
រាជធានីភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មើលឃើញរាជធានីភ្នំពេញ មិនចាញ់ទីក្រុងទំនើបៗនៃប្រទេសរីកចម្រើនដទៃឡើយ។ ក្នុងកិច្ចពិភាក្សាជាមួយប៊ីធីវី (BTV) កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានទាញចំណាប់អារម្មណ៍អ្នកទស្សនាឱ្យមើលការប្រែប្រួលរបស់រាជធានីភ្នំពេញ យ៉ាងដូច្នេះថា៖«ឥឡួវយើងមើលទៅរាជធានីភ្នំពេញរបស់យើង ច្រឡំនឹង[ទីក្រុង]ប្រទេសអភិវឌ្ឍន៍ [ដូច] ហុងកុង សិង្ហបុរី បាងកក... មើលទៅ គឺអត់ដែលមាន»។

របាយការណ៍ស្តីពីចំណាត់ថ្នាក់ទីក្រុងលើពិភពលោក ចេញដោយ Oxford Economics Global Cities Index កាលពីបួនប្រាំខែមុនក្នុងឆ្នាំ២០២៤នេះ បង្ហាញថា ក្នុងចំណោម១០០០ទីក្រុងលើពិភពលោក រាជធានីភ្នំពេញ ស្ថិតនៅលេខរៀង៦៨៧ ដូច្នេះ រាជធានីភ្នំពេញ នៅលើទីក្រុងប្រទេសដទៃចំនួន៦៨៦ និងនៅក្រោមគេ៣១៣។ ប៉ុន្តែបើប្រៀបធៀបជាមួយទីក្រុងសិង្ហបុរី ទីក្រុងហុងកុង និងរាជធានីបាងកក រាជធានីភ្នំពេញស្ថិតនៅលេខរៀងខាងក្រោម ព្រោះសិង្ហបុរីស្ថិតនៅលេខរៀង៤២ ហុងកុងស្ថិតនៅលេខរៀង៧៦ ហើយបាងកកស្ថិតនៅលេខរៀង១៩២។ ការដាក់ចំណាត់ថ្នាក់ខ្ពស់ឬទាបនេះ ដោយផ្អែកតាមការវាយតម្លៃលើចំណុចសំខាន់ៗ៥ រួមមាន៖ សេដ្ឋកិច្ច ធនធានមនុស្ស គុណភាពរស់នៅរបស់ប្រជាជន បរិស្ថាន និងអភិបាលកិច្ច។

មិនខុសពីរាជរដ្ឋាភិបាលឡើយ លោក ប៉ែន បូណា អះអាងថា ការរីកចម្រើនសព្វថ្ងៃនេះ ដោយសារមានសុខសន្តិភាព ដែលមិនអាចប្រកែកបាន។ លោកថែមទាំង អះអាងទៀតថា បច្ចុប្បន្ន ប្រជាជនចង់ធ្វើដំណើរយប់ព្រលប់ថ្មើរណាក៏បាន ដោយគ្មានការព្រួយបារម្ភអ្វីឡើយ។ សម្តីដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលឧស្សាហ៍លើកឡើង ត្រូវលោកលើកយកមកនិយាយថា ក្រោយសម័យខ្មែរក្រហម កម្ពុជាប្រឹងប្រែងអភិវឌ្ឍពីសូន្យ និងពីផេះផង់ឡើងវិញ។ លោកកោតស្ញប់ស្ញែងថ្នាក់ដឹកនាំថា អភិវឌ្ឍប្រទេសបានលឿនមែនទែន ក្នុងរយៈពេលត្រឹម២៥ឆ្នាំ។

ត្រឹម២៥ឆ្នាំ ព្រោះលោកគិតពីឆ្នាំ១៩៩៨ មកដល់ឆ្នាំ២០២៤។ បើទោះរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ក្ដី តែជម្លោះប្រដាប់អាវុធនៅកម្ពុជា បន្តអូសបន្លាយរហូតដល់ចុងឆ្នាំ១៩៩៨ទើបត្រូវបញ្ចប់។ ម្ល៉ោះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ប្រកាសជាផ្លូវការថា កម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ក្នុងកិច្ចពិភាក្សាខាងលើ លោក ប៉ែន បូណា រំលេចពីសម្តីដែលថ្នាក់ដឹកនាំធ្លាប់ប្រើកន្លងមកថា ឆ្នាំ១៩៩៨ គឺជាពេលដែលកម្ពុជាមានសុខសន្តិភាព និងឯកភាពជាតិពេញលេញ ដែលមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំ ដោយគិតពីសម័យក្រោយអង្គរមក៕





