
រាជធានីភ្នំពេញ៖ រយៈពេលជាង១ឆ្នាំ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ផ្លូវក្រវាត់ព្រំដែនក្នុងខេត្តមណ្ឌលគិរី និងរតនគិរី សម្រេចការកសាងបានជាង៧០ភាគរយនៃផែនការរួមហើយ…។

ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន (ក.គ.ម) បានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ១៣ខែកន្លងមកនេះ ក្រុមជំនាញបានឈូសព្រៃទទឹង៥ម៉ែត្របានប្រវែងជាង២៤០គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង២០ម៉ែត្រប្រវែងជិត២២០គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយប្រវែង១៨៩គីឡូម៉ែត្រ, ចិតជញ្ជាំងភ្នំ ធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាងនូវទំនប់សុវត្ថិភាព និងកសាងតួផ្លូវសម្រេចបានប្រវែង១៨៩គីឡូម៉ែត្រ និងចាក់ក្រាលល្បាយកម្ទេចថ្ម និងកិនបង្ហាប់បានប្រវែងជាង១២០គីឡូម៉ែត្រ។ ជារួម ក្នុងរយៈពេល១៣ខែកន្លងមកនេះ ដំណើរការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចការកសាងបានប្រមាណ៧២ភាគរយ ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន៩១ភាគរយ ខណៈខេត្តរតនគិរី សម្រេចបាន៥១ភាគរយ។

ដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះ អ្នកជំនាញបានរាវរកគ្រាប់មីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន សម្រេចជាស្ថាពរលើផ្ទៃដីទំហំ៦លាន៤ម៉ឺនម៉ែត្រការ៉េ ស្មើនឹង៩៦ភាគរយនៃផ្ទៃដីសរុប ដែលគ្រោងរាវរកទំហំ៦លាន២៥ម៉ឺនម៉ែត្រការ៉េ រកឃើញគ្រាប់គ្រប់ប្រភេទចំនួន១០៦គ្រាប់, លោហធាតុជាង១ពាន់គីឡូក្រាម ក្នុងនោះរួមមាន គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន៤៣គ្រាប់។ ក្រុមជំនាញ ក៏បានបានកសាងសម្រេចជាស្ថាពរសំណង់សិល្បការ្យជាច្រើន, កសាងបង្គោលស្លាកមូលនិធិបានចំនួន៦កន្លែង, ដាំកូនត្នោតបានជិត១ពាន់ដើម ដែលជាអត្តសញ្ញាណជាតិ តាមបណ្តោយផ្លូវខ្សែក្រវាត់ព្រំដែនទី១ផងដែរ។

ផ្អែកលើលទ្ធផលសម្រេចបាននេះ ក្រុមការងារចំពោះកិច្ច ក.គ.ម ប្តេជ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែន តាមផែនការដែលបានគ្រោងទុក។ ផ្លូវក្រវាត់ព្រំដែនក្នុងខេត្តមណ្ឌលគិរី និងរតនគិរី មានប្រវែងសរុប២៥០គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមមូលនិធិសរុបជិត២៧លានដុល្លារអាម៉េរិក ហើយគ្រោងបញ្ចប់ការសាងសង់នៅចុងខែមេសា ឆ្នាំ២០២៧៕




