រាជធានីភ្នំពេញ និងរដ្ឋធានីវៀងច័ន្ទ បង្កើតសម្ព័ន្ធមេត្រីភាព ដើម្បីជំរុញកិច្ចសហការលើវិស័យសំខាន់ៗ
S
Soriya Sou
16 កញ្ញា 2025 05:30 AM

រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក អាត់សាផាងថុង ស៊ីផាដុន អភិបាលរដ្ឋធានី​វៀងច័ន្ទ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងជំរុញទំនាក់ទំនងកិច្ចសហការរវាងកម្ពុជា-ឡាវ កាន់តែស្និទ្ធស្នាល និងរឹងមាំ…។

លោក ឃួង ស្រេង និងលោក អាត់សាផាងថុង ស៊ីផាដុន ក្នុងពិធីចុះហត្ថលេខា​លើកិច្ចព្រមព្រៀងបង្កើតចំណងសម្ព័ន្ធមេត្រីភាព។
លោក ឃួង ស្រេង និងលោក អាត់សាផាងថុង ស៊ីផាដុន ក្នុងពិធីចុះហត្ថលេខា​លើកិច្ចព្រមព្រៀងបង្កើតចំណងសម្ព័ន្ធមេត្រីភាព។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាកាលពីរសៀលថ្ងៃទី១៥កញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីបង្កើតចំណងសម្ព័ន្ធមេត្រីភាព កិច្ចព្រមព្រៀងនេះ ក៏ដើម្បីជំរុញឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលមានស្រាប់នៃប្រទេសទាំង២ កម្ពុជា-ឡាវ កាន់តែមានភាពរឹងមាំល្អប្រសើរមួយកម្រិតថែមទៀត។ ពិសេស ជំរុញដល់វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងផ្លាស់ប្ដូរការអប់រំ និងវប្បធម៌ ព្រមទាំងវិស័យផ្សេងៗទៀតសម្រាប់ផលប្រយោជន៍របស់ភាគីទាំងពីរ។ ថ្លែងប្រាប់ លោក អាត់សាផាងថុង ស៊ីផាដុន អភិបាលរដ្ឋធានី​វៀងច័ន្ទ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ​ បញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ បានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីក​ចម្រើន។

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ កាលពីឆ្នាំ២០២៤ រាជធានីភ្នំពេញបានទទួលភ្ញៀវទេសចរប្រមាណ១០លាននាក់ មានការកើនឡើងច្រើនបើធៀបនឹងឆ្នាំ២០២៣ ខណៈផ្លូវថ្មើរជើងចតុមុខ​ មានភ្ញៀវជាតិ-អន្តរជាតិ ដើរកម្សាន្តក្នុងមួយថ្ងៃប្រមាណ៨ទៅ១០ម៉ឺននាក់ ធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២​លើពិភពលោក ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។

សូមជម្រាបថា កិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និង​រដ្ឋធានី​វៀងច័ន្ទ​ នៃសាធារណរដ្ឋប្រជាមានិតឡាវ ធ្លាប់ត្រូវបានចុះហត្ថលេខាម្ដងរួចមកហើយ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤។ យ៉ាងណា ការចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពឡើងវិញនាពេលនេះ ធ្វើឡើងក្រោយទទួលបានគោលការណ៍ឯកភាពពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឆ្លើយតបនឹងភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ និងរដ្ឋធានីវៀងច័ន្ទនាពេលបច្ចុប្បន្ន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត