
រាជធានីភ្នំពេញ៖ ក្នុងអំឡុងទស្សនកិច្ច និងចូលរួមពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកនៅចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗរបស់ចិន រួមមាន លោកប្រធានាធិបតី ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រី លី ឈាង។ ខ្លឹមសារនៃជំនួប រួមទាំងលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ត្រូវបានក្រសួងការបរទេសកម្ពុជា បង្ហាញជាសាធារណៈតាមរយៈសេចក្តីប្រកាសព័ត៌មាន នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានបញ្ជាក់ពីការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនង «មិត្តដែកថែប» និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌ«យុទ្ធសាស្ត្របញ្ចកោណ» និង«គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» ព្រមទាំងពន្លឿនការអនុវត្តគម្រោង«ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» «ច្រករបៀងមច្ឆា និងអង្គរ» ដើម្បីជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

ចំពោះវិស័យសេដ្ឋកិច្ច និងវិនិយោគ ថ្នាក់ដឹកនាំចិនបានបញ្ជាក់ពីការបន្តលើកទឹកចិត្តសហគ្រាសចិន ឱ្យបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត និងគាំទ្រគម្រោងអភិវឌ្ឍន៍ជាតិសំខាន់ៗ រួមមាន គម្រោងធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងការពង្រីកការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារចិន។ កម្ពុជា-ចិន ក៏បានឯកភាពប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ ដើម្បីពង្រឹងពាណិជ្ជកម្មទ្វេភាគី។ ទន្ទឹមគ្នានេះ ភាគីទាំងពីរបានអះអាងសាជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នា ទៅវិញទៅមក។ សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំចិនដែលបានបញ្ជាក់សាជាថ្មីនូវការគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងការពារអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី ព្រមទាំងគាំទ្រកម្ពុជាដើរតួនាទីកាន់តែសំខាន់ក្នុងកិច្ចការតំបន់ និងអន្តរជាតិ។

ជាមួយគ្នានេះ សម្តេចធិបតី បានជម្រាបភាគីចិនអំពីការវិវត្តចុងក្រោយនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងបានថ្លែងអំណរគុណចំពោះតួនាទីរបស់ចិនក្នុងការជំរុញកិច្ចសន្ទនា កាត់បន្ថយភាពតានតឹង គាំទ្រការរក្សាបទឈប់បាញ់ ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកកម្ពុជា។ កម្ពុជា-ចិន ក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ជាពិសេសការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្តេច បានបញ្ជាក់ថា កម្ពុជានឹងបន្តបង្ក្រាបបទល្មើសប្រភេទនេះដោយម៉ឺងម៉ាត់ និងមិនលើកលែងឡើយ។ ក្រៅពីនេះ ថ្នាក់ដឹកនាំកម្ពុជា-ចិន បានឯកភាពពង្រឹងវិស័យអប់រំ វប្បធម៌ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ខណៈចិនបានបន្តផ្តល់អាហារូបករណ៍ និងការបណ្ដុះបណ្ដាលដល់និស្សិតកម្ពុជា៕








