
រាជធានីភ្នំពេញ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី និងលោក បេន យ៉ាង (Ben Yang) នាយកគ្រប់គ្រង Weixin Pay ប្រចាំតំបន់អាស៊ីអាគ្នេយ៍ អាម៉េរិកខាងជើង អាម៉េរិកឡាទីន ពង្រីកកិច្ចសហប្រតិបត្តិការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវការទូទាត់ឆ្លងដែនរវាង កម្ពុជា-ចិន តាមរយៈ KHQR ពីកម្មវិធីទូទាត់ចល័ត Weixin Pay ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦តទៅ...។

ការដាក់ឱ្យដំណើរការ«ការទូទាត់ឆ្លងដែន»នេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Weixin Pay ឬ WeChat Pay អាចស្កេន KHQR នៅតាមអាជីវកម្មនានាក្នុងប្រទេសកម្ពុជា ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្ម តាមរយៈបណ្តាញប្រតិបត្តិការរបស់ Weixin Pay។ វានឹងផ្តល់ភាពងាយស្រួលជាពិសេសដល់ភ្ញៀវទេសចរចិន ក្នុងការទូទាត់ថ្លៃអាហារ ទំនិញ ការធ្វើដំណើរ និងសេវាកម្សាន្តនានា ដោយប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល។ លោកស្រី ជា សិរី លើកឡើងថា ការដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែននេះ មានអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសំខាន់ពីរ។ ទី១. ផ្តល់បទពិសោធទូទាត់ដែលរហ័ស សុវត្ថិភាព និងងាយស្រួលដល់ភ្ញៀវទេសចរបរទេស ជាពិសេស ភ្ញៀវទេសចរចិន ដោយមិនចាំបាច់ប្តូររូបិយបណ្ណ កាន់សាច់ប្រាក់ ឬប្រើបណ្ណទូទាត់ផ្សេងទៀត។

ទី២.ជួយឱ្យសហគ្រាស និងពាណិជ្ជករកម្ពុជា ចាប់ពីអាជីវកម្មធំ រហូតដល់សហគ្រាសមីក្រូ តូច និងមធ្យម អាចទទួលការទូទាត់ពីអតិថិជនបរទេស បានកាន់តែទូលំទូលាយ តាមរយៈ KHQR ដែលមានស្រាប់ ដោយមិនប្រឈមនឹងការកាត់កម្រៃប្រតិបត្តិការបន្ថែម។ លើកឡើងស្របគ្នានេះដែរ លោក បេន យ៉ាង ចាត់ទុកការដាក់ឱ្យដំណើរការនេះ ថា ជាសមិទ្ធផលសំខាន់មួយក្នុងការធ្វើអន្តរប្រតិបត្តិការទូទាត់រាយឆ្លងដែនរវាងកម្ពុជា និងចិន។ លោកបានបញ្ជាក់ថា ការប្រើប្រាស់ KHQR សម្រាប់ការទូទាត់ នឹងជួយពង្រីកលទ្ធភាពនៃការទូទាត់ឱ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាព ព្រមទាំងជួយសម្រួលដល់ភ្ញៀវទេសចរចិន ក្នុងការប្រើប្រាស់សេវាកម្មនានានៅកម្ពុជា។

លោក បេន យ៉ាង បញ្ជាក់បន្ថែមថា កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែផ្តោតលើការសម្រួលការទូទាត់របស់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលដៅជំរុញការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក សម្របសម្រួលបទប្បញ្ញត្តិ និងជំរុញការធ្វើឌីជីថលភាវូបនីយកម្មនៅក្នុងវិស័យពាណិជ្ជកម្ម។ មិនតែប៉ុណ្ណោះ ការដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាម KHQR រវាងកម្ពុជា និងចិន ត្រូវបានចាត់ទុកថា ជាជំហានថ្មីមួយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់ឌីជីថល រវាងប្រទេសទាំងពីរ និងអាចរួមចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា៕






