
រាជធានីភ្នំពេញ៖«រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌលនយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងពង្រឹងតួនាទីជាច្រកទ្វារទេសចរណ៍អន្តរជាតិ និងជាគោលដៅទេសចរណ៍ទីក្រុងដ៏រស់រវើក ដែលរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ទេសចរណ៍ទីក្រុង និងជីវិតសម័យទំនើប»។ នេះជាប្រសាសន៍របស់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត«ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» កាលពីថ្ងៃទី១៧សីហា…។

លោក ហួត ហាក់ បានថ្លែងថា រាជធានីភ្នំពេញ ជាទីតាំងតភ្ជាប់ភ្ញៀវទេសចរទៅកាន់គោលដៅទេសចរណ៍នានា ទូទាំងប្រទេស។ «ភ្នំពេញ» មានអត្តសញ្ញាណ សម្បត្តិវប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ជាពិសេស ផ្លូវថ្មើរជើងចតុមុខ ដែលជាផលិតផលទេសចរណ៍ថ្មីមួយ កំពុងទទួលបានការគាំទ្រ និងជាប់ចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ ដ៏ទាក់ទាញជាបន្តបន្ទាប់។ យ៉ាងណា នៅក្នុងបរិបទដែលមានការប្រកួតប្រជែងទេសចរណ៍ នៅក្នុងតំបន់កាន់តែខ្លាំង និងអាកប្បកិរិយាភ្ញៀវទេសចរកាន់តែផ្លាស់ប្ដូរ កម្ពុជា មិនអាចពឹងផ្អែកតែលើសក្តានុពលដែលមានស្រាប់នោះទេ។ លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា យើងត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ កែលម្អ និងពង្រឹងគុណភាព សេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញ ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាពដល់ភ្ញៀវទេសចរ ដើម្បីធានាថា ភ្នំពេញ អាចឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី និងដើរទាន់យុគសម័យ នៃការប្រកួតប្រជែងជាមួយទីក្រុងទេសចរណ៍សំខាន់ៗក្នុងតំបន់ និងសកលលោកបាន។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ដើម្បីបង្កើនភាពទាក់ទាញ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ រដ្ឋបាលរាជធានី និងភាគីពាក់ព័ន្ធ បានប្រកាសពីផែនការកែលម្អតំបន់ច្រាំងទន្លេនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ ឱ្យក្លាយជាតំបន់ទេសចរណ៍បែបទំនើប បៃតង និងមានបរិស្ថានល្អប្រសើរ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ទន្ទឹមគ្នា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត រួមមាន៖ សួនលំហែកាយសាធារណៈ សម្រាប់ការកម្សាន្តរបស់ប្រជាពលរដ្ឋ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អំណោយផលដល់ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍កីឡាកម្រិតជាតិ និងអន្តរជាតិធំៗ, ការរៀបចំផ្លូវសម្រាប់រថយន្តសាធារណៈ កាត់បន្ថយការកកស្ទះ និងសម្រួលដល់ការធ្វើដំណើររបស់មហាជន, និងការរៀបចំផ្លូវសម្រាប់ការជិះកង់ និងដាក់ឱ្យប្រើប្រាស់កង់អាគុយសាធារណៈ ដើម្បីបង្កើនភាពងាយស្រួលដល់ទេសចរ និងអ្នកដំណើរផងដែរ៕





