ដំណឹងល្អ!ផ្លូវក្រវាត់ព្រំដែនពេលនេះ កសាងសម្រេចបានជិត៩៩ភាគរយ
S
Sreyleak Yith
2 ម៉ោងមុន

អន្តរខេត្ត៖ ការកសាងផ្លូវក្រវាត់ព្រំដែន គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ សម្រេចបានប្រមាណ៩៨,៨៧ភាគរយហើយ។ នេះបើតាមការបញ្ជាក់ពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅរសៀលថ្ងៃទី១៨ ខែសីហា…។

មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន គូសបញ្ជាក់ថា រយៈពេលប្រមាណ២០ខែកន្លងមក ក្រុមការងារបានឈូសព្រៃទទឹង៥ម៉ែត្រ លើដីជាក់ស្តែងបានប្រវែង២៦៤,៤០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង២០ម៉ែត្រ បានប្រវែង២៦៤,៤០គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង បន្ទាបចំណោតភ្នំ ចិតជញ្ជាំងភ្នំ ជីកប្រឡាយបង្ហូរទឹកភ្លៀង និងកសាងតួផ្លូវ សម្រេចបានប្រវែង២៦១,៩០គីឡូម៉ែត និងចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់ បានប្រវែង២៥១,៩០គីឡូម៉ែត្រ។ ជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបានប្រមាណជិត៩០ភាគរយនៃផែនការរួម ដែលមានប្រវែងផ្លូវសរុប២៦៤,៤០ គីឡូម៉ែត្រ។ ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចការសាងសង់ហើយរួចរាល់ រីឯខេត្តរតនគិរី សម្រេចបានជាង៩៧ភាគរយ។

លើសពីនេះ បានឈូសបើកផ្លូវក្នុងទឹកដីកម្ពុជាទៅដល់បង្គោលលេខ០ (តំបន់កន្ទុយនាគ) ជាចំណុចប្រសព្វគ្នានៃព្រំដែនប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម និងបន្តពង្រឹងផ្លូវនេះ ឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ។ មូលនិធិកសាងបន្ថែមថា ចំពោះកិច្ចការរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន រកឃើញគ្រាប់គ្រប់ប្រភេទចំនួន១០៦គ្រាប់, លោហធាតុ១០០៦គីឡូក្រាម ក្នុងនោះ មានគ្រាប់បែកចង្កោមចំនួន៤៣គ្រាប់។ គួរជ្រាបថា ការកសាងផ្លូវក្រវាត់ព្រំដែននេះ ត្រូវបានពលរដ្ឋកម្ពុជាទូទាំងប្រទេស រួមគ្នាបរិច្ចាគប្រាក់តាមលទ្ធភាពរាងៗខ្លួន ដល់មូលនិធិកសាង ដើម្បីចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា កសាងផ្លូវក្រវាត់ព្រំដែនភាគខាងកើតនេះឡើង ដើម្បីជាប្រយោជន៍ជាតិជារួម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត