
ព្រំដែន៖ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កាសែតលំដាប់អន្តរជាតិរបស់អាល្លឺម៉ង់ DW News បានរៀបរាប់អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនរវាងប្រទេសកម្ពុជា-ថៃ នៅតែបន្តមានភាពតានតឹងខ្លាំង ដោយសារតែភាគីថៃបានរៀបចំសាងសង់របងរឹងមាំជាអចិន្ត្រៃយ៍នៅតំបន់មួយចំនួន។ ការចល័តកម្លាំងយោធា និងការបង្កើតតំបន់សុវត្ថិភាពដោយឯកតោភាគី បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរ បណ្ដាលឱ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត និងរាប់សែននាក់ផ្លាស់ប្ដូរទីលំនៅយ៉ាងតក់ក្រហល់...។

យោងតាមខ្លឹមសារនៃសារព័ត៌មានខាងលើ បង្ហាញថា ជម្លោះដែនដីដ៏រ៉ាំរ៉ៃរវាងប្រទេសជិតខាងទាំង២ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ មានប្រភពចេញពីការខ្វែងគំនិតគ្នាលើតុល្យភាពផែនទីសម័យអាណានិគម និងការទាមទារសិទ្ធិកាន់កាប់ទីតាំងប្រវត្តិសាស្ត្រ និងប្រាសាទបុរាណ ជាពិសេសគឺ ប្រាសាទព្រះវិហារ ដែលជាប្រាសាទបុរាណខ្មែរ។ បច្ចុប្បន្ន តំបន់ព្រំដែនទាំងមូលត្រូវបានបំពាក់ដោយកម្លាំងយោធាជាច្រើន ហើយច្រកព្រំដែនធំៗនៅតែត្រូវបានបិទជិត បង្កើតជាការព្រួយបារម្ភយ៉ាងខ្លាំងអំពីការផ្ទុះអាវុធសាជាថ្មី។ អ្នកយកព័ត៌មានរបស់ DW គឺ លោក ចច ម៉ាថេស (George Matthes) បានទទួលការអនុញ្ញាតពិសេស ដើម្បីចុះទៅកាន់តំបន់ព្រំដែនត្រើយខាងកម្ពុជា ដើម្បីស៊ើបអង្កេតស្ថានភាពជាក់ស្តែង។ «ទាហានកម្ពុជាបានបង្ហាញថា ភាគីថៃបានបង្កើតអ្វីដែលខ្លួនហៅថា តំបន់សុវត្ថិភាព ប៉ុន្តែសកម្មភាពនេះ ត្រូវបានកងទ័ពកម្ពុជាចាត់ទុកថា ជាការរំលោភបំពានឈ្លានពានចូលទឹកដីកម្ពុជា។ យោធាថៃបានរំកិលប៉ុស្តិ៍ពិនិត្យរបស់ខ្លួន ចូលមកក្នុងទឹកដីកម្ពុជាជិត២គីឡូម៉ែត្រ បើធៀបនឹងទីតាំងដើមកាលពីឆ្នាំមុន» នេះបើតាមការលើកឡើងរបស់លោក ចច ម៉ាថេស ឆ្លើយឆ្លងទៅទីស្នាក់ការផ្សាយបន្តផ្ទាល់របស់ DW News។

លោក ចច ម៉ាថេស បានរៀបរាប់ទៀតថា ផ្ទះសម្បែង និងភូមិករជាច្រើននៅតាមព្រំដែន ត្រូវបានបំផ្លិចបំផ្លាញដោយសារគ្រាប់កាំភ្លើងធំ១៥៥មីលីម៉ែត្ររបស់យោធាថៃ។ សព្វថ្ងៃ តំបន់នោះ នៅតែបន្តបិទមិនឱ្យប្រជាពលរដ្ឋស៊ីវិលចូលរស់នៅឡើយ ហើយពោរពេញទៅដោយលេណដ្ឋាន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ(UXO)។ លោកបានបន្តសង្កត់ធ្ងន់ថា៖«មនុស្សរាប់ម៉ឺននាក់ ដែលមិនអាចវិលត្រឡប់ទៅផ្ទះវិញបាន កំពុងរស់នៅក្នុងជំរំស្នាក់នៅបណ្តោះអាសន្ន ឬភូមិរង់ចាំ ដែលត្រូវបានសាងសង់ឡើងនៅតំបន់ដាច់ស្រយាល ឆ្ងាយពីប្រភពការងារ និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន»។ ពេលមានជម្លោះ ព្រំដែនត្រូវបានបិទ ដែលថៃបិទដោយឯកតោភាគី ធ្វើឱ្យប្រជាជនរាប់លាននាក់ និងទំនិញមិនអាចចរាចរណ៍បាន។ កងកម្លាំងដោះមីនកំពុងប្រញាប់ប្រញាល់ បោសសម្អាតគ្រាប់មិនទាន់ផ្ទុះ ដោយផ្តោតលើតំបន់អាទិភាពដូចជា សាលារៀន និងមន្ទីរពេទ្យជាដើម នេះជាការឆ្លើយឆ្លងរបស់លោក ចច ម៉ាថេស។

នៅក្នុងកិច្ចសម្ភាសជាមួយ DW លោកស្រី មូរ សុខហួ (MU Sochau) អ្នកនយោបាយ និងជាសកម្មជនសិទ្ធិមនុស្សកម្ពុជា បានផ្តល់ទស្សនៈលើបញ្ហានេះថា ទីតាំងកម្ពុជាប្រមាណ៦០កន្លែង ត្រូវភាគីថៃឈ្លានពានយក ដោយសារតែថៃមានឧត្តមភាពទាំងផ្នែកយោធា និងសេដ្ឋកិច្ច។ លើសពីនេះ លោកស្រីបានលើកឡើងថា កម្ពុជាកំពុងស្ថិតក្នុងជំហរទន់ខ្សោយលើឆាកអន្តរជាតិ ដោយសារតែបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងឧក្រិដ្ឋកម្មអនឡាញ ធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់ជាតិ។ លើសពីនេះ លោកស្រីបានរិះគន់អាស៊ាន ថា វប្បធម៌មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង មិនអាចដោះស្រាយជម្លោះនេះបានស៊ីជម្រៅឡើយ។ ដំណោះស្រាយដ៏មានប្រសិទ្ធភាពតែមួយគត់ គឺការប្រើប្រាស់យន្តការតុលាការអន្តរជាតិ ដូចជា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលធ្លាប់បានកាត់ក្ដីលើរឿងក្ដីប្រាសាទព្រះវិហារ កាលពីឆ្នាំ១៩៦២ និងឆ្នាំ២០១៣ កន្លងមក។

គួរបញ្ជាក់ថា សង្គ្រាមឈ្លានពានរបស់យោធាថៃ លើដែនអធិបតេយ្យភាពកម្ពុជា មិនត្រឹមតែបង្កការខូចខាតដល់សេដ្ឋកិច្ច និងទំនាក់ទំនងនយោបាយនៅក្នុងប្លុកអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែអ្នកដែលរងគ្រោះបំផុតពីទង្វើឈ្លានពាននេះ គឺប្រជាពលរដ្ឋស៊ីវិលដែលរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំង២ ខណៈប្រជាជនកម្ពុជាទាំងមូលកំពុងទន្ទឹងរង់ចាំពន្លឺសន្តិភាព និងការវិលត្រឡប់ទៅរកជីវភាពធម្មតាវិញ៕



