គុនខ្មែរ៖ ក្រោយព្យុះព័ត៌មានរិះគន់ និងវាយប្រហាររបស់ក្រុមផ្ទះលេខពីរ លេចត្រដែតលើបណ្តាញផ្សព្វផ្សាយសង្គមយក្សហ្វេសប៊ុករយៈពេល២ថ្ងៃកន្លងមក អ្នកគាំទ្រកម្ពុជាមានចម្ងល់ថា តើការចោទប្រកាន់នោះជាការពិតដែរឬទេ? ពេលនេះ អ្វីៗបានដឹងច្បាស់ហើយ លោក ស្រី ចាន់ថន បញ្ជាក់ថា ខ្សែក្រវាត់ WBC Kun Khmer គឺគ្រាន់តែជាអំណោយរបស់ស្ថាប័ន"WBC"ប៉ុណ្ណោះ...។

នៅវេលាម៉ោង១៧ៈ០០នាទីល្ងាចថ្ងៃពុធទី០២ ខែមេសា ឆ្នាំ២០២៥នេះ លោក ស្រី ចាន់ថន ដែលមានតួនាទីជាអនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិ បានផុសសំណេរជាភាសាខ្មែរ និងបរទេស ដោយភ្ជាប់ជាមួយរូបថតលើកបង្ហាញខ្សែក្រវាត់ WBC Kun Khmer ផងដែរនោះថា៖«វាជាកាតព្វកិច្ចរបស់យើងក្នុងនាមជាអ្នកផ្សព្វផ្សាយព្រឹត្តិការណ៍ប្រដាល់ដ៏អស្ចារ្យ ដែលនឹងបង្ហាញនៅកម្ពុជានៅថ្ងៃទី14 ខែមេសា ដើម្បីបញ្ជាក់ឱ្យច្បាស់ថា ខ្សែក្រវាត់ដែលមានអក្សរគុនខ្មែរ "WBC" គឺជាកាយវិការ និងអំណោយពីប្រធាន WBC សម្រាប់ព្រឹត្តិការណ៍នេះ។ វានឹងត្រូវបានបង្ហាញរួមជាមួយខ្សែក្រវាត់ប្រដាល់ជើងឯកអន្តរជាតិ WBC ដែលនឹងត្រូវប្រកួតដោយ Marlon Tapales និង Joey Canoy។ WBC បានគាំទ្រយ៉ាងខ្លាំងចំពោះការប្រកួតប្រដាល់ដែលប្រព្រឹត្តទៅក្នុងប្រទេសកម្ពុជា ជាមួយនឹងវិធីសាស្ត្រវិជ្ជមានជាជំហានដំបូងជាមួយលទ្ធភាពនៃការសហការគ្នាទៅថ្ងៃអនាគត។»

ភ្លាមៗ...ផេកផ្លូវការរបស់ WBC Asia ក៏បានចូលទៅខម្មិនក្នុងប្រអប់សារ ជាភាសាអង់គ្លេសថា៖«Dear Friends in Cambodia, We appreciate that common sense has now prevailed and you have made a statement using facts. There is no WBC Kun Khmer development. This belt is a ceremonial gift from the WBC President for the promoter only to show at the western boxing event in Cambodia on April 14. We wish you good luck with your event. Team WBC Asia.។ សំណេរភាសាបរទេសខាងលើប្រែសេចក្តីជាខេមរភាសាយ៉ាងដូច្នេះថា៖«បងប្អូនខ្មែរជាទីគោរព! យើងសូមកោតសរសើរដែលថាសុភវិនិច្ឆ័យបានឈ្នះហើយ។ ឥឡូវនេះអ្នកបានធ្វើសេចក្តីថ្លែងការណ៍ដោយប្រើការពិត។ ខ្សែក្រវាត់នេះ ជាអំណោយរបស់ប្រធាន WBC សម្រាប់តែអ្នកផ្សព្វផ្សាយប៉ុណ្ណោះ ដែលបង្ហាញក្នុងកម្មវិធីប្រដាល់លោកខាងលិចនៅកម្ពុជា ថ្ងៃទី១៤ មេសា។ យើងសូមជូនពរឱ្យអ្នកសំណាងល្អជាមួយនឹងព្រឹត្តិការណ៍របស់អ្នក»។

យ៉ាងណា សំណេរជាភាសាខ្មែរ និងបរទេសខាងលើនេះ បាននិងកំពុងចាក់ដោតបេះដូងអ្នកគាំទ្រកម្ពុជាមួយចំនួនធំឱ្យខកចិត្តជាខ្លាំង និងមានអារម្មណ៍សោកសៅ ដ្បិតកាលពី២ថ្ងៃមុនពួកគេបានបង្ហាញភាពសប្បាយរីករាយជាមួយនឹងការដង្ហែរខ្សែក្រវាត់យ៉ាងគគ្រឹកគគ្រេងពេញដងវិថីក្នុងរាជធានីភ្នំពេញ បន្ទាប់ពីការប្រកាសរបស់ លោក ស្រី ចាន់ថន ដែលបានអះអាងថា រូបលោកបានខិតខំជម្នះគ្រប់ឧបសគ្គគ្រប់បែបយ៉ាង ដើម្បីដាក់បញ្ចូលពាក្យគុនខ្មែរទៅក្នុងខ្សែក្រវាត់កម្រិតពិភពលោកមួយនេះ ហើយចុងក្រោយវាបែរក្លាយទៅជាការផ្តល់អំណោយរបស់ប្រធានស្ថាប័ន "WBC" ទៅវិញ ពោលគឺការប្រកាសចុងក្រោយនេះ វាបានផ្ទុយ១៨០ដឺក្រេពីការប្រកាសលើកដំបូង ហើយក៏មិនមែនជាការអនុញ្ញាតឱ្យគុនខ្មែរចូលទៅក្នុងក្រមប្រតិបត្តិរបស់ស្ថាប័ន "WBC"នោះដែរ...៕


