
រាជធានីភ្នំពេញ៖ អបអរសាទរ ទីបំផុតផ្លែខ្នុរស្រស់របស់កម្ពុជា ត្រូវបានរដ្ឋាភិបាលចិន បើកផ្លូវឱ្យនាំចូលទៅកាន់ទៅកាន់ទីផ្សាររបស់ខ្លួនហើយ…។

កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោកស្រី ស៊ុន ម៉ីជុន (Sun Meijun) រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយចិន បានអញ្ជើញចុះហត្ថលេខាលើឯកសារពិធីសារ ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែខ្នុរស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន។ ក្រៅពីការបើកផ្លូវនាំចេញផ្លែខ្នុរស្រស់ ភាគីកម្ពុជា-ចិន ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័កដំណាំ និងបសុសត្វ និងការនាំចេញ-នាំចូលចំណីអាហារដែលមានសុវត្ថិភាពផងដែរ។

មន្រ្តីក្រសួងកសិកម្ម បានឱ្យដឹងថា ពិធីសារភូតគាមអនាម័យនេះ បានកំណត់យ៉ាងច្បាស់នូវលក្ខខណ្ឌបច្ចេកទេស ចាប់តាំងពីដំណាក់កាលថែទាំ ប្រមូលផល សម្អាត កែច្នៃ វេចខ្ចប់ រហូតដល់ការដឹកជញ្ជូន។ លក្ខខណ្ឌបច្ចេកទេស ដែលត្រូវបានកំណត់ គឺដើម្បីធានាថាគ្រប់កសិផលដែលនាំចេញ គ្មានផ្ទុកមេរោគ សារធាតុគីមី សត្វល្អិតចង្រៃ ឬជំងឺឆ្លង ដែលអាចបង្កហានិភ័យដល់សុខភាពមនុស្ស សត្វ និងដំណាំឡើយ។ នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចាបើកទីផ្សារអន្តរជាតិ និងកសាងទំនុកចិត្តលើគុណភាពកសិផលខ្មែរ។

ក្រសួងកសិកម្ម បានអបអរសាទរដល់ប្រជាកសិករ និងវិស័យឯកជនកម្ពុជាទាំងអស់ សម្រាប់ជំហានដ៏មានសារសំខាន់មួយនេះ។ យ៉ាងណាក៏ដោយ ដើម្បីធានាបាននូវការនាំចេញដោយជោគជ័យ និងរក្សាបាននូវកេរ្តិ៍ឈ្មោះកសិផលកម្ពុជា ក្រសួងកសិកម្មបានអំពាវនាវដល់អ្នកផលិត និងអ្នកនាំចេញទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យបានល្អ អនុវត្តតាមស្ដង់ដារអនាម័យ ព្រមទាំងតម្រូវការភូតគាមអនាម័យរបស់ប្រទេសចិន ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។

គួរកត់សម្គាល់ថា ព្រោះតែគុណភាព និងកេរ្តិ៍ឈ្មោះកសិផលរបស់កម្ពុជា ត្រូវបានចិនបើកផ្លូវឱ្យនាំចូលក្នុងទីផ្សារប្រទេសខ្លួនជាបន្តបន្ទាប់។ ជាក់ស្ដែង មុនផ្លែខ្នុរស្រស់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ កម្ពុជា-ចិន បានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន។ ចំណែក កាលពីថ្ងៃទី១៨កក្កដា ឆ្នាំ២០២៥ ផ្លែទុរេនស្រស់របស់កម្ពុជាជាង១៧តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ជាលើកដំបូង តាមផ្លូវសមុទ្ទ។ «ទុរេនខ្មែរ ពិតជាមានឱជារសឈ្ងុយឆ្ងាញ់»។ នេះជាពាក្យកោតសរសើររបស់ប្រជាជនចិនមួយក្រុម ក្នុងពេលពួកគាត់កំពុងភ្លក្សរសជាតិទុនរេនស្រស់របស់កម្ពុជា ហើយត្រូវបានគេថតវីដេអូបង្ហោះចែកចាយលើបណ្ដាញសង្គម នាពេលថ្មីៗនេះ។ ពាក្យកោតសរសើររបស់ប្រជាជនចិន នៅក្នុងវីដេអូ ជាភស្ដុងតាងមួយទៀត បង្ហាញប្រាប់ប្រជាជនចិន និងជនបរទេសផ្សេងទៀតថា ទុរេន និងកសិផលផ្សេងទៀតរបស់កម្ពុជា ពិតជាមានរសជាតិឆ្ងាញ់ និងមានគុណភាពល្អ គ្មានសារធាតុគីមីបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សឡើយ៕




