វៀតណាម ចាយលុយជិត១០០លានដុល្លារ សាងសង់រោងចក្រអគ្គិសនីដើរដោយកម្លាំងខ្យល់
S
Sinuon Nop
3 ម៉ោងមុន

រដ្ឋធានីហាណូយ៖ កន្លងមក មានតែបណ្ដាប្រទេសមានបច្ចេកវិទ្យាធំៗប៉ុណ្ណោះ ដែលបានប្រើប្រាស់កម្លាំងខ្យល់សម្រាប់បង្កើតថាមពលអគ្គិសនី បំពេញតម្រូវការនៅក្នុងប្រទេសរបស់ពួគេ ប៉ុន្ដែឥឡូវនេះ វៀតណាម ក៏កំពុងសាងសង់រោងចក្រអគ្គិសនីបែបនេះដូចគ្នា នៅក្នុងប្រទេសរបស់ខ្លួនដែរ...។

សារព័ត៌មានវៀតណាម VN Express International បានចេញផ្សាយកាលពី​ពេលថ្មីៗនេះថា អ្នកជំនាញផ្នែកថាមពលវៀតណាម កំពុងសាងសង់រោងចក្រអគ្គិសនី ដើរដោយកម្លាំងខ្យល់ មានសមត្ថភាពផលិតថាមពលអគ្គិសនីរហូតដល់៥០មេហ្គាវ៉ាត់ (MW)។ ​​ការសាងសង់រោងចក្រថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់នេះ ​​ចាប់ផ្តើមដំណើរការនៅក្នុងខេត្តទឹកខ្មៅ(ដែនដីកម្ពុជាក្រោម) ឬភាគខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្ន ដោយបានចាប់អនុវត្តតាំង​ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ ​រោងចក្រថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់នេះ ប្រើប្រាស់​ផ្ទៃដីគោក និង​សមុទ្ទ ទំហំប្រហែល៦០០ហិកតា ជាមួយនឹងទំហំវិនិយោគសរុបប្រមាណ​៩៦លានដុល្លារអាម៉េរិក។ ទំហំចំណាយលើកគម្រោងនេះ រួមមាន ខ្សែបញ្ជូនថាមពលកម្រិត១១០គីឡូវ៉ុល (KV) ប្រវែង១៣គីឡូម៉ែត្រ, អនុស្ថានីយបំប្លែងតង់ស្យុងកម្រិត៦៣មេហ្គាវ៉ុល-អំពែរ (MVA), ប្រព័ន្ធខ្សែភ្លើងក្រោមដីកម្រិតតង់ស្យុងមធ្យម ព្រមទាំងទួរប៊ីនខ្យល់ និងគ្រឹះរបស់វា។

លោក ផាម មីញទ្រី (Phạm Minh Trí) អគ្គនាយកក្រុមហ៊ុនសុង ឡាម-កាម៉ៅ អេនើរជី JSC (Song Lam -Ca Mau Energy JSC) បានបញ្ជាក់ថា ខេត្តទឹកខ្មៅ នៅជាប់នឹងសមុទ្ទទាំងបីជ្រុង មានសក្តានុពលយ៉ាងខ្លាំង សម្រាប់ការអភិវឌ្ឍថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់។ ក្រោយពេល​សាងសង់រួច រោងចក្រអគ្គិសនី​​មួយនេះ ត្រូវគេរំពឹងទុកថា នឹងបង្កើតអគ្គិសនីប្រចាំឆ្នាំ គិតជាមធ្យម ប្រហែល១៤៤លានគីឡូវ៉ាត់ម៉ោង(kWh)​។ ជាមួយគ្នា ក្រុមហ៊ុននឹងប្រមូលផ្តុំធនធាន សម្រាប់អនុវត្តដំណាក់កាល​បន្តបន្ទាប់ ដើម្បីពន្លឿនការសាងសង់ឱ្យស្របតាមកាលកំណត់ ព្រមទាំងបំពេញកាតព្វកិច្ច សម្រាប់រដ្ឋ និងការទទួលខុសត្រូវចំពោះសហគមន៍មូលដ្ឋាន។

ទន្ទឹមនេះ លោក ហ្វិញ ជី ង្វៀន (Huỳnh Chí Nguyên) អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បញ្ជាក់ថា អាជ្ញាធរខេត្ត បានស្នើឱ្យក្រុមហ៊ុន​វិនិយោគ ប្រើប្រាស់ធនធានហិរញ្ញវត្ថុ មនុស្ស និងឧបករណ៍ឱ្យអស់ពីលទ្ធភាព ដើម្បីធានាគុណភាព និងវឌ្ឍនភាពនៃគម្រោង។ បើតាមផែនការ រោងចក្រនេះ​ នឹងចាប់ផ្តើមដំណើរការផលិតអគ្គនិសនីនៅត្រីមាសទី៤នៃឆ្នាំ២០២៨ យ៉ាងយូរបំផុត។ ដូច្នេះ ក្រុមហ៊ុន​វិនិយោគ ត្រូវតែគោរព​បទប្បញ្ញត្តិឱ្យបានម៉ឺងម៉ាត់ ស្តីពីការវិនិយោគ ហើយផ្តល់អាទិភាពដល់កម្មករក្នុងស្រុក និងបំពេញការទទួលខុសត្រូវសង្គម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ​ការពារបរិស្ថាន និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនក្នុងតំបន់នេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត