នាវិកនៅលើ​នាវាផ្ទុកយន្ដហោះវាយប្រហារសហរដ្ឋអាម៉េរិក​ កំពុងប្រឈមនឹងវិបត្ដិផ្លូវចិត្តធ្ងន់
S
Sinuon Nop
2 ម៉ោងមុន

រដ្ឋធានីតេហ៊ីរ៉ង់៖ កងនាវាផ្ទុកយន្ដហោះវាយប្រហាររបស់សហរដ្ឋអាម៉េរិក យូអេសអេស អាប្រាហាំ លីនខន់ (​USS Abraham Lincoln) ចាប់ផ្ដើមដាក់ពង្រាយ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងប្រតិបត្ដិការយោធា ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប៉ុន្ដែការដាក់ពង្រាយរយៈពេលយូរបែបនេះ បានធ្វើឱ្យសមាជិក នៃកងនាវិក នៅលើនាវាផ្ទុកយន្ដហោះមួយគ្រឿងនេះ កើតមានវិបត្ដិផ្លូវចិត្ត រហូតដល់ចង់ធ្វើអត្ដឃាត...។

មេបញ្ជាការនៃទីបញ្ជាការ​កណ្តាលសហរដ្ឋអាមេរិក និងរដ្ឋមន្រ្ដីក្រសួងសង្គ្រាម ភីត ហេគសេត (ខាងក្រោយ)
មេបញ្ជាការនៃទីបញ្ជាការ​កណ្តាលសហរដ្ឋអាមេរិក និងរដ្ឋមន្រ្ដីក្រសួងសង្គ្រាម ភីត ហេគសេត (ខាងក្រោយ)

សារព័ត៌មានរបស់កូរ៉េខាងត្បូង The Chosun Daily (ឌឺ ជូសុន ដេលី) បានចេញផ្សាយនៅព្រឹកថ្ងៃអង្គារទី១៨ ខែសីហាថា រហូតមកដល់ពេលនេះ មានសេចក្តីរាយការណ៍ អំពីកងនាវាផ្ទុក​យន្តហោះចម្បាំងរបស់សហរដ្ឋអាម៉េរិក USS Abraham Lincoln ដែលបានដាក់ពង្រាយ​ នៅក្នុងតំបន់មជ្ឈិមបូព៌ា អស់រយៈពេលប្រហែល៩ខែ បន្ទាប់ពីចាកចេញពីសហរដ្ឋអាម៉េរិក ចាប់តាំង​ពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមក កំពុងប្រឈមនឹង​បញ្ហាជាបន្តបន្ទាប់ ដោយសារការដាក់ពង្រាយកងកម្លាំងរយៈពេលយូរ។ ឥឡូវ​បញ្ហាដ៏ចម្រូងចម្រាសជាច្រើន បានផ្ទុះឡើង បន្ទាប់ពីមានករណីសមាជិកនាវិក នៅលើនាវាផ្ទុកយន្ដហោះមួយគ្រឿង ប៉ុនប៉ងធ្វើអត្តឃាត។ ស្ថិតក្នុងស្ថានភាពបែបនេះ លោកនាយឧត្ដមសេនីយ៍ ប្រេដ ខូភើរ (Brad Cooper) មេបញ្ជាការនៃទីបញ្ជាការ​កណ្តាល សហរដ្ឋអាម៉េរិក (U.S. Central Command) ទទួលបន្ទុកប្រតិបត្តិការយោធា ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ បានចាត់វិធានការបន្ទាន់​ជាច្រើន រួមទាំងការចុះទៅជួបផ្ទាល់ជាមួយកងនាវិក នៅលើនាវាផ្ទុកយន្ដហោះនេះ។​

បើតាមទីបញ្ជាការកណ្ដាលសហរដ្ឋអាម៉េរិក (CENTCOM) បានឱ្យដឹងថា ​លោកនាយឧត្តមសេនីយ៍ ប្រេដ ខូភើរ​ ​ទទួលបន្ទុកដឹកនាំប្រតិបត្តិការសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ បានចុះទៅដល់​នាវាផ្ទុកយន្ដហោះ យូអេសអេស អាប្រាហាំ លីនខន់ ដែលកំពុងប្រតិបត្តិការ នៅក្នុងដែនទឹកនៃតំបន់មជ្ឈិមបូព៌ា កាលពីប៉ុន្មានថ្ងៃមុន។ លោកផ្កាយ៤រូបនេះ កោតសរសើរថា៖«កង​នាវាផ្ទុកយន្ដហោះវាយប្រហារ យូអេសអេស អាប្រាហាំ លីនខន់​​ ជាក្រុមដ៏រឹងមាំមួយ ទទួលបានលទ្ធផលល្អប្រសើរ ហើយលោកមានមោទកភាពយ៉ាងខ្លាំង ចំពោះសមិទ្ធផលរបស់កងទ័ពអាម៉េរិក​។ ​ ប្រវត្តិសាស្ត្រនេះ នឹងកត់ត្រា អំពីការដាក់ពង្រាយកងកម្លាំង នៅក្នុង​ព្រឹត្តិការណ៍ដ៏តានតឹង និងមានសារសំខាន់បំផុត​ ក្នុង​​សង្គ្រាមសម័យទំនើបនេះ»

ទោះជាយ៉ាងណាក៏ដោយ លោកនាយឧត្ដមសេនីយ៍ ប្រេដ ខូភើរ ​បានបញ្ជាក់ផងដែរថា៖«ក្នុងចំណោមកងនាវាផ្ទុកយន្តហោះចម្បាំងទាំង១១គ្រឿងរបស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក កងនាវាផ្ទុកយន្ដហោះ Lincoln មានករណីពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្តតិចតួចបំផុត​​។​ នេះមិនមែនមានន័យថា អ្វីៗទាំងអស់សុទ្ធតែល្អឥតខ្ចោះនោះដែរ។ បញ្ហាសុខភាពផ្លូវចិត្ត ក៏ដូចជាសុខភាពរាងកាយ និងសុខភាពខាងស្មារតី គឺសុទ្ធតែត្រូវការនូវការយកចិត្តទុកដាក់បំផុត»​​​​។

កងនាវាផ្ទុកយន្ដហោះវាយប្រហារ យូអេសអេស អាប្រាហាំ លីនខន់ ​មាន​នាវិកនៅលើនោះ ជាង៥០០០នាក់ ហើយបានចាកចេញពីមូលដ្ឋានកងទ័ពជើងទឹក San Diego រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ បើតាមផែនការ​ពីដំបូងឡើយ កងនាវាផ្ទុកយន្ដហោះនេះ នឹងត្រូវដាក់ពង្រាយ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប៉ុន្ដែបន្ទាប់មក ក៏បានដាក់ពង្រាយឡើងវិញ ទៅកាន់តំបន់មជ្ឈិមបូព៌ា នៅក្នុងខែមករា ឆ្នាំ២០២៦ ហើយក៏បានចូលរួមប្រតិបត្ដិការយោធា នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត