
គុនខ្មែរ៖ ការប្រកួតដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោក K-1 Super Featherweight នៅប្រទេសជប៉ុន នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខ កំពុងធ្វើឱ្យអ្នកស្នេហាវិស័យប្រដាល់គុនខ្មែរ បុកពោះជាខ្លាំង ក្រោយឃើញប្រវត្តិប្រកួត និងសមត្ថភាពដ៏គួរឱ្យភ័យខ្លាចរបស់ម្ចាស់ខ្សែក្រវាត់ជនជាតិជប៉ុនរូបនេះ។ អ្នកគាំទ្របានចោទជាសំណួរថា តើ កីឡាករ ធន់ ម៉េងហុង មានសមត្ថភាពគ្រប់គ្រាន់ហើយឬនៅ បានជាសហព័ន្ធសម្រេចចិត្តបញ្ជូនឱ្យទៅប្រកួតដណ្តើមខ្សែក្រវាត់ជាមួយអ្នកលេងដាវសាម៉ូរៃជប៉ុន ដែលមានកម្រិតគុណភាពប្រកួតខ្ពស់ជាងបែបនេះ...? ទន្ទឹមនោះ អ្នកគាំទ្រស្នើឱ្យមានការផ្លាស់ប្ដូរបេក្ខភាព ដែលគួរដាក់ ពេជ្រ សម្បត្តិ ឬកីឡាករគុនខ្មែរជួរមុខផ្សេងទៀត ដែលមានសមត្ថភាពប្រហាក់ប្រហែល...។

កីឡាករ តូម៉ូយ៉ា មានឈ្មោះពេញ Tomoya Yokoyama (横山 朋哉) កើតថ្ងៃទី២០ ខែមីនា ឆ្នាំ២០០០ (អាយុ២៦ឆ្នាំ) នៅទីក្រុងអូតា ខេត្តហ្គុនម៉ា ប្រទេសជប៉ុន (ជាកីឡាករប្រកួតតំណាងឱ្យទីក្រុង និងខេត្តនេះ)។ តូម៉ូយ៉ា មានកម្ពស់១៦៨សង់ទីម៉ែត្រ ទម្ងន់៦០គីឡូក្រាម ប្រកួតក្នុងទម្រង់ និងជំហរ Kickboxing ហ្វឹកហាត់នៅក្លិប Libre Roi ដោយឆ្លងកាត់ការប្រកួតកម្រិតអាជីពចាប់ពីឆ្នាំ២០១៦ដល់បច្ចុប្បន្ន ចំនួន២៨លើក (ឈ្នះ ២៣ដង ផ្តួលគូប្រកួតឱ្យសន្លប់(KO)១២ដង និងចាញ់តែ៥ដងប៉ុណ្ណោះ) ដោយមិនរាប់បញ្ចូលការប្រកួតកម្រិតមិនអាជីពឡើយ។

ប្រវត្តិប្រកួត និងស្នាដៃចម្បងៗរបស់កីឡាករ Tomoya Yokoyama៖ ទី១-កម្រិតពាក់កណ្ដាលអាជីព (Pro-Professional)៖ ឆ្នាំ២០១៥ ឈ្នះជើងឯក All Japan A-League (-58kg) និងឆ្នាំ២០១៧ ទទួលបានជើងឯករង (Runner-up) កម្មវិធី K-1 Koshien (-60kg)។ ទី២-កម្រិតអាជីព (Professional)៖ ឆ្នាំ២០១៦ ឈ្នះជើងឯកពានរង្វាន់កីឡាករវ័យក្មេងឆ្នើម (Rookie of the Year) ស្ថាប័ន J-NETWORK, ឆ្នាំ២០២៤ ដណ្ដើមបានខ្សែក្រវាត់ជើងឯកពិភពលោក Super Featherweight (-60kg) និងពានកីឡាករឆ្នើម (Krush Fighter of the Year) ស្ថាប័ន Krush, ឆ្នាំ២០២៥ ទទួលបានជើងឯករង K-1 Super Featherweight និងឈានដល់ឆ្នាំ២០២៦ គ្រងតំណែងម្ចាស់ខ្សែក្រវាត់ជើងឯកពិភពលោក K-1 Super Featherweight (-60kg)។

ចំណែកក្រឡេកមកមើលសមត្ថភាពកីឡាករគុនខ្មែរ ដែលនឹងចេញទៅប្រកួតដណ្ដើមខ្មែរក្រវាត់ K-1 Super Featherweight ពីកីឡាករ Tomoya Yokoyama វិញ គឺ កីឡាករ ធន់ ម៉េងហុង មានបទពិសោធប្រកួតប្រដាល់គុនខ្មែរអាជីពលើសង្វៀនក្នុងស្រុករយៈពេល៣ឆ្នាំ ទាំងការប្រកួតអាជីព និងមិនអាជីពបានចំនួន៦០ដង, ឈ្នះ៥០, ចាញ់០៥, ស្មើ០៥ និងផ្ដួលដៃគូសន្លប់៣៨ (ស្ថិតិមិនផ្លូវការ ប្រកួតចុងក្រោយនៅហង្សមាស) ដ្បិតសង្វៀនប្រដាល់គុនខ្មែរនៅក្នុងស្រុកគ្មានស្ថិតិស្តង់ដាររួមឡើយ ពោលគឺដាក់តាមតែស្ថានីយរៀងខ្លួនប៉ុណ្ណោះ។ យ៉ាងណ បើយើងប្រៀបធៀបកម្រិតបទពិសោធប្រកួតរបស់អ្នកទាំងពីរ ឃើញថា មានគម្លាតដាច់ឆ្ងាយគ្នា ដោយ ធន់ ម៉េងហុង ប្រកួតច្រើនដងជាង តែប្រកួតញឹកញាប់ពេក និងមានបទពិសោធប្រកួតនៅកម្រិតអន្តរជាតិទាបជាង តូម៉ូយ៉ា ដែលហ្វឹកហាត់បាន១១ឆ្នាំ និងឡើងសង្វៀនកម្រិតពិភពលោកច្រើនជាង។

ចំណែកស្ថិតិ កីឡាករក្របីព្រៃ ពេជ្រ សម្បត្តិ វិញ បទពិសោធប្រកួតអាជីពកម្រិតក្នុងស្រុក និងចេញប្រកួតនៅបរទេសមានរយៈពេល៥ឆ្នាំ និងបានឆ្លងកាត់ការប្រកួតដល់ទៅ១៣៧ដង, ឈ្នះ១២១ដង, ចាញ់១២ដង, ស្មើ០៥ដង និងផ្ដួលដៃគូឱ្យសន្លប់នៅលើសង្វៀន៦៤ដង (ប្រកួតចុងក្រោយនៅបាយ័នឈ្នះកីឡាករជើងខ្លាំងវៀតណាមដោយពិន្ទុដាច់ភឹង)។ យ៉ាងណា កម្រិតបច្ចេកទេស និងបទពិសោធប្រកួតរបស់កីឡាករ ពេជ្រ សម្បត្តិ ឃើញថា មានភាពល្អប្រសើរជាង កិឡាករ ធន់ ម៉េងហុង ឆ្ងាយណាស់ ដូច្នេះ បើកីឡាករ ពេជ្រ សម្បត្តិ ជាបេក្ខភាពដណ្តើមខ្សែក្រវាត់វិញ អ្នកគាំទ្រជឿថា ភាគរយអាចយកឈ្នះលើកីឡាករជប៉ុនអាចមានច្រើន ព្រោះសម្បត្តិ ជាកីឡាករមានភាពស៊ូ តាន់ និងមានកម្លាំងស៊ុហ្វខ្លាំងជាង ម៉េងហុង ទើបធ្វើឱ្យអ្នកគាំទ្រមួយចំនួនធំមានទំនុកចិត្តខ្លាំងជាង ធន់ ម៉េងហុង។

មែនទែនទៅ ការតតាំងនៅលើសង្វៀនអន្តរជាតិកម្រិត K-1 មិនត្រឹមតែទាមទារនូវបច្ចេកទេស និងកម្លាំងថាមពល(ស៊ុហ្វ)ប៉ុណ្ណោះទេ បទពិសោធប្រកួតនៅសង្វៀនក្រៅប្រទេស និងផ្លូវចិត្ត ក៏ជាកត្តាកំណត់ជ័យជម្នះដ៏សំខាន់ផងដែរ។ ទោះបីជាអ្នកគាំទ្រភាគច្រើនយល់ថា ពេជ្រ សម្បត្តិ ជាជម្រើសសមស្របបំផុតដោយសារចំនួនប្រកួតច្រើនសន្ធឹកសន្ធាប់ក៏ដោយ ប៉ុន្តែ ធន់ ម៉េងហុង ក៏ជាកីឡាករវ័យក្មេងដែលមានសមត្ថភាពខ្ពស់ និងមានអាវុធធ្ងន់ ដែលកីឡាករបរទេសមួយចំនួន មិនអាចមើលរំលងបានឡើយ។ ដូច្នេះ យើងរង់ចាំមើលថា បេក្ខភាពតំណាងគុនខ្មែររូបនេះ អាចដណ្តើមបានជ័យជម្នះពីដៃគូខ្លួនបានដែរឬទេ..? ការចេញទៅប្រកួតនៅសង្វៀនអន្តរជាតិដ៏ធំលើកនេះ នឹងក្លាយជាការសាកល្បងសមត្ថភាពមួយរបស់កីឡាករ ធន់ ម៉េងហុង ដើម្បីបង្ហាញឱ្យអ្នកគាំទ្រក្នុងស្រុក រួមទាំងអ្នកប្រយុទ្ធមកពីជុំវិញពិភពលោក បានឃើញពីភាពរឹងមាំនៃអ្នកស្នងមរតកក្បាច់គុនដូចតាខ្មែរ លើឆាកអន្តរជាតិ៕




