ឧបសគ្គធ្វើផ្លូវព្រំដែន៖ បំផ្ទុះថ្មធំៗ ឡើងភ្នំ កាត់ព្រៃ ឆ្លងស្ទឹង រុករកគ្រាប់បែក...
Mao Sopha
02 វិច្ឆិកា 2024 11:00 AM

រាជធានីភ្នំពេញ៖ មិនដូចការកសាងផ្លូវតាមភូមិស្រុក ឬទីក្រុងឡើយ! ការកសាងផ្លូវតាមព្រំដែន ឬផ្លូវក្រវាត់ព្រំដែន នឹងត្រូវជួបឧបសគ្គច្រើន លើសពីការកសាងផ្លូវទូទៅ។ ក្នុងសន្និសីទកាសែត នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រធាន-អនុប្រធានក្រុមការងារទទួលបន្ទុកកសាងផ្លូវក្រវាត់ព្រំដែន រៀបរាប់ពីឧបសគ្គរាប់ជំពូកក្នុងការកសាងផ្លូវក្រវាត់ព្រំដែន ដែលឆ្លងកាត់ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ អ្នកជំនាញក្នុងក្រុមការងារនេះ ភាគច្រើនគឺមកពីបញ្ជាការដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ។

លោក គឹម ប៊ុនថាន និងលោក ខ្វាន់ ស៊ាម
លោក គឹម ប៊ុនថាន និងលោក ខ្វាន់ ស៊ាម

លោកនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន ប្រធានក្រុមការងារកសាងផ្លូវក្រវាត់ព្រំដែន លើកឡើងថា ឧបសគ្គដែលត្រូវជួបក្នុងការកសាងផ្លូវក្រវាត់ព្រំដែន មានដូចជា ភូមិសាស្រ្តស្មុគស្មាញ ការប្រឈមជំងឺគ្រុនចាញ់ និងសម្បូរទៅដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលក្រុមការងារត្រូវតែប្រយ័ត្នប្រយែងខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់។ បន្ថែមពីនេះ ជួរភ្នំ ដែលបាំងពីមុខ ក៏ជាឧបសគ្គដ៏ធំក្នុងការកសាងផ្លូវក្រវាត់ព្រំដែនដែរ។ លោកប្រធានក្រុមការងារ សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ការកសាងផ្លូវ [ក្រវាត់ព្រំដែន] មិនធ្វើដូចតាមធម្មតា [ដូចផ្លូវទូទៅទេ] គឺត្រូវពុះជ្រែកភ្នំ ត្រូវចាំងភ្នំចាំងអីជាច្រើន»។ 

លោកនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អនុប្រធានក្រុមការងារកសាងផ្លូវក្រវាត់ព្រំដែន និយាយតពីប្រធានខ្លួនថា ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន ជាដំបូង គឺការបោសម្អាតគ្រាប់យុទ្ធភណ្ឌ ព្រោះវាជាឧបសគ្គចម្បងក្នុងការកសាងផ្លូវក្រវាត់ព្រំដែន និងរារាំងដល់ការអភិវឌ្ឍប្រទេស។ លោកបន្ថែមថា ការកសាងផ្លូវក្រវាត់ព្រំដែន នឹងជួបគ្រោះថ្នាក់ជាច្រើនទៀត ដូចជា ត្រូវឆ្លងកាត់តំបន់ព្រៃភ្នំ អូរ ស្ទឹង ជ្រលងឡើងចុះៗ រួមទាំងត្រូវបំបែកថ្មភ្នំទៀតផង។ លោកអះអាងថា ចំពោះខេត្តរតនគិរី ក្រុមការងារ នឹងត្រូវប្រើគ្រាប់រំសេវបំផ្ទុះថ្មតាមជូរភ្នំ ឬលើជូរភ្នំដែលមានប្រវែងដល់ទៅ១៤គីឡូម៉ែត្រឯណោះ ដើម្បីអាចបន្តធ្វើផ្លូវទៅមុខទៀត។ លោកបន្តថា ក្នុងខេត្តមណ្ឌលគិរី ក៏នឹងត្រូវប្រើគ្រាប់រំសេវបំផ្ទុះថ្មតាមជួរភ្នំដែរ គ្រាន់តែមានប្រវែងតិចជាង និងមានលក្ខណៈធូរស្រាងជាងក្នុងខេត្តរតនគិរី។ លោកអនុប្រធានប្រាប់ថា ខេត្តទាំងពីរនេះ មានភូមិសាស្រ្តប្រហាក់ប្រហែលគ្នា គឺសម្បូរព្រៃ ជូរភ្នំខ្ពស់ៗ ថ្ម និងជ្រោះជ្រលងដងអូរជ្រៅៗ។

ផ្អែកតាមលោក ខ្វាន់ ស៊ាម អ្វីដែលលំបាកដែរនោះ គឺការបញ្ជូនគ្រឿងចក្រទៅកាន់ទីតាំងសាងសង់ ដ្បិតសព្វថ្ងៃនេះ មិនទាន់មានផ្លូវដែលអាចឱ្យគ្រឿងចក្រទៅដល់ដោយស្រួលនោះទេ។ លោកលើកឡើងទៀតថា ពេលរដូវភ្លៀងធ្លាក់ ទឹកជន់លិចខ្លាំង ដែលតម្រូវឱ្យក្រុមការងារត្រូវបោះទីតាំងនៅរង់ចាំមួយរយៈសិន រហូតដល់ទឹកស្រក់ ទើបបន្តដំណើរសាងសង់ទៅមុខទៀត ដូច្នេះ ជាហេតុមួយ ដែលអាចធ្វើឱ្យគម្រោងសាង់សង់ផ្លូវក្រវាត់ព្រំដែន អាចនឹងយឺតជាងការគ្រោងទុក។ បរិយាយពីឧបសគ្គទាំងនេះរួចហើយ លោកក៏បង្ហាញការប្តេជ្ញាចិត្តយ៉ាងដូច្នេះថា៖«យើងត្រូវកសាងផ្នូវនេះ ត្រូវពុះពារឧបសគ្គទាំងអស់នេះ»

មិនមែនកសាងតែផ្លូវនោះទេ តែក៏ត្រូវកសាងស្ពានផងដែរ ព្រោះកន្លែងខ្លះត្រូវឆ្លងកាត់អូរ ឬស្ទឹង។ លោកអនុប្រធាន ខ្វាន់ ស៊ាម ប្រាប់ឱ្យដឹងថា មានស្ពានបេតុងដែក២៣កន្លែង ដែលនឹងត្រូវសាងសង់ក្នុងខ្សែផ្លូវក្រវាត់ព្រំដែននេះ។ ចំណែកលោក គឹម ប៊ុនថាន ជាប្រធានក្រុមការងារ អះអាងថា ផ្លូវក្រវាត់ព្រំដែន នឹងត្រូវកសាងឡើងដោយក្រាលល្បាយថ្ម។ 

ក្រុមការងារជំនាញ បានបញ្ចូនគ្រឿងចក្រមួយចំនួនទៅដល់គោលដៅហើយ តាំងពីថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចាប់ផ្តើមការងារកសាងផ្លូវក្រវាត់ព្រំដែនប្រវែង២៥០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តមណ្ឌលគិរីជាង១៤០គីឡូម៉ែត្រ និងឆ្លងកាត់ខេត្តរតនគិរីជាង១០០គីឡូម៉ែត្រ។ ក្រុមការងារកំណត់រយៈពេល២ឆ្នាំកន្លះ គឺនៅពាក់កណ្តាលឆ្នាំ២០២៧ ដើម្បីបញ្ចប់ទាំងស្រុងលើការកសាងផ្លូវក្រវាត់ព្រំដែនឆ្លងកាត់ខេត្តទាំងពីរនេះ។ ថវិកាជិត២៧លានដុល្លារ ដែលបានពីការបរិច្ចាគរបស់ប្រជាជនទូទៅ គឺជាថវិកាមួយផ្នែក ដែលប្រគល់ទៅឱ្យក្រុមការងារ ដើម្បីចំណាយលើការកសាងផ្លូវក្រវាត់ព្រំដែន។

លោក គឹម ប៊ុនថាន ជាប្រធានក្រុមការងារ ផ្តល់ហេតុផលថា ការដែលរាជរដ្ឋាភិបាល ប្រគល់ការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ទៅឱ្យកងទ័ពផ្នែកវិស្វកម្ម ក៏ព្រោះការងារនេះ មានឧបសគ្គច្រើន ហើយម្យ៉ាងទៀត ក៏ព្រោះកងទ័ពផ្នែកវិស្វកម្ម មានបទពិសោធកសាងផ្លូវក្រវាត់ព្រំដែនតាំងពីទសវត្សរ៍៩០មកម្ល៉េះ។ លោកប្រធានក្រុមការងារ បញ្ជាក់ថា ការកសាងផ្លូវក្រវាត់ព្រំដែន គឺជាភារកិច្ចមួយរបស់កងទ័ពផ្នែកវិស្វកម្ម។ លោក ខ្វាន់ ស៊ាម ជាអនុប្រធានក្រុមការងារ ប្រកាសថា ក្រុមការងារ នឹងចំណាយថវិកាដោយតម្លាភាព និងសន្សំចៃ ទៅលើការកសាងផ្លូវក្រវាត់ព្រំដែន។ លោកអនុប្រធាន ថែមទាំងសន្យាថា ក្រុមការងារ នឹងកសាងផ្លូវក្រវាត់ព្រំដែន ឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស មានគុណភាព និងសោភណភាព៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត