
ក្រុងក្រចេះ៖ ករណីដេញថ្លៃការអភិវឌ្ឍមូលនិធិឃុំកន្ទួត ដែលបានទៅលើក្រុមហ៊ុន វ៉េង លាប ត្រូវបានប្រភពពីមន្ត្រីរដ្ឋបាលឃុំទម្លាយឱ្យដឹងថា អាចជាការគប់គិតគ្នាជាប្រព័ន្ធ លើការដាក់ដេញថ្លៃ ដើម្បីក្រសោបយកថវិកាមូលនិធិឃុំមកហែកចែកគ្នាស៊ី ធ្វើឱ្យគុណភាពផ្លូវថ្នល់នៅអាចនឹងជួបបញ្ហានៅពេលក្រោយ...។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ មានការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន៣ខ្សែ ជាគម្រោងមូលនិធិឃុំកន្ទួត នៃស្រុកចិត្របុរី ខេត្តក្រចេះ។ ក្នុងពេលជាមួយគ្នានោះ មានក្រុមហ៊ុនចំនួន៤ បានចូលរួមដាក់សំណើដេញថ្លៃនៅសាលាឃុំ និងក្រោយមក ក្រុមហ៊ុន វ៉េង លាប ត្រូវបានប្រកាសថាជាអ្នកដេញថ្លៃឈ្នះ ដោយបានដាក់តម្លៃទាបជាងតម្លៃប៉ាន់ស្មានត្រឹមតែ៥លានរៀលប៉ុណ្ណោះ។ ជុំវិញការដេញថ្លៃនេះ មានការលើកឡើងខ្សឹបខ្សៀវគ្នាចេញពីជួររដ្ឋបាលឃុំថា ក្រុមហ៊ុនដែលទទួលបានជ័យលាភី បានលួចទាក់ទងទៅក្រុមហ៊ុនដេញថ្លៃដទៃទៀត ដើម្បីផ្តល់ប្រាក់ភាគលាភចំនួន២លានរៀល ជាថ្នូរនឹងការមិនចូលប្រជែងដេញថ្លៃ ដើម្បីឱ្យក្រុមហ៊ុនខ្លួន មានឱកាសទទួលបានគម្រោង និងរក្សាតម្លៃដេញថ្លៃឱ្យនៅជិតតម្លៃប៉ាន់ស្មាន។

ចំណែកប្រភពព័ត៌មានពីខាងក្រុមហ៊ុនដេញថ្លៃមួយ ក្នុងចំណោមក្រុមហ៊ុនពាក់ព័ន្ធដាក់ពាក្យដេញថ្លៃទាំង៤ បានលួចបង្ហើបប្រាប់ភ្នាក់ងារ SBM News ប្រចាំខេត្តក្រចេះថា នៅពីក្រោយដំណើរការដេញថ្លៃនេះ ពិតជាមានការស្នើសុំឱ្យក្រុមហ៊ុនផ្សេងទៀតមិនចូលរួមប្រកួតប្រជែង ដោយមានការផ្ដល់ប្រាក់ជាថ្នូរនឹងទឹកប្រាក់ទៅតាមទំហំក្រុមហ៊ុនដែលមានសមត្ថភាពតូច និងធំ។ ទោះជាយ៉ាងណា បន្ទាប់ពីមានការចោទប្រកាន់ជុំវិញភាពមិនប្រក្រតីនេះ មានការស្នើសុំពីក្រុមអ្នកដេញថ្លែពិតប្រាកដ ឱ្យមានការស៊ើបអង្កេតពីស្ថាប័នសមត្ថកិច្ចជំនាញ ដើម្បីឱ្យគម្រោងនៃការដាក់ដេញថ្លៃអភិវឌ្ឍមូលនិធិឃុំ-សង្កាត់ មានតម្លាភាព សុក្រិត យុត្តិធម៌ ដែលអាចរក្សាបាននូវគុណភាពផ្លូវថ្នល់ប្រើប្រាស់បានយូរអង្វែង ព្រោះគ្មានអំពើពុករលួយ ដែលជាការកិបកេងថវិកាជាតិ។

ក្រោយដំណើរការដេញថ្លៃបិទបញ្ចប់ មានព័ត៌មានលេចធ្លាយជាបន្តបន្ទាប់ ជុំវិញការបែកធ្លាយអំពីប្រតិបត្តិការផ្ទេរប្រាក់ពីគណនីឈ្មោះ វ៉េង លាប ទៅកាន់បណ្តាក្រុមហ៊ុនដកខ្លួនពីការដេញថ្លៃផ្សេងទៀត ដែលពេលវេលានៃប្រតិបត្តិការនោះ មានភាពស្រដៀងគ្នាទៅនឹងពេលវេលាសាលាឃុំបញ្ចប់ការទទួលសំណើដេញថ្លៃ និងដំណើរការប្រកាសលទ្ធផល។ យ៉ាងណា ក្រោយទទួលដំណឹងនេះ SBM News កាលបីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានទាក់ទងស្នើសុំការបំភ្លឺពីលោក កង ប៊ុនធី មេឃុំកន្ទួត និងជាប្រធានលទ្ធកម្មឃុំ ដើម្បីសុំការបញ្ជាក់អំពីដំណឹង នៃភាពមិនប្រក្រតីលើការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូលនិធិឃុំកន្ទួតនេះ តែលោកបែរឆ្លើយតបថា៖«ប្រសិនបើលោក[សំដៅលើការីនិពន្ធព័ត៌មាន SBM News]មើលឃើញថា ក្រុមហ៊ុនមានបញ្ហា លោកត្រូវដាក់ពាក្យបណ្ដឹងមកសាលាឃុំ ក្នុងរយៈពេល២ថ្ងៃ តែប្រសិនបើផុតរយៈពេលនេះ លោកត្រូវទៅដាក់ពាក្យនៅរដ្ឋបាលខេត្តក្នុងរយៈពេល៥ថ្ងៃ ដើម្បីឱ្យក្រុមការងារខេត្តធ្វើការសួរនាំ និងស៊ើបអង្កេត»។

លោកមេឃុំកន្ទួត ពោលពាក្យបានត្រឹមប៉ុណ្ណឹង ក៏ផ្តាច់ទំនាក់ទំនង។ អង្គភាពសារព័ត៌មាន SBM News មិនយល់ថា ការឆ្លើយបែបនេះរបស់លោកមេឃុំកន្ទួត យល់ពីសំណួរការីនិពន្ធយើងឬយ៉ាងណាទេ បានជាលោកបង្គាប់ឱ្យអ្នកសារព័ត៌មានដាក់ពាក្យបណ្ដឹងទៅសាលាឃុំ ក្នុងរយៈពេល២ថ្ងៃទៅវិញ ចំពោះសំណួរដែលពលរដ្ឋចោទសួរអំពី ករណីនៃភាពមិនប្រក្រតីនៃការដេញថ្លៃ បែរជាលោកមិនឆ្លើយ។ SBM News បន្តទាក់ទងសុំការបំភ្លឺបន្ថែមពី លោក ចេង សុខដុម នាយករងទីចាត់ការវិនិយោគខេត្តក្រចេះ តាមរយៈប្រព័ន្ធតេឡេក្រាមដែរ ប៉ុន្តែលោកចូលមើលសារហើយ មិនមានការឆ្លើយតបឡើយ គិតត្រឹមម៉ោងចេញផ្សាយនេះ។ ចំណែកខាងភាគី ក្រុមហ៊ុន វ៉េង លាប អង្គភាពយើងព្យាយាមទាក់ទងសុំការបំភ្លឺជុំវិញការចោទប្រកាន់ខាងលើ ប៉ុន្តែមិនអាចទាក់ទងបាន៕ រាយការណ៍ដោយ៖ សារី ណែត










