងទ័ពនៅជួរមុខ ដោយសារក្បួនដឹកជញ្ជូនតាមផ្លូវគោកប្រឈមនឹងការស្ទាក់វាយប្រហារពីកងកម្លាំងការ៉ែន។ សូមជម្រាបថា គ្រាប់កាំភ្លើងរបស់យោធាភូមា បានហោះឆ្លងចូលដីថៃជាបន្តបន្ទាប់ ខណៈការប្រយុទ្ធដ៏ក្ដៅគគុកនៅភូមា កំពុងបន្តរាលដាល និងប៉ះពាល់ដល់សន្តិសុខនៅក្នុងតំបន់ព្រំដែនថៃយ៉ាងខ្លាំង ប៉ុន្តែភាគីថៃ បានត្រឹមតែអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ប៉ុណ្ណោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត