
រាជធានីភ្នំពេញ៖ គិតត្រឹមបំណាច់ខែមីនា ឆ្នាំ២០២៥ ពោលគឺមានរយៈពេល៥ខែ ផ្លូវក្រវាត់ព្រំដែនក្នុងខេត្តមណ្ឌលគិរី និងរតនគិរី សម្រេចការកសាងបានជិត៤០ភាគរយ…។

ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន (ក.គ.ម) បានឱ្យដឹងថា រយៈពេលប្រមាណ៥ខែកន្លងទៅ គេឈូសព្រៃទទឹង៥ម៉ែត្របានប្រវែង១១០គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង២០ម៉ែត្រ បានប្រវែង១០៣,៨៥គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយបានប្រវែង១០០,៥០ គីឡូម៉ែត្រ, កសាងតួផ្លូវ និងចិតជញ្ជាំងភ្នំ បានប្រវែង៩៩,១០គីឡូមែត្រ និងក្រាលល្បាយ កម្ទេចថ្មសម្រេចជាស្ថាពរប្រវែង៧៥,២០គីឡូម៉ែត្រ។ លទ្ធផលជារួម ការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចការកសាងបានប្រមាណ៣៩,៩២ភាគរយនៃផែនការ។ ក្នុងនោះ ខេត្តមណ្ឌលគិរី កសាងបានប្រវែង៤៤,៩០គីឡូម៉ែត្រ ស្មើ៤២,៤៥ភាគរយ និងខេត្តរតនគិរី បានប្រវែង៣០,៣០គីឡូម៉ែត្រ ស្មើ៣៤,២៦ភាគរយ។

ដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះ អ្នកជំនាញបានរាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន សម្រេចជាស្ថាពរលើផ្ទៃដីទំហំ២ ៧៥២ ៥០០ម៉ែត្រការ៉េ ស្មើ៤៤ភាគរយនៃផ្ទៃដីសរុបដែលគ្រោងរាវរកទំហំ ៦ ២៥០ ០០០ម៉ែត្រការ៉េ។ អាជ្ញាធរបានរកឃើញគ្រាប់គ្រប់ប្រភេទចំនួន៧៩គ្រាប់ ក្នុងនោះរួមមាន៖ គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន៣៥គ្រាប់។ ផ្អែកលើលទ្ធផលសម្រេចបាននេះ ក.ម.គ ប្តេជ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួនកាន់តែសកម្មបន្ថែមទៀត ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែន តាមផែនការដែលបានគ្រោងទុក។

សូមជម្រាបថា ផ្លូវក្រវាត់ព្រំដែនក្នុងខេត្តមណ្ឌលគិរី និងរតនគិរី ប្រវែងសរុប២៥០គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមមូនិធិសរុបជិត២៧លានដុល្លារអាម៉េរិក និងគ្រោងបញ្ចប់ការកាសាងសង់នៅចុងខែមេសា ឆ្នាំ២០២៧៕



