
រាជធានីភ្នំពេញ៖ ទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសកម្ពុជា ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប មានការជឿទុកចិត្តគ្នា ហើយមិត្តភាពដ៏ល្អនេះ មិនអាចមានអ្នកណាមកបំបែកបានឡើយ។ នេះជាការអះអាងរបស់លោក ចាវ ឡឺជី (ZHAO Leji) ប្រធានសភាតំណាងប្រជាជនចិន ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅមហាវិមានប្រជាជនចិន រដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

លោក ចាវ ឡឺជី រម្លឹកថា កម្ពុជា និងចិន តែងតែជួយយកអាសាគ្នាទៅវិញទៅមក។ លោកក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០២៥ ដែលបានបង្ហាញនូវការពង្រឹងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេស គឺការជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ ហើយបើទោះបីជាពិភពលោកមានការប្រែប្រួល [ឬ]អាកាសធាតុមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ប៉ុន្តែមិត្តភាពកម្ពុជា-ចិន មិនប្រែប្រួលឡើយ។

សម្ដេច ក៏បានលើកឡើងពីទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងនៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិ ស្ថាប័នបក្ស និងស្ថាប័ននីតិបញ្ញត្តិ ដោយបញ្ជាក់ថា សម្ដេចចង់ឃើញស្ថាប័ននីតិបញ្ញត្តិរវាងប្រទេសទាំងពីរដើរតួនាទីកាន់តែសកម្មបន្ថែមទៀត នៅក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ដើម្បីគាំទ្រដល់ស្ថាប័ននីតិប្រតិបត្តិ និងគណបក្សរវាងប្រទេសទាំងពីរដែរ។ លោក ចាវ ឡឺជី បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់សម្ដេច ដោយលោកលើកឡើងបន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងចិនគឺជាការទាក់ទងទំនាក់ទំនងដោយការជឿជាក់គ្នា មិនអាចមានអ្នកណាមកបំបែកនូវមិត្តភាពនេះបានឡើយ។ ទន្ទឹមគ្នា លោកក៏ចង់ឃើញប្រទេសទាំងពីរ ពោលគឺស្ថាប័ននីតិបញ្ញត្តិរវាងកម្ពុជា-ចិន មានទំនាក់ទំនងគ្នាកាន់តែស្អិតល្មួតបន្ថែមទៀត ក្នុងគោលដៅដើម្បីចូលរួមចំណែកក្នុងការជួយជ្រោមជ្រែងដោយការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។

ក្នុងថ្ងៃដដែល សម្ដេចតេជោ ហ៊ុន សែន ក៏បានបន្តជួបពិភាក្សាជាមួយលោក លីវ ហៃស៊ីង (Liu Haixing) រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងកិច្ចការបរទេសរបស់បក្សកុម្មុយនីស្ដចិន។ លោក លូ ហៃស៊ីង បានសម្ដែងក្ដីរីករាយ និងបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេច ថាជាចលករដ៏សំខាន់ក្នុងការពង្រឹងបន្ថែមទៀតនូវមិត្តភាពដែកថែបរវាងកម្ពុជា និងចិន៕





