ប្រមូលថវិការួច រាជរដ្ឋាភិបាល ចេញបេសកកម្មធ្វើផ្លូវតាមព្រំដែនភ្លាម «គ្រោងបញ្ចប់ត្រឹមឆ្នាំ២០២៧»
Mao Sopha
01 វិច្ឆិកា 2024 02:15 PM

រាជធានីភ្នំពេញ៖ មិនបង្អូសពេលវេលាឡើយ! ក្រោយឈប់ទទួលថវិកាពីមហាជន ក្រុមការងារជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រញាប់ប្រញាល់ចុះទៅតំបន់តាមព្រំដែន ដើម្បីចាប់ផ្តើមបេសកកម្មកសាងផ្លូវក្រវាត់ព្រំដែន។ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» បានបង្ហោះព័ត៌មានថា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ការដ្ឋានកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានចាប់ផ្តើមចល័តគ្រឿងចក្រចូលដល់គោលដៅហើយ ដើម្បីដំណើរសាងសង់ជាផ្លូវការ

ទំព័រហ្វេសប៊ុកផ្លូវការរបស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានឱ្យដឹងថា ផ្លូវក្រវាត់ព្រំដែនដែលនៅសល់ មានប្រវែងប្រមាណ២៥០គីឡូម៉ែត្រ ដោយក្នុងនោះ ប្រវែងជាង១៤០គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងប្រវែងជាង១០០គីឡូម៉ែត្រទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី។ ប្រភពដដែលបញ្ជាក់ថា គម្រោងផ្លូវតាមព្រំដែនប្រមាណ២៥០គីឡូម៉ែត្រនេះ នឹងត្រូវសាងសង់រួចរាល់ទាំងស្រុង ក្នុងរយៈពេល២ឆ្នាំកន្លះ ពោលគឺនៅឆ្នាំ២០២៧

ការចាប់ផ្តើមការងារកសាងផ្លូវតាមព្រំដែន កើតឡើងមិនដល់២៤ម៉ោងនោះទេ បន្ទាប់ពីរាជរដ្ឋាភិបាល ប្រកាសឈប់ទទួលការបរិច្ចាគថវិកាពីសាធារណជន ចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤តទៅ។ ក្នុងរយៈពេលជាង២ខែ គឺចាប់ពីថ្ងៃ២៦សីហា ដល់ថ្ងៃ៣១តុលា ថវិកាសរុប មានជិត២៧លានដុល្លារ ដែលទទួលបានពីការបរិច្ចាគរបស់សាធារណជនជាង៧,២សែននាក់។ ក្នុងពេលជាមួយគ្នានៃការប្រកាសឈប់ទទួលថវិកាពីសាធារណជន សម្តេ​ចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានបង្កើតក្រុមការងារជំនាញមួយ ដើម្បីទទួលបន្ទុកគ្រប់គ្រងថវិកាទាំងនេះ និងទទួលបន្ទុកកសាងផ្លូវតាមព្រំដែន ដោយមាននាយឧត្តមសេនីយ៍ គឹម ប៊ុនថាន ជាប្រធាន៕

រូបពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត