
រាជធានីភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងរដ្ឋធានីប៉េកាំង នៅព្រឹកថ្ងៃទី២៦មិថុនា ឆ្នាំ២០២៦ លោក ស៊ី ជីនពីង (Xi Jinping) ) ប្រធានាធិបតី និងជាអគ្គលេខាធិការនៃគណបក្សកុម្មុយនីស្ដចិន បានប្រកាសសារនយោបាយការទូតដ៏ពិសេសមួយថា ទំនាក់ទំនងកម្ពុជា-ចិន មានភាពរឹងមាំដូចជាផ្ទាំងសិលា។ សាររបស់លោក ស៊ី ត្រូវបានស្រង់យកទៅបង្ហោះលើទំព័រហ្វេសប៊ុកសម្តេចតេជោ នៅក្រោយបញ្ចប់ជំនួប។

លោក ស៊ី ជីនពីង ថ្លែងទៅកាន់សម្ដេច ថា លោកពេញចិត្ត និងរីករាយដែលបានរួមចំណែកក្នុងការកសាងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនឱ្យរឹងមាំដល់ពេលបច្ចុប្បន្ននេះ។ សម្ដេច បានអរគុណ និងបង្ហាញការពេញចិត្តចំពោះការលើកឡើងរបស់ប្រធានាធិបតីចិន ជុំវិញទំនាក់ទំនងកម្ពុជា និងចិន។ សម្ដេចមានប្រសាសន៍ថា កម្ពុជា-ចិន គឺជាមិត្តដែកថែប ហើយបើទោះបីជាពិភពលោកមានការប្រែប្រួល និងអាកាសធាតុមានការប្រែប្រួលបែបណាក្ដី តែមិត្តភាពរវាងកម្ពុជា-ចិន មិនមានការប្រែប្រួលសោះឡើយ។ ប្រធានព្រឹទ្ធសភាកម្ពុជា សង្កត់ធ្ងន់ថា៖ «កម្ពុជាចាត់ទុកចិន គឺជាមិត្តចាស់ ជាមិត្តពិត និងជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា»។

បន្ថែមពីនេះ មេដឹកនាំចិន និងប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានពិភាក្សាគ្នាលើការពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាទាំងក្របខ័ណ្ឌសេដ្ឋកិច្ច និងក្របខ័ណ្ឌនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ជាពិសេស សម្ដេចតេជោ បានស្នើដល់ភាគីចិនឱ្យគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាបន្តទៀត ព្រោះការកសាងហេដ្ឋាចនាសម្ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនអាចខ្វះតួនាទីរបស់ចិនបានឡើយ។ ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាទាក់ទងទៅនឹងការពង្រឹងកិច្ចការនៅក្នុងក្របខ័ណ្ឌពង្រឹងសន្តិសុខរវាងប្រទេសទាំងពីរ, ការផ្លាស់ប្ដូរនូវព័ត៌មានគ្នា, និងការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចរវាងប្រតិភូជាន់ខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន និង លោក ស៊ី ជីនពីង ក៏បានពិភាក្សាគ្នាលើបញ្ហាអន្តរជាតិមួយចំនួន ដែលបានកើតឡើងនាពេលបច្ចុប្បន្ន ហើយមានស្ថានភាពប្រែប្រួលយ៉ាងឆាប់រហ័ស ដែលតម្រូវឱ្យកម្ពុជា និងចិន ពួតដៃគ្នាបន្ថែមទៀត ក្នុងការសហការ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងឆាកអន្តរជាតិ។ សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់សម្តេច និងគណៈប្រតិភូកម្ពុជានៅប្រទេសចិន ប្រព្រឹត្តទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា៕





