គុនខ្មែរ៖ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ World IPCC Kun Khmer (តេជោសន្តិភាព) កាលពីរាត្រីថ្ងៃព្រហស្បតិ៍ទី០៣ ខែមេសា ឆ្នាំ២០២៥ ពិតជាធ្វើឱ្យអ្នកគាំទ្រនឹកស្មានមិនដល់ ខណៈកីឡាករ ចំរើន គុនខ្មែរ ដែលអ្នកគាំទ្រគ្មានសង្ឃឹមថាអាចនឹងដណ្តើមខ្សែក្រវាត់បាន បែរជាធ្វើឱ្យតៃម៉ូ ហ៊ីសៃ អង្គុយយំស្ទើរមិនគួរឱ្យជឿ...។

ការប្រកួត៥ទល់នឹង៥រវាងកីឡាករកម្ពុជាតំណាង IPCC គុនខ្មែរ ជាមួយកីឡាករជប៉ុនតំណាងស្ថាប័ន Knock Out ក្រុមអត្តពលិកកម្ពុជាបានយកឈ្នះលើក្រុមអត្តពលិកជប៉ុន៥-០ ពោលគឺគ្មានអត្តពលិកជប៉ុនគុនខ្មែរណាម្នាក់ អាចប្រកួតឈ្នះកីឡាករ-កីឡាការិនីកម្ពុជាឡើយ។ គូបើកឆាកអន្តរជាតិដំបូងគេ កីឡាករ គោរមៈ ច័ន្ទរាជ្យ បានយកឈ្នះពិន្ទុលើកីឡាករ ហ៊ីការ៉ា ហ្វូរូម៉ូរ៉ា (HIKARU FURUMURA) លើវិញ្ញាសាគុនខ្មែរ។ កីឡាការិនី ទូច ចាន់វត្តី បានយកឈ្នះពិន្ទុលើកីឡាការិនី ម៉ាគីវ៉ា ស៊ូហ្សូគី (MARIVA SUZUKI) ក្នុងវិញ្ញាសាឃីកបុកស៊ីង (ប្រភេទK1) ខណៈកីឡាករសូត្រ វាសនា ប្រើពេលត្រឹមតែមួយទឹក ផ្តួលកីឡាករ ម៉ាសា សាតូ (MASA SATO) ឱ្យបោះបង់ការប្រកួតត្រឹមទឹកទី១ប៉ុណ្ណោះ។

ឈានមកដល់គូរងឯក កីឡាករ ម៉ឺន មេឃា បានយកឈ្នះពិន្ទុដាច់ភឹងលើកីឡាករ យ៉ូតា ស៊ីជីម៉ូរី (YOTA SHIGEMORI) ដែលព្យាយាមវាយសង្គ្រប់លើកីឡាករកម្ពុជាពេញ៣ទឹក ទាំងដែលទាយាទស្តេចប្រដាល់គុនខ្មែររូបនេះ ក៏ពិបាកក្នុងការផ្តួលកីឡាករជប៉ុនឱ្យដេកដួលលើក្តាតាបពីដែរ។ ឈានដល់ការប្រកួតដណ្តើមខ្សែក្រវាត់ World IPCC Kun Khmer (តេជោសន្តិភាព) រវាងម្ចាស់ខ្សែក្រវាត់ស្ថាប័ន Knock Out ២ខ្សែ និងម្ចាស់ខ្សែក្រវាត់ IPCC Kun Khmer មួយខ្សែផងដែរនោះ កីឡាករ តៃម៉ូ ហ៊ីសៃ (TAIMU HISIA) បានប្រកួតជាមួយកីឡាករកម្ពុជា ចំរើន គុនខ្មែរ យ៉ាងស្វិតស្វាញ ខណៈអ្នកគាំទ្រ និងមហាជនស្ទើរមួយប្រទេសគ្មានសង្ឃឹមថា ចំរើន គុនខ្មែរ អាចយកឈ្នះលើជើងខ្លាំង តៃម៉ូ ហ៊ីសៃ បានទេ។ ប៉ុន្តែអ្វីៗត្រូវបានក្រឡាប់ចក្រ ព្រោះលទ្ធផលនឹកស្មានមិន គឺ កីឡាករ ចំរើន គុនខ្មែរ បានវាយសន្ធាប់តាមរយៈការទាត់ផ្តាច់ជើងក្រោម និងបោះកែងចូលពេញផ្ទៃមុខ ក៏ដូចជាការទប់ស្កាត់ក្បាច់ពិសេសៗរបស់តៃម៉ូបានយ៉ាងងាយស្រួល។

ស្នូរជួងបញ្ចប់ទឹកទី៣បន្លឺឡើង អ្នកគាំទ្រកម្ពុជាភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញកីឡាករ តៃម៉ូ ហ៊ីសៃ មិនអាចធ្វើអ្វីកីឡាករ ចំរើន គុនខ្មែរ បាន និងត្រូវបរាជ័យរបូតខ្សែក្រវាត់ World IPCC Kun Khmer (តេជោសន្តិភាព) ដែលរូបគេស្រមៃចង់បាន ដើម្បីក្លាយខ្លួនជាជើងខ្លាំងលើវិស័យប្រដាល់គុនខ្មែរទាំងនៅប្រទេសកម្ពុជា និងនៅសង្វៀន Knock Out របស់ជប៉ុន ដ្បិតថា ខ្សែក្រវាត់ World IPCC Kun Khmer (តេជោសន្តិភាព) នេះ ជាខ្សែក្រវាត់កម្រិតអន្តរជាតិធំបំផុតរបស់ស្ថាប័ន IPCC Kun Khmer ប្រចាំនៅប្រទេសកម្ពុជា។ ក្រោយចប់ការប្រកួតភ្លាម កីឡាករ តៃម៉ូ ហ៊ីសៃ បានដើរចេញពីសង្វៀនយ៉ាងស្ងៀមស្ងាត់ ទៅសម្ងំអង្គុយយំនៅបន្ទប់ផ្លាស់សម្លៀកបំពាក់ ធ្វើឱ្យអ្នកគាំទ្រកម្ពុជានឹកអាណិតស្រណោះរូបគេជាខ្លាំង។ ទោះជាយ៉ាងណា ដ្បិតថា កីឡាករ តៃម៉ូ ហ៊ីសៃ បានបរាជ័យលើសង្វៀនប្រកួត ប៉ុន្តែរូបគេបានយកឈ្នះចិត្តអ្នកគាំទ្រកម្ពុជាទូទាំងប្រទេស ក្នុងនាមជាកីឡាករអន្តរជាតិជប៉ុនមួយរូប ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន..៕




