អាជ្ញាធរដុតបំផ្លាញចោលបារីក្លែងក្លាយប្រមាណ៤០០តោន ក្រោយរឹបអូសពីក្រុមឈ្មួញលួចលាក់ផលិតនៅខេត្តត្បូងឃ្មុំ
ហាក់ អ៊ីឌី
4 ម៉ោងមុន

ក្រុងសួង៖ បារីក្លែងក្លាយចម្រុះម៉ាកប្រមាណ៤០០តោន ត្រូវបានសមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តត្បូងឃ្មុំ ដុតបំផ្លាញចោល ក្រោយដកហូតពីទីតាំងលួចលាក់ផលិត និងស្តុកទុកខុសច្បាប់ទ្រង់ទ្រាយធំចំនួន៣កន្លែងផ្សេងគ្នា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ...។

ផ្អែកតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មុនឈានដល់ការដុតបំផ្លាញចោលបារីក្លែងក្លាយទាំងអស់នេះ កាលពីកំលុងខែកុម្ភៈ កម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំសម្របសម្រួលដោយតំណាងអយ្យការខេត្តត្បូងឃ្មុំ បានស្រាវជ្រាវ និងប្រតិបត្តិការបង្ក្រាបនៅទីតាំងរោងចក្រ២កន្លែង និងឃ្លាំងស្តុកមួយកន្លែងទៀត រកឃើញបារីក្លែងម៉ាក និងសម្ភារផលិតបារីក្លែងម៉ាក មានជាង៦០ម៉ាក រួមមាន Marlboro, ESSE, MEVIUS, 555, បារីចិន និងបារីម៉ាកបរទេសជាច្រើន ប្រមាណ៤០០តោន។

យ៉ាងណា ការដុតបំផ្លាញចោលនូវវត្ថុរឹបអូសយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ គឺជាការបញ្ជាក់យ៉ាងច្បាស់ពីចាត់វិធានការក្ដៅ និងជំហរដាច់ខាតរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងលុបបំបាត់រាល់បទល្មើសផលិតផលក្លែងក្លាយគ្រប់ប្រភេទ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានការគាំទ្រ និងសហការពីស្ថាប័នពាក់ព័ន្ធ ថ្នាក់ជាតិ សហគមន៍អន្តរជាតិ និងក្រុមហ៊ុនជាម្ចាស់ម៉ាក សំដៅសម្រេចបាននូវគោលបំណងរួម គឺការលុបបំបាត់ផលិតផលក្លែងក្លាយ ធានាសុខមាលភាពពលរដ្ឋ វិបុលសុខ និងពង្រឹងសេដ្ឋកិច្ចជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត