
រដ្ឋធានីណៃពិដោ៖ ប្រជាជនភូមាសរុបប្រមាណ៥០០នាក់ហើយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងទីក្រុងយ៉ាងហ្កុន (Yangon) បន្ទាប់ពីមានជំងឺរាករូសធ្ងន់ធ្ងរ។ ក្នុងចំណោមពួកគេ មានប្រមាណ១៥០នាក់ ត្រូវបានធ្វើតេស្ត និងរកឃើញមានជំងឺអាសន្នរោគ (Cholera)។ នេះបើតាមរបាយការណ៍បង្ហាញដោយមន្រ្តីសុខាភិបាលភូមា និងត្រូវបានចុះផ្សាយដោយសារសារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦...។

ជំងឺអាសន្នរោគ ជាទូទៅ គឺបណ្ដាលមកពីការទទួលទានអាហារ ឬទឹកដែលមានមេរោគ ដែលអាចស្លាប់ក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ ប្រសិនបើព្យាបាលមិនទាន់ពេល។ អ្នកជំងឺថ្មីជាង១០០នាក់ ដែលរាករូសខ្លាំងដោយសារឆ្លងជំងឺអាសន្នរោគ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពីសប្តាហ៍មុន។ ទោះយ៉ាងណា មន្រ្តីសុខាភិបាលភូមា អះអាងថា ករណីថ្មីនៃការកើត ឬការឆ្លងជំងឺអាសន្នរោគនេះ បានធ្លាក់ចុះវិញ។

អ្នកជំងឺវ័យ៩២ឆ្នាំម្នាក់ បានស្លាប់ដោយសាររាករូសខ្លាំង បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែសារព័ត៌មានខ្លះរបស់ភូមា ផ្សាយថា អ្នកជំងឺវ័យ៩២ឆ្នាំនោះ ស្លាប់ដោយសារជំងឺបេះដូង និងសួត ពុំមែនដោយសារជំងឺអាសន្នរោគនោះទេ។ ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីសុខាភិបាលភូមា កំពុងបន្តតាមដាន និងចាត់វិធានការគ្រប់គ្រងការផ្ទុះជំងឺអាសន្នរោគនេះ។

សូមជម្រាបថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ពោល..ចាប់តាំងពីមានរដ្ឋប្រហារនៅដើមឆ្នាំ២០២១មក ប្រជាជនភូមា ត្រូវរស់នៅទាំងលំបាកលំបិនក្នុងសង្គ្រាមស៊ីវិល បូករួមទាំងវិបត្តិសេដ្ឋកិច្ច ដែលធ្លាក់ដុនដាបផងដែរ។ មានការប៉ាន់ប្រមាណថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ប្រជាជនភូមាខ្ទង់១សែននាក់ បានបាត់បង់ជីវិត។ ប្រជាជនខ្លះ កើតជំងឺ ឬឆ្លងជំងឺផ្សេងៗ ដោយសារបរិភោគអាហារមិនមានអនាម័យល្អ ខ្វះស្បៀង និងខ្វះជម្រកត្រឹមត្រូវ ហើយបញ្ហាទាំងនេះ គឺជាផ្នែកមួយដែលបណ្ដាលមកពីសង្គ្រាមស៊ីវិល៕






